ព្រីនស៍រៀលអ៊ីស្ទេត នឹងបន្ថែមទុនវិនិយោគអោយដល់២០ប៊ីលានដុល្លារ រយៈពេល១០ឆ្នាំ ខាងមុខ​



រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ២០ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា លើគម្រោងអចលនទ្រព្យ ជាង៤ប៊ីលានដុល្លារអាមេរិករួចហើយ ។  

បើតាម លោកលី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប   ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីចុះហត្ថលេខា ជាមួយក្រុមហ៊ុនយីហោល្បីៗ ជាច្រើន ដែលនឹងត្រូវបើកដំណើរការហាងនៅក្នុងអគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាអ៊ីនធើណេសិនណលផ្លូវសហព័ន្ធរុស្សី កាលពីព្រឹកថ្ងៃទី២២ មីនា ២០១៩នេះ ថា ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូលជាក្រុមហ៊ុនអន្តរជាតិវិនិយោគ នៅក្នុងប្រទេសកម្ពុជា  ដោយបានវិនិយោគនៅគម្រោងអចលនទ្រព្យធំៗជាច្រើន ជាក់ស្ដែង គម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវ ព្រះនរោត្តម គម្រោងព្រីនស៍ អ៊ីនធើណេតសិនណលផ្លាហ្សានៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងគម្រោងមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុជាដើម ។ 

លោកបញ្ជាក់ថា ៖« ចាប់តាំងពីយើងបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុបជាង៤ប៊ីលានដុល្លារអាមេរិកមកហើយ ហើយយើងនឹងបន្ថែមទុនបន្តទៀត តាមដែលអាចធ្វើបាន »។

លោកបន្តថា ក្រុមហ៊ុននៅតែមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយ ក្នុងស្រុក ។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគអោយបាន២០ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ  ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុង បណ្ដាក់ទុនវិនិយោគបន្ថែម ។ 

លោកបន្ថែមថា រាល់ការវិនិយោគលើគម្រោងនានានៅក្នុងប្រទេសកម្ពុជា របស់ព្រីនស៍រៀលអ៊ីស្ទេត ក៏ទទួលបានជោគជ័យផងដែរ ជាក់ស្ដែងព្រីនស៍ អ៊ីនធើណេតសិនណលផ្លាហ្សា ដែលបានសាងសង់ជាងកន្លះឆ្នាំមកហើយនោះ គឺមានក្រុមហ៊ុននិងហាងជាច្រើនបានចុះហត្ថលេខា ដើម្បីដាក់ទីតាំងនៅក្នុងមជ្ឈមណ្ឌលនោះ នៅពេលសាងសង់ហើយ ជាក់ស្ដែងក្រុមហ៊ុនដែលបានចុះហត្ថលេខា ជាមួយបណ្ដាដៃគូរ៥ ដើម្បីបើកដំណើរការហាងនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ អ៊ីនធើណេតសិនណល ផ្លាហ្សា ។ 

លោកបញ្ជាក់ថា គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប បានរីកដុះដាលនៅរាជធានីភ្នំពេញនិងក្រុងព្រះសីហនុ ហើយទទួលបាននូវសមិទ្ធិផលគួរអោយកត់សម្គាល់ ។ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានទីតាំង នៅកណ្ដាលនៃខណ្ឌធំៗ ចំនួន៣នៅភ្នំពេញ ហើយក៏មានគម្រោងពង្រីកអោយបានគ្រប់ខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញផងដែរ ។ 

បើតាមលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានអោយដឹងផងដែរថា លោកនៅតែមើលឃើញពីឱកាសវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ក៏ប៉ុន្តែ ទន្ទឹមនឹងការវិនិយោគនោះផងដែរ កម្ពុជា ក៏ត្រូវមានធនធានជំនាញៗ ដើម្បីធ្វើកិច្ចការក្នុងវិស័យនេះ ។ លោកថា ៖« ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ត្រូវទាមទារអោយមានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយបើសិនជាអ្នកវិនិយោគដោយមិនមានជំនាញ មិនមានចំណេះដឹង និងបទពិសោធន៍វាពិបាកណាស់ថានឹងមានស្ថេរភាពយូរអង្វែងប៉ុណ្ណានោះ » ៕

X
5s