Proxy បានចំណាយទឹកប្រាក់ ១៣.៦ លានដុល្លារ​ បង្កើតនូវបច្ចេកវិទ្យាបញ្ជាដោយប៊្លូធូថ្មី​



Proxy  គឺជាកម្មវិធី Server  មួយដែលដើរតួជារនាំងការពារសុវត្តិភាពរបស់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណេត ហើយវាក៍អាចជួយការពារសុវត្តិភាពព័ត៌មានឯកជន និងសុវត្តិភាពលើបណ្ដាញណែតវើក ( Network  Security )  យ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ 

បច្ចុប្បន្នក្រុមហ៊ុន Proxy  បាននឹងកំពុងបោះទុនជាទឹកប្រាក់ចំនួន ១៣.៦ លានដុល្លារ ដើម្បីអភិវឌ្ឍន៍និងបង្កើតនូវបច្ចេកវិទ្យាដែលបញ្ជាដោយប៊្លូធូ (Bluetooth) ដោយវាអាចធ្វើការបញ្ជាបិទបើកទ្វា និងដំណើរការឧបករណ៍គ្រប់ប្រភេទដែលនៅជុំវិញខ្លួនដោយស្វ័យប្រវត្តិ តាមរយៈការកំណត់នូវអត្តសញ្ញាណ និងសញ្ញាផ្សេងៗរបស់អ្នកប្រើប្រាស់ ។

លោក Denis Mars  នាយកប្រតិបត្តិនិងជាសមាជិកម្នាក់ដែលបានបង្កើតឲ្យមានបច្ចេកវិទ្យាប៊្លូធូនេះឡើងបានមានប្រសាសន៍ថា មូលហេតុដែលផ្ដើមឲ្យមាននូវគម្រោងបង្កើតបច្ចេកវិទ្យានេះឡើង គឺដោយសារតែលោកបានមើលឃើញពីបញ្ហាព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ត្រូវបានគេធ្វើឲ្យបែកធ្លាយតាមបណ្ដាញអ៊ីនធឺណេត ព្រមទាំងត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនបានប្រើប្រាស់ព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងនោះដើម្បីទាញយកនូវផលប្រយោជន៍ផ្សេងៗទៅវិញ។  លោកបានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្នព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់តាមបណ្ដាញអ៊ីនធឺណេតត្រូវបានគេតាមដានគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ជាពិសេសការប្រើប្រាស់ឧបករណ៍ផ្សេងៗតាមរយៈបណ្ដាញអ៊ីនធឺណេតវាមានភាពលំបាកដោយត្រូវប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃ និងកម្មវិធីរបស់ទូរស័ព្ទ ដូចនេះការប្រើប្រាស់នូវបច្ចេកវិទ្យាប៊្លូធូនេះគឺមានភាពងាយស្រួល និងផ្ដល់នូវសុវត្តិភាពជាងមុន។

បច្ចេកវិទ្យាប៊្លូធូនេះនឹងត្រូវបានគេប្រើប្រាស់នៅតាមបណ្ដាក្រុមហ៊ុននានា ដើម្បីកំណត់អត្តសញ្ញាណបុគ្គលិកដោយមិនចាំបាច់ប្រើកាតសំគាល់ខ្លួនអ្វីនោះទេ ជាពិសេសវាមានសមត្ថភាពអាចរៀបចំការប្រជុំ និងអាចដំណើរការឧបករណ៍នានាក្នុងបន្ទប់ការិយាល័យបានដោយស្វ័យប្រវត្តិតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប៊្លូធូដើម្បីចាប់យកនូវរលកសញ្ញារបស់អ្នកប្រើប្រាស់ដោយពុំចាំបាច់ប្រើកម្មវិធី ទូរស័ព្ទដៃ ឬឧបករណ៍ជំនួយអ្វីនោះទេ៕

ដោយ៖ វឌ្ឍនា

X
5s