រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា កំពង់ផែអន្តរជាតិខេត្តកំពតគឺជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់
ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាពាក់កណ្ដាល ខែមីនានេះ រដ្ឋមន្រ្តីទេសចរណ៍ លោក ថោង ខុន ប្រធានគណៈកម្មការជាតិគ្រប់គ្រងគម្រោង និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានមានប្រសាសន៍ ណែនាំដល់ក្រុមហ៊ុនទទួល ម៉ៅការសាងសង់ និងក្រុមហ៊ុន ប្រឹក្សាការសាងសង់ត្រូវខិតខំពន្លឿនដំណើរការ សាងសង់ ដោយអនុវត្តទៅតាមផែនការសកម្មភាព និង ប្រកបដោយគុណភាពខ្ពស់ ។
លោករដ្ឋមន្ត្រីបានលើកឡើងថាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការធានារ៉ាប់រង និងសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ។
កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១លាននាក់។ កំពង់ផែនេះ មានរចនាសម្ព័ន្ធ តាមស្តង់ដារ អន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។
គួរបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិនេះ បច្ចុប្បន្នសម្រេចបានប្រមាណជាង ២៥% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០១៩ខាងមុខ ស្របពេលនឹងខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រជុំទី២ ។
កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងធ្វើឲ្យកម្ពុជាអាចពង្រីកសក្តានុពលទេសចរណ៍តាមផ្លូវទឹកដ៏សំខាន់មួយទៀតនាពេលអនាគតឆាប់ៗនេះ ព្រោះមិនត្រឹមតែជាការតភ្ជាប់កម្រិតតំបន់នោះទេ តែកំពង់ផែនេះអាចទទួល នាវាទេសចរណ៍ លំដាប់អន្តរជាតិផងដែរតាមរយៈការតភ្ជាប់ ជាមួយកោះភូកុក ឬកោះត្រល់ នៃប្រទេសវៀតណាម និងប្រទេសថៃពិតជាមានសារៈសំខាន់នឹងធ្វើឲ្យកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនថែមទៀត ៕
ដៃគូសហការ៖ realestate.com.kh