ម៉េចបានមេ​ក្រុមហ៊ុន Apple លោក​​ Tim Cook ផ្តាំ​មិន​ឲ្យ​​កូន​តូច​ៗ​របស់អ្នក​ប្រើប្រាស់​បណ្ដាញ​​សង្គម?​



លោក Tim Cook មិន​គាំទ្រ​គំនិត​មួយ​ដែល​ឲ្យ​កូន​តូចៗ​របស់​អ្នក​​ប្រើប្រាស់​បណ្ដាញ​សង្គម​នោះ​ឡើយ។ ហេតុ​អ្វី? ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​រៀបចំ​ដោយ​ក្រុមហ៊ុន Apple នៅ​ពេល​កន្លង​ទៅ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំ​ជាងគេ​មួយបំផុត​មួយ​​ក្នុង​លោក​មួយ​នេះ​បាន​អះអាង​ថា មាន​ផល​ប៉ះពាល់​ដែល​មិន​នឹក​ស្មាន​ដល់​ ប្រសិន​បើ​អ្នក​អនុញ្ញាត​ឲ្យ​កូនៗ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

​យោង​តាម​សម្ដី​របស់​លោក Tim Cookលោក​បាន​ថ្លែង​ដូច្នេះ​ថា៖« ខ្ញុំ​អត់​មាន​កូន​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ក្មួយៗ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ដាក់​កំហិត​ពួកគេ​មិន​ឲ្យ​លេង​បណ្ដាញ​សង្គម។ អ៊ីនធឺណែត​ជា​កន្លែង​ដែល​បើកចំហ និង​មាន​អនុភាព​ខ្លាំងក្លា​ណាស់។ ប៉ុន្តែ​វា​ក៏​អាច​ជា​កន្លែង​ដែល​​​បំផ្លាញ​មូលដ្ឋានគ្រឹះ​សីលធម៌​របស់​ពួកគេ​ និង​​ជា​កន្លែង​ដែល​​សាបព្រោះ​​រឿងរ៉ាវ​អវិជ្ជមាន​ផង​ដែរ»

លោក​​មាន​មតិ​ថា​ បណ្ដាញ​សង្គម​បង្កប់​ទៅ​ដោយ​​ព័ត៌មាន​មិន​ល្អ និង​​ភូត​កុហក​ជា​ច្រើន ហើយ​ក្រុមហ៊ុន​ធំៗ ទាំង​នោះ​មាន​ការ​ធ្វេសប្រហែស​ មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោក​បាន​បន្ត​ថា ព័ត៌មាន​ទាំង​នោះ​​បាន​ធ្វើ​ឲ្យ​មនុស្ស​ភ័ន្តច្រឡំ រីក​សាយភាយ​តាម​គ្រប់​រូបភាព និង​មាន​ឥទ្ធិពល​ដល់​ឥរិយាបថ​នៃ​ការគិត​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ។ 

យ៉ាងណាមិញ នៅ​ពេល​មាន​សំនួរ​សួរ​ថា តើ​ដាច់ខាត​មិន​ឲ្យ​ពួកគេ​ប្រើប្រាស់​ឬ​យ៉ាងណា? មហាសេដ្ឋីវ័យ ៥៨​ឆ្នាំ​រួប​នេះ​បាន​ឆ្លើយ​ថា លោក​គ្មាន​ចម្លើយ​នោះ​ឡើយ​សម្រាប់​សំនួរ​មួយ​នេះ។ ប៉ុន្តែ​លោក​ថា លោក​រក​មិន​ឃើញ​​គុណសម្បត្តិ​ដ៏​ច្រើន​​​​ពី​ការ​ប្រើប្រាស់​បណ្តេញ​សង្គម​ដ៏​ច្រើន​លើសលប់​​របស់​ក្មេង​តូចៗ​នោះ​ឡើយ​។

លោក​បាន​ទទួលស្គាល់​ពី​ការ​បង្កើត​  iPad  ដែល​ជា​ឧបករណ៍​ដ៏​ពេញ​និយម និង​ចូលចិត្ត​បំផុត​ពី​​ក្មេងៗ។ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន Apple ​បាន​ចងក្រង​ប្រព័ន្ធ គ្រប់គ្រង​បណ្តើរ និង​ស្រាវជ្រាវ​រកមុខងារ​ថ្មីៗ​បណ្តើរ​ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ក្មេងៗ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​ប្រើប្រាស់​ឧបករណ៍​ទាំង​នេះ​នៅ​ពេល​អនាគត​៕

ប្រភព៖ CNBC ​