ឧកញ៉ា លី ហួរ ៖ ស្ថានភាពវិនិយោគការលើវិស័យអចលនទ្រព្យនៅកម្ពុជានៅតែរក្សាបាននូវកំណើនវិជ្ជមាន
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ អះអាងថា បច្ចុប្បន្ននេះ ស្ថានភាព ទូទៅសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាមានកំណើនល្អ គួបផ្សំជាមួយនឹងស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានលំនឹង ដូច្នេះការធ្វើអាជីវកម្មលើវិស័យសំណង់នៅតែមានតម្រូវការខ្ពស់។
ការថ្លែងរបស់លោកឧកញ៉ា យ៉ាងដូច្នេះក្នុងពិធីក្រុងពាលី បុកគ្រឹះសាងសង់គម្រោងទី១០របស់ខ្លួន គឺគម្រោងបុរី វិមានភ្នំពេញមង្គលឧត្តម លើផ្ទៃដីជាង៥ហិកតា ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី៨ ឧសភា ២០១៩នេះ។
លោកឧកញ៉ាលីហួរ ដែលជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាម្ចាស់បុរីវិមានភ្នំពេញ បានប្រាប់បណ្តាអ្នកសារព័ត៌មានថា មូលហេតុដែលលោកសម្រេចពង្រីកគម្រោងបុរីបន្ថែមនាពេលនេះ គឺ សាងសង់លំនៅឋានថ្មីទី១០ ក្នុងទីតាំងនេះ គឺដោយសារតែលោកមើលឃើញថា បច្ចុប្បន្នវិស័យសំណង់នៅកម្ពុជា មានការរីកលូតលាស់យ៉ាងខ្លាំង មិនថានៅតំបន់ណានោះទេ ពោលគឺនៅជុំវិញរាជធានីភ្នំពេញតែម្ដង។
លោកឧកញ៉ា លី ហួរ បានបន្ថែមទៀតថា ទីតាំងនៃគម្រោងខាងលើនេះ គឺជាទីតាំងល្អសម្រាប់ការរស់នៅ ដោយវាមានបរិកាសល្អ បរិស្ថានល្អ ហើយមានចំងាយត្រឹមតែ២,០០០ម៉ែត្រ ពីផ្សារ Aeon 2 និង ផ្សារ Makro តាមផ្លូវបុរីអង្គរភ្នំពេញ នៅជិតផ្សារក្លិបកីឡា និងសាលារៀន ជាដើម។
បើតាមលោកស្រី ឆាយ ស៊ីណា ប្រធានផ្នែកលក់ និងទីផ្សារ បញ្ជាក់ថា គម្រោងទី១០ របស់វិមានភ្នំពេញនេះ មានផ្ទះវីឡាសរុបចំនួនជាង២០០វីឡា ដែលមានតម្លៃ ចាប់ពី២០០,០០០ដុល្លារ ដល់៨០០,០០០ដុល្លារ។
គួរបញ្ជាក់ថា បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Loft Solution បានរកឃើញថា នៅឆ្នាំ២០៣៥ខាងមុខ ប្រជាជននៅទីក្រុងភ្នំពេញនឹងកើនដល់៤លាននាក់ ដែលនឹងធ្វើឲ្យតម្រូវការនៃការស្នាក់នៅរបស់ពលរដ្ឋក្នុងទីក្រុងក៏បានកំណើនខ្ពស់ផងដែរ៕
ដោយ៖ ស្រីពេជ្រ