ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍កាន់តែប្រសើរឡើងក្នុងប្រទេសអាស៊ាន
ស្ថានភាពនៃការកកស្ទះចរាចរណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយន៍ត្រូវបានគេមើលឃើញថា គឺកើតមានឡើងដោយសារកត្តាច្រើនយ៉ាង។ បើទោះណាជាមានប្រទេសក្នុងអាស៊ីអាគ្នេយមួយចំនួនបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗជាច្រើនដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ មានដូចជាប្រទេសវៀតណាមដែលនឹងធ្វើការហាមឃាត់ការជិះម៉ូតូនៅឆ្នាំ ២០៣០ និងសិង្ហបុរីមានគោលការណ៍យកថ្លៃក្នុងការធ្វើដំណើរតាមផ្លួវនានា និងការយកថ្លៃប័ណ្ឌបញ្ចាក់ម្ចាស់កម្មសិទ្ធិមានតម្លៃថ្លៃជាដើម ដើម្បីកាត់បន្ថយចំនួនអ្នកប្រើប្រាស់ឡាន។ តែទោះជាយ៉ាងណាក៏ដោយក៏ស្ថានភាពចរាចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយទាំងនោះនៅតែត្រូវការជំនួយបន្ថែម។
មានក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមអ្នកអភិវឌ្ឍកម្មវិធីជាច្រើនបាននឹងកំពុងព្យាយាមស្វែងរកនូវវិធីសាស្ត្រផ្សេងៗ ដើម្បីជួយផ្ដល់ជាដំណោះស្រាយបន្ថែមទៅដល់រដ្ឋាភិបាលនិងអ្នកបើកបរ។ ការប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយនិងកម្មវិធី Cloud Computing មានកាន់តែច្រើនឡើងៗ ហើយមានបច្ចេកវិទ្យាថ្មីៗត្រូវបានយកមកប្រើប្រាស់ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ។ ហេតុដូចនេះទើបធ្វើឲ្យមានក្រុមហ៊ុនជាច្រើនកំពុងព្យាយាមស្វែងរកនូវបច្ចេកវិទ្យាទាំងនេះដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។
កាលពីខែមករា ប្រទេសម៉ាឡេស៊ី បានក្លាយជាប្រទេសដំបូងគេបន្ទាប់ពីចិន ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យា City Brain Solution របស់ក្រុមហ៊ុន Alibaba ជាប្រព័ន្ធគ្រប់គ្រងចរាចរណ៍មួយដែលប្រើនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធី Cloud Computing ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងនូវតំរូវការដឹកជញ្ជូននៅក្នុងទីក្រុង។ ប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានគេយកមកប្រើប្រាស់ដំបូងនៅទីក្រុង Hangzhou ហើយវាបានជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងប្រទេសចិនបាន ១៥ ភាគរយ។
ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI System) ប្រព័ន្ធ City Brain និងបច្ចេកវិទ្យា Cloud Computing នេះគឺវាមានសមត្ថភាពអាចជួយគ្រប់គ្រងសំរួលការធ្វើដំណើរតាមដងផ្លូវសាធារណៈបានដោយស្វ័យប្រវត្តិ លើសពីនេះទៅទៀត ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទាំងអស់នេះត្រូវបានគេប្រើប្រាស់ដើម្បីផ្ដល់ដំណឹងបន្ទាន់ដូចជាហៅឡានពេទ្យសង្គ្រោះបន្ទាន់ គ្រប់គ្រងបញ្ហាចរាចរណ៍តាមដងផ្លូវ និងគ្រប់គ្រងភ្លើងចរាចរណ៍ដោយស្វ័យប្រវត្តិជាដើម៕
ដោយ៖ វឌ្ឍនា