មួយពព្រិចភ្នែកសោះ ក្រុងព្រះសីហនុក្លាយជាទីក្រុងស៊ីវិល័យ និងរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ
យោងតាមសេចក្តីប្រកាសព័ត៌មានជូនសាធារណជនរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះបានចាត់ទុក «ក្រុងព្រះសីហនុជាទីក្រុងអច្ឆរិយមួយនៅតំបន់ឆ្នេរសមុទ្រដែលមានការអភិវឌ្ឍក្នុងសន្ទុះមួយគួរឲ្យស្ងប់ស្ងែង»។
នៅក្នុងសេចក្ដីប្រកាសបានលើកឡើងថាបាតុភូតនៃការអភិវឌ្ឍដៃគូ កម្ពុជា-ចិន នេះគឺបង្ហាញភាពជាក់ស្តែងនូវជំនឿរបស់អ្នកវិនិយោគជាដៃគូទាំងជាតិ និងអន្តរជាតិដែលគេវាយតម្លៃខ្ពស់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចបន្តពង្រឹងប្រសិទ្ធិភាពដើម្បីសន្តិភាព ស្ថេរភាព បរិយាកាសនយោបាយល្អ និងថាមពលដែលអនុគ្រោះដល់បរិយាកាសបណ្តាក់ទុន និងពាណិជ្ជកម្មសេរី ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថាវឌ្ឍនភាពក្រុងព្រះសីហនុ មិនត្រឹមតែជាមោទនភាពនៃវិបុលភាពរបស់កម្ពុជាដែលជាដៃគូជាមួយចិននោះទេ ក៏ប៉ុន្តែថែមទាំងជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានផងដែរ។ ក្រុងព្រះសីហនុ និងខេត្តព្រះសីហនុ រួមជាមួយនឹងបណ្តាខេត្តនានា នៅតាមឆ្នេរសមុទ្រ គឺជាទិសដៅពិតប្រាកដនៃ “មិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ” រួមជាមួយការរស់នៅដ៏សុខក្សេមក្សាន្ត និងឱកាសរីកចម្រើនដែលជាជម្រើសដ៏ឧត្តុងឧត្តមរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ប្រភពដដែលបញ្ជាក់ទៀតថាមិនត្រឹមតែជាទិសដៅទេសចរណ៍ និងឧស្សាហកម្មផ្សេងៗ ឬកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែការរីកចម្រើននេះបានផ្តល់ឳកាសទីផ្សារថ្មីបន្ថែមទៀតចំពោះកសិករ ពលករ ពាណិជ្ជករ និងសេវាកម្មជាច្រើន និងកើនឡើងបន្ថែមទៀតទាំងបរិមាណ និងគុណភាពនាពេលអនាគតដ៏ខ្លី ។
ទីក្រុងជាប់សមុទ្រក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងក្លាយជាទីក្រុងទំនើបក្នុងវិស័យពាណិជ្ជកម្មហិរញ្ញវត្ថុ និងឧស្សាហកម្មដូចបណ្តាទីក្រុងអន្តរជាតិដទៃទៀតនៅតាមឆ្នេរសមុទ្រដែលនឹងចូលរួមចំណែកសកម្មភាពប្រកបដោយឥទ្ធិពល និងផូរផងនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិក្នុងបរិបទពាណិជ្ជកម្មសេរី និងតម្លៃមនុស្សជាតិ ៕
ដៃគូសហការ៖ realestate.com.kh