មិនធម្មតា! យុវជនខ្មែរមួយក្រុម
មិនធម្មតា! យុវជនខ្មែរមួយក្រុមនឹងតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ABU Robocon 2019នាប្រទេសម៉ុងហ្គោលី
ម្ចាស់ជើងឯកជ័យលាភីលេខមួយក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៦ ដែលទើបតែបញ្ចប់ទៅនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ បានទៅលើក្រុមនិស្សិតដែលមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលនិងត្រូវធ្វើជាតំណាងសម្រាប់ប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិក្នុងព្រឹត្តិការណ៌ ABU Asia-Pacific Robot Contest 2019 នាប្រទេសម៉ុងហ្គោលី ក្នុងខែសីហាខាងមុខនេះ។
ព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៦ក្នុងឆ្នាំ២០១៩នេះ មានការចូលរួមប្រកួតពីសំណាក់ក្រុមនិស្សិតចំនួន១០ក្រុម មកពី៥វិទ្យាស្ថាន និងសាកលវិទ្យាល័យរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ តម្រូវឲ្យក្រុមនិស្សិតក្នុងមួយក្រុមផលិតរ៉ូបូតចំនួនពីរ គឺទីមួយរ៉ូបូតបញ្ជាដោយដៃ និងមួយទៀតគឺរ៉ូបូតដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ដោយក្នុងនោះគូប្រកួតត្រូវប្រជែងតទល់គ្នាទៅតាមដំណាក់កាលនៃកម្មវិធី ពីវគ្គជម្រុះបឋម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងវិញ្ញាសារ “ការជិះសេះកាន់ស្លាកបញ្ជា”។ បន្ទាប់ពីបញ្ចប់ការប្រកួតចំនួន៣ដំណាក់កាលមក ម្ចាស់ជ័យលេខភីលេខ១និងលេខ២ គឺបានទៅលើក្រុមនិស្សិតដែលមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
ដោយក្នុងនោះដែរក្រុមនិស្សិត NPIC01 ទទួលបានជ័យលាភីលេខ១ទទួលបានប្រាក់រង្វាន់ចំនួន ៦លានរៀន និងប្រាក់លើកទឹកចិត្តបន្ថែមចំនួន២លានរៀលពី ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជ័យលាភីលេខ២គឺក្រុមនិស្សិត NPIC02 ទទួលបានប្រាក់រង្វាន់ចំនួន៣លានរៀល និងប្រាក់លើកទឹកចិត្តពីឯកឧត្តមរដ្ឋមន្ត្រីចំនួន១លានរៀលបន្ថែមទៀត ចំណែកឯជ័យលាភីលេខ៣ដល់លេខ៧ជារង្វាន់កិត្តិយស្ត៕
រូបភាពដោយ៖ ក្រសួងព័ត៌មាន
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន