កំហុសធំៗទាំង ៩ ដែលមនុស្សមួយចំនួនមិនបានដឹងពេលចង់លក់ផ្ទះ
យោងតាមភ្នាក់ងារអចលនទ្រព្យបរទេសមួយបានឲ្យដឹងថា មានកំហុសមួយចំនួនដែលតែងកើតមានឡើងពេលអ្នកចង់លក់ផ្ទះ ក្នុងនោះមាន ៩ ចំនុចធំៗដែលគេបានកត់សម្គាល់។ ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញពីកំហុសទាំងនោះ៖
១) ការដាក់តម្លៃខ្ពស់ពេក
ពិតណាស់ការលក់ផ្ទះ លក់អលចនទ្រព្យមិនមែនជាការលក់ទំនិញតូចតាចដែលងាយលក់ ងាយទិញតាមទីផ្សារទេ ក៏មិនមែនចេះតែលក់ក្នុងតម្លៃទាប ឬត្រូវខាតដើមខាតចុងដែរ។ មុនពេលចង់លក់ត្រូវគិតគូជាមុន តែស្របពេលជាមួយគ្នានេះអ្នកក៏មិនត្រូវដាក់តម្លៃខ្ពស់ហួសហេតុពេកដែរ។ យើងត្រូវមើលពីតម្លៃទីផ្សារបច្ចុប្បន្ន មើលតំបន់ មើលទីតាំងថាវាសមល្មមនឹងតម្លៃដែលយើងចង់បាននោះដែរឬទេ?
២) មិនមើលពីបទពិសោធន៍នៃការបរាជ័យដែលអ្នកផ្សេងធ្លាប់ជួប
មេរៀនដែលល្អបំផុតក្នុងការធ្វើអ្វីមួយគឺរៀនពីចំនុចបរាជ័យរបស់ខ្លួនផ្ទាល់ ដ៏ដូចជាបរាជ័យរបស់អ្នកដទៃ។ ចង់លក់ផ្ទះមួយក៏ដូចគ្នា ត្រូវមើលថាអ្នកណាដែលធ្លាប់បរាជ័យក្នុងាការដាក់លក់ មូលហេតុអ្វីដែលនាំឲ្យគេបរាជ័យ។
៣) មិនខ្វល់ពីទីផ្សារ
បើអ្នកបរាជ័យមិនខុសទេថាវាជាកំហុសរបស់អ្នក ព្រោះអ្នកមិនអើពើពីតម្លៃទីផ្សារ មិនខ្វល់ពីអ្វីដែលជាតម្រូវការបច្ចុប្បន្នរបស់ទីផ្សារ។
៤) មិនជ្រើសរើសភ្នាក់ងារត្រឹមត្រូវ
ភ្នាក់ងារអចលនទ្រព្យជាអ្នកជួយសម្របសម្រួលដល់ការទិញ-លក់របស់យើង តែការដែលជ្រើសរើសភ្នាក់ងារមិនត្រឹមត្រូវក៏នាំឲ្យការលក់ដូររបស់យើងទទួលរងការខាតបង់ដូចគ្នា។
៥) ការលក់ដោយមិនពឹងពាក់ភ្នាក់ងារសោះ
ជាក់ណាស់ថាការទិញ-លក់អចលនទ្រព្យតាមភ្នាក់ងារ វាត្រូវចំណាយច្រើនជាងការទិញ-លក់ដោយផ្ទាល់ តែទោះជាយ៉ាងណាក៏ដោយភ្នាក់ងារអចលនទ្រព្យជាអ្នកដែលមានជំនាញ បើយើងទិញ-លក់តាមភ្នាក់ងារវាអាចចៀសវាងហានិភ័យបាន។
៦) ការតុបតែងដេគ័រដែលមានភាពជាក់លាក់ពេក
កំហុសអ្នកលក់គឺ នៅពេលដែលអ្នកទិញមិនពេញចិត្តចំពោះបរិក្ខារក្នុងផ្ទះដូចជាគ្រឿងសង្ហារឹម ការរចនាផ្ទះបាយជាដើម តែអ្នកមិនព្រមធ្វើការកែតម្រូវក្នុងលក្ខខណ្ឌចរចាគ្នា នោះជាហេតុនាំឲ្យអ្នកបរាជ័យក្នុងការលក់ផ្ទះរបស់អ្នក។
៧) មិនបានចុះបញ្ជី ឬការសាងសង់មិនបានគោរពច្បាប់ត្រឹមត្រូវ
វាមានន័យថាសំណង់របស់អ្នកខុសច្បាប់ គ្មាននរណាចង់ទិញផ្ទះដែលគ្មានច្បាប់អនុញ្ញាតទេ ព្រោះគេមិនដឹងថាអ្នកលួចកម្មសិទ្ធិអ្នកដទៃ ឬអ្នករំលោភសិទ្ធិនរណាដើម្បីយកផ្ទះមកលក់នោះទេ។
៨) ផ្ទះដែលស្ទើរតែគ្មានភាពស្រស់ស្អាត
អ្នកខ្លះគិតថាជ្រុលជាលក់ទៅហើយ កុំចំណាយលុយរៀបចំ ចំណាយកម្លាំងនាំតែហត់នាំតែខាតធ្វើអី តែនេះជាកំហុសដ៏ធំនាំមកនូវភាពខាតបង់។
៩) ផ្ទះដែលមិនបានរៀបចំ
មិនមែនឲ្យរៀបចំស្អាតដូចរាជវាំងទេ តែការរៀបចំឲ្យមានសណ្តាប់ធ្នាប់ជាអ្វីដែលអ្នកត្រូវធ្វើ។ ការដែលទុកដាក់សំភារៈតាមរបៀបរៀបរយ រៀបចំឲ្យមាននូវបរិយាកាសគួរឲ្យចង់រស់នៅជាផ្នែកមួយទាក់ចិត្តអ្នកទិញបាន៕
ដោយ៖ យ៉ាយ៉ា