តោះទៅស្វែងយល់ពី ប្រវត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិន Huawei
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនទូរគមនាគមន៍ពហុជាតិនិងជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដែលមានទីស្នាក់ការធំនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។
ក្រុមហ៊ុនអេឡិចត្រូនិចយក្យមួយនេះត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩៨៧ ដោយលោក រិន ជឺរហ្វី (Ren Zhengfei) ដែលជាអតីតអនុប្រធាននាយកដ្ឋានវិស្វកម្មកងទ័ពរំដោះប្រជាជន (People’s Liberation Army) ។ លោកបានផ្ដើមក្រុមហ៊ុននេះដោយចំណាយដើមទុនតែជាង ៥០០០ ដុល្លារប៉ុណ្ណោះ ហើយកាលនោះក្រុមហ៊ុនមួយនេះក៍ទទួលបានការជ្រុមជ្រែងនិងការគាំទ្រពីរដ្ឋកាលដែលក្រុមហ៊ុននេះទើបនឹងលេចមុខឡើង។
ប្រភព៖ CNN
ពីដំបូងទី ក្រុមហ៊ុនមួយនេះគឺផ្ដោតលើការផលិតបណ្ដាញសេវាអេឡិចត្រូនិកហើយក្រោយមក ក្រុមហ៊ុន Huawei បានពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីរួមបញ្ចូលការផលិផលបណ្តាញទូរគមនាគមន៍ដែលផ្តល់នូវសេវាកម្មនិងពិគ្រោះប្រតិបត្តិការនិងឧបករណ៍អេឡិចត្រូនិចសម្រាប់សហគ្រាសនៅខាងក្នុងនិងខាងក្រៅប្រទេសចិននិងផលិតឧបករណ៍ទំនាក់ទំនងសម្រាប់ទីផ្សារអ្នកប្រើប្រាស់។ ក្នុងចំណោមបុគ្គលិកជាង ១៧០,០០០ នាក់គឺបុគ្គលិកជាង ៧៦,០០០ នាក់កំពុងបំពេញការងារក្នុងផ្នែកស្រាវជ្រាវនិងការអភិវឌ្ឍ (Research and Development) ដែលមានជាង ២១ នាយកដ្ឋានជុំវិញពិភពលោក។ ហើយក្រុមហ៊ុនយក្យមួយនេះបានចំណាយលុយយ៉ាងក្រាស់លើផ្នែកនេះជារៀងរាល់ឆ្នាំ។ តួរយ៉ាងគឺកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានចំណាយជាង ១៣.៨ ពាន់លានដុល្លារអាមេរិកលើផ្នែកនេះ។
សរុបមកទល់បច្ចុប្បន្នក្រុមហ៊ុន Huawei បានផ្ដល់សេវាកម្មនិងផលិតផលដល់ប្រទេសច្រើនជាង ១៧០ ប្រទេសមកហើយចំនួនប្រជាជនជាងមួយភាគបីលើពិភពលោកកំពុងតែប្រើប្រាស់សេវាកម្មនិងផលិតផលរបស់ក្រុមហ៊ុនចិនមួយនេះ។ អ្វីដែលគួរអោយកោតសរសើរក្រុមហ៊ុននេះគឺកាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Huawei បានទម្លាក់ក្រុមហ៊ុនជើងចាស់ដ៍ល្បីមួយគឺក្រុមហ៊ុន Ericsson ពីដំណែងជាក្រុមហ៊ុនដែលផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតលើពិភពលោក។ ក្រោយមកក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនយក្យមួយនេះកាន់តែថ្លើមធំដោយហ៊ានបណ្ដេញក្រុមហ៊ុនរបស់អាមេរិក Apple ចេញពីដំណែងលេខពីរជាក្រុមហ៊ុនដែលផលិតទូរស័ព្ទច្រើនជាងគេលើពិភពលោកបន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសកូរ៉េ Samsung។
ជាពិសេសផងនោះ ក្រុមហ៊ុនមួយនេះបានទទួលបានប្រាក់ចំណូលជាង ១០៨.៥ ពាន់លានដុល្លារអាមេរិកក្នុងការលក់ទូរស័ព្ទបានជាង ២០០ លានគ្រឿងក្នុងឆ្នាំ ២០១៨ ដែលអត្រាទន្និន័យនេះមានការកើនឡើងជាង ២១ ភាគរយបើធៀបពីឆ្នាំ ២០១៧ មក។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុននេះបានត្រូវបានគេចាត់ទុកជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មល្បឿនអ៊ីនធើណេត 5G ធំជាងគេលើលោក។
មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីចំណុចជោគជ័យរបស់ក្រុមហ៊ុនចិនមួយនេះក៍មានរឿងអាស្រូវមួយចំនួនដែលតាមព្យាបាទក្រុមហ៊ុនមួយនេះតាំងពីក្រុមហ៊ុនមួយនេះចាប់ផ្ដើមមានភាពល្បីល្បាញរីកសុះសាយមក។ តួរយ៉ាងរដ្ឋាភិបាលអាមេរិកនិងប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាចមួយនេះបានធ្វើការចោទប្រកាន់ក្រុមហ៊ុន Huawei ថាបានសហការណ៍ជាមួយរដ្ឋាភិបាលចិនក្នុងការលួចបំពាក់ប្រព័ន្ធស៊ើបការណ៍លើអាមេរិកតាមទ្វារក្រោយ។
ហើយអ្វីដែលកាន់តែយ៉ាប់យ៉ឺនជាងនេះទៅទៀតនោះគឺអាមេរិកបានប្រកាស់ឲ្យប្រជាជនរបស់ខ្លួននិងសមាជិកសម្ព័ន្ធមិត្តរបស់ខ្លូនឲ្យជៀសវាងក្នុងការប្រើប្រាស់សេវាកម្មឬឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យា 5G ថ្មីពីក្រុមហ៊ុនចិនរួមមានទាំងក្រុមហ៊ុន Huawei និង ZTE ។ ប៉ុន្តែក្រុមហ៊ុន Huawei បានធ្វើការបដិសេធទាំងមុខស្ងួតលើការចោទប្រកាន់ខាងលើហើយបកស្រាយថាក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនដែលគ្រប់គ្រងដោយនយោជិកដែលគ្មានការគ្រប់គ្រងឬសហការអ្វីជាមួយរដ្ឋាភិបាលរបស់ចិនឡើយហើយថែមទាំងបើកសិទ្ធិឲ្យរដ្ធាភិបាលអាមេរិកមកធ្វើការត្រួតពិនិត្យក្រុមហ៊ុនរបស់ខ្លួនក្នុងការស្រាវជ្រាវលើការចោទប្រកាន់ខាងលើទៀត។ ប៉ុន្តែរដ្ឋាភិបាលអាមេរិករកមិនឃើញភស្តុតាងដូចអ្វីដែលបានចោទប្រកាន់លើក្រុមហ៊ុនចិនមួយនេះទេ។ ហើយថ្មីៗនេះ ក្រុមហ៊ុន Huawei បានត្រូវរងការប៉ះពាល់ជាខ្លាំងពីឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកដោយអាមេរិកបានតម្លើងពន្ធផលិតផលនាំចូលរបស់ចិនក្នុងអត្រា ២៥ ភាគរយ។
ហើយរឿងដែលគួរអោយសោកស្តាយនិងជារឿងដ៍ធំមួយប្រចាំប្រវត្តិសាស្ត្រក្រុមហ៊ុន Huawei នោះគឺក្រុមហ៊ុនអាមេរិក Google ដែលជាដៃគូសហការសំខាន់របស់ក្រុមហ៊ុនចិននេះដែលធ្លាប់បានផ្ដល់សេវាកម្មប្រព័ន្ធប្រតិបត្តិការណ៍ Android និង Google Play Store បានថ្មីៗនេះបានសម្រេចចិត្តបញ្ចប់ការសហការជាមួយក្រុមហ៊ុន Huawei ដោយគោរពតាមវិធានការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាលត្រាំ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនសំខាន់ៗផ្សេងទៀតមានដូចជាក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Western Digital រួមទាំងក្រុមហ៊ុន Infineon Technologies របស់អាឡឺម៉ង់បានបញ្ចប់ការសហការជាមួយក្រុមហ៊ុនចិនមួយនេះ។ ក្រុមហ៊ុន Huawei អាចនឹងត្រូវប្រឈមមុខនឹងផលលំបាកខ្លះក្នុងការបន្តដំណើរទៅមុខដោយខ្លួនឯងហើយត្រូវចំណាយពេលយ៉ាងយូរដើម្បីផលិតគ្រឿងបច្ចេកវិទ្យានិងដាក់ប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS របស់ខ្លូនអោយដំណើរការបានជោគជ័យដូចសព្វថ្ងៃនេះ៕
ដោយ៖ នឿន វណ្ណៈ