ពិតជាអស្ចារ្យណាស់! សិស្សវៀតណាមមួយក្រុមអាចផលិតកង់ដែលអាចបន្សុទ្ធខ្យល់កខ្វក់ទៅជាខ្យល់បរិសុទ្ធបាន
សិស្សទាំងបីនាក់ដែលមកពីវិទ្យាល័យ Thang Long Gifted High School ក្នុងទីក្រុង Da Lat បានចំណាយពេលវេលាជាង ៦ ខែលើការធ្វើពិសោធន៍លើបច្ចេកវិទ្យាមួយនេះមុននឹងសម្រេចបានលទ្ធផលចុងក្រោយ។ បច្ចេកវិទ្យាមួយនេះគឺគេប្រើដោយដាក់វានៅលើដៃកង់ដែលមានតម្រងខ្យល់មួយសម្រាប់អោយចរន្តខ្យល់ចូលដើម្បីបន្សុទ្ធខ្យល់និងមានថ្មភ្លើងមួយគ្រាប់។ តម្រងមួយនេះមានស្រទាប់កប្បាសបីស្រទាប់និងក្រណាត់កាបូនសកម្ម (activated carbon fabric) ដែលចាប់យកខ្យល់មកធ្វើការបន្សុទ្ធដោយប្រមូលផ្ដុំធូលីផ្សេងៗ។
តម្រងខ្យល់នោះភ្ជាប់ជាមួយនឹងកង្ហារដែលដាក់ជាប់នឹងសងខាងនៃកង់ខាងមុខ។ រីឯកង្ហារទាំងនោះភ្ជាប់ចរន្តអគ្គិសនីជាមួយនឹង dynamo នៅនឹងកង់។ កង្ហារទាំងនោះផ្លុំខ្យល់បរិសុទ្ធទៅមុខរបស់អ្នកជិះកង់ហើយក៏សាកថ្មភ្លើងនៅក្នុងតម្រងខ្យល់ទាំងនោះផងដែរ។
តាមរយៈការស្រាវជ្រាវបានឲ្យដឹងថាបច្ចេកវិទ្យាមួយនេះអាចការពារធូលីបានរហូតទៅដល់ ៨៦% និងការពារឧស្ម័ននីត្រូសែនអុកស៊ីតបានទៅដល់ ៦៣%។
លោក Pham Gia Sam គ្រូរូបវិទ្យានៅក្នុងសាលាខាងលើ មានការជឿជាក់យ៉ាងខ្លាំងថាលទ្ធផលដែលទទួលបាននោះអាចយកជាផ្លូវការបានដោយសារតែលទ្ធផលដែលបានធ្វើពិសោធន៍នៅតាមតំបន់ផ្សេងៗគ្នាគឺមានលទ្ធផលដូចៗគ្នា។
ចំពោះសិស្សទាំងបីនាក់ដែលបានឈ្នះពានរង្វាន់ចំណាត់ថ្នាក់លេខពីរនៃបច្ចេកវិទ្យានិងវិទ្យាសាស្ត្របានយល់ឃើញពីភាពជោគជ័យរបស់ខ្លួនក្នុងការមានគំនិតច្នៃប្រឌិតខ្ពស់បែបនេះហើយបានប្ដេជ្ញាចិត្តគិតចង់កែលំអបច្ចេកវិទ្យារបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពនិងមានលក្ខណៈសម្បត្តិល្អលើសពីនេះទៅទៀតក្នុងពេលអនាគត។
សិស្សម្នាក់ក្នុងចំណោមសិស្សទាំងបីអ្នកនោះដែលមានឈ្មោះ Cao Thi Khanh Hoa បានបញ្ចេញយោបល់ថាពួកគេកំពុងតែមានគម្រោងចង់បង្កើតបច្ចេកវិទ្យាមួយនេះដែលអាចប្រើការជាមួយនឹងម៉ូតូប្រើចរន្តអគ្គិសនីដែលនេះជាការចូលរួមក្នុងការការពារបរិស្ថាននិងជួយការពារសុខភាពប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះទេ សិស្សទាំងនោះបានឆ្នៃបច្ចេកវិទ្យានេះពីសំណល់ដែលនេះជាវិធីសាស្ត្រមួយដ៍ល្អក្នុងការកាត់បន្ថយសំណល់ក្នុងបរិស្ថានផងដែរ។ របកគំហើញមួយនេះគឺជារឿងដ៍អស្ចារ្យសម្រាប់ប្រជាជនមួយចំនួននៅជុំវិញពិភពលោកក្នុងបណ្ដាប្រទេសនានាដែលកំពុងជួបប្រទះកខ្វក់បរិស្ថានដោយសារតែកត្តាការកើនឡើងនៃរោងចក្រនិងយាន្តជំនិះទាំងឡាយដែលបញ្ចេញឧស្ម័នពុលផ្សេងៗ៕
ដោយ៖ នឿន វណ្ណៈ