សុពលភាពវិញ្ញាបនបត្រ សម្គាល់អចលនទ្រព្យទាំង ៦យ៉ាង ដែលអ្នកគួរតែដឹង
វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ឬប័ណ្ណសម្គាល់អចលនវត្ថុមានសារៈសំខាន់ណាស់ដើម្បីយកមកប្រើប្រាស់ជាមូលដ្ឋានច្បាប់ និងប្រើប្រាស់ជាឯកសារទិញលក់ អចលនទ្រព្យនានា។ ខាងក្រោមនេះជាសុពលភាពវិញ្ញាបនបត្រ សម្គាល់អចលនទ្រព្យទាំង៦យ៉ាងដែលអ្នកគួរតែដឹង។
១. ប័ណ្ណសម្គាល់សិទ្ឋិកាន់កាប់ប្រើប្រាស់ដីធ្លី និងប្លង់ស្លាបមាន់
ប័ណ្ណនេះគឺជាប្លង់បញ្ជាក់ពីការកាន់កាប់ដែលបានផ្តល់ឲ្យប្រជាពលរដ្ឋដំបូងគេ ក្រោយពីសម័យសង្រ្គាម បន្ទាប់ពីការចេញនូវសេចក្តីណែនាំអនុវត្តន៍លេខ០៣សណន ចុះថ្ងៃទី៣ មិថុនា ឆ្នាំ១៩៨៩។ ប័ណ្ណនេះបានចេញឲ្យប្រើប្រាស់នៅចន្លោះឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩៣ ដោយអាជ្ញាធរសូរិយោដីរបស់រដ្ឋកម្ពុជា។ ប័ណ្ណនេះផងដែរគឺនៅមានសុពលភាពអាចកាន់កាប់ប្រើប្រាស់ ចាត់ចែង លក់ដូរ ផ្ទេរកម្មសិទ្ឋបានស្របតាមច្បាប់។
២. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ប្លង់ឬប័ណ្ណនេះគ៏ជាប្លង់បញ្ជាក់ពីសិទ្ឋកាន់កាប់របស់ម្ចាស់ដីធ្លីដែរ ហើយប្លង់នេះភាគច្រើនគេឃើញមានប្រើប្រាស់នៅក្នុងឆ្នាំ១៩៩២ដោយអាជ្ញាធរសូរិយោដីរបស់រដ្ឋកម្ពុជាផងដែរ។ ប្លង់ប្រភេទនេះមិនសូវឃើញប្រើប្រាស់ទេ ហើយប័ណ្ណនេះជាប័ណ្ណមួយប្រភេទប្លង់ឬប័ណ្ណនេះដែរ វាមានចំណងជើងស្រដៀងគ្នានឹងប័ណ្ណ LMap ដែលវាធ្វើឲ្យមានការច្រឡំគ្នា ប្រសិនជាយើងមិនបានឃើញរូបភាព ប៉ុន្តែវាមានលក្ខណៈខុសគ្នាពីប្លង់ LMap ព្រោះប្លង់នេះវាមានទម្រង់ជាប័ណ្ណបញ្ជាក់កម្មសិទ្ឋិកាប់កាប់តែប៉ុណ្ណោះ។
៣. ប័ណ្ណសម្គាល់សិទ្ឋិកាន់កាប់អចលនវត្ថុឬប្លង់ដាច់ដោយដុំ
ប័ណ្ណសម្គាល់សិទ្ឋកាន់កាប់អចលនវត្ថុ ឬប្លង់ដាច់ដោយដុំគឺជាប័ណ្ណបញ្ជាក់ពីសិទ្ឋិកាន់កាប់មួយប្រភេទដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត។ ប្លង់នេះយើងឃើញភាគច្រើនចេញឲ្យប្រើប្រាស់ពីឆ្នាំ១៩៩៨មកដល់បច្ចុប្បន្ន។ ប័ណ្ណឬប្លង់រ៉ឹងប្រភេទនេះ វាកើតចេញពីការស្នើសុំធ្វើ ដោយម្ចាស់កម្មសិទ្ឋ ឯកជនដោយឡែកតែម្នាក់ឯង ដើម្បីយកទៅប្រើប្រាស់ តាមគោលបំណងរៀងៗខ្លួន។ សោហ៊ុយឬការចំណាយក្នុងការធ្វើប្លង់នេះ ជាបន្ទុករបស់ម្ចាស់កម្មសិទ្ឋឯកជន។
៤. វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនឬប័ណ្ណកម្មសិទ្ឋរួម
វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណកម្មសិទ្ឋរួមគឺជាប្រភេទប័ណ្ណកម្មសិទ្ឋថ្មីមួយ ដែលចេញឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១០រហូតមកដល់បច្ចុប្បន្ននេះ។ ប័ណ្ណកម្មសិទ្ឋិនេះគឺជាប្លង់បញ្ជាក់ ពីសិទ្ឋកម្មសិទ្ឋិលើចំណែក ឯកជនរបស់អ្នកស្នាក់នៅលើអគារសហកម្មសិទ្ឋិ (ខុនដូ)។ ប្លង់នេះជាទម្រង់ថ្មីមួយនៃកម្មសិទ្ឋិ ហើយអនុញ្ញាត្តឲ្យជនបរទេសកាន់កាប់អចលនទ្រព្យដោយស្របច្បាប់នៅប្រទេសកម្ពុជាបានចាប់ពីជាន់ទី១ឡើងទៅ។
៥. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬប្លង់រឹង
វាជាប័ណ្ណកម្មសិទ្ឋិពេញលេញ ហើយមានភាពរ៉ឹងមាំផ្នែកផ្លូវច្បាប់ ជាប័ណ្ណផ្សេងទៀតទាំងអស់ និងជាប័ណ្ណកម្មសិទ្ឋិដែលផ្តល់ដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត ដែលផ្តល់ឲ្យប្រជាពលរដ្ឋទាំងអស់ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ប័ណ្ណឬប្លង់នេះ វាជាប័ណ្ណដែលចេញឲ្យប្រើប្រាស់ចុងក្រោយគេបង្អស់ និងទំនើបជាងគេ។
៦. វិញ្ញាបនបត្រសម្គាល់អចលនវត្ថុមានភ្ជាប់ Q Code
នៅថ្ងៃទី១ មករា ឆ្នាំ២០១៩ខាងមុខ រដ្ឋាភិបាលតាមរយៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុថ្មីមួយទៀត ដែលមានដាក់បញ្ចូល Q Code នៅលើសន្លឹកប័ណ្ណជំនួសប្លង់កម្មសិទ្ឋចាស់ទាំងអស់ ដែលបានចេញជាច្រើនដំណាក់កាលនាពេលកន្លងមក៕
ដៃគូសហការ៖ www.realestate.com.kh