តើអ្នកគួរទិញផ្ទះក្នុងគម្រោងបុរី ឬទិញខុនដូ?​



ប្រជាជនខ្មែរភាគច្រើនបានពេញចិត្ត និងជ្រើសយកការរស់នៅក្នុងគម្រោងបុរី ដូចជា ផ្ទះល្វែង វីឡាកូនកាត់ ឬផ្ទះអាជីវកម្មជាដើម។ និន្នាការនេះនៅកំពុងបន្តយ៉ាងរឹងមាំក្នុងបរិបទ ទីផ្សារលំនៅដ្ឋានកម្ពុជា។ ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ ខុនដូ ដែលជាបរិបទថ្មីមួយទៀតបានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក ពិសេសមនុស្ស​វ័យក្មេង។

តាមពិតទៅ លំនោដ្ឋានទាំងពីរនេះ មានលក្ខណៈពិសេសដូចគ្នា និងផ្តល់នូវលក្ខណៈងាយស្រួល ក្នុងការរស់នៅដូចគ្នា ប៉ុន្តែវាមានលក្ខណៈដាច់ដោយឡែកពីគ្នា ត្រង់ចំណុចពិសេសមួយចំនួនដូចជា៖​ ទីតាំង កម្មសិទ្ធិកាន់កាប់ តម្លៃ សេវាកម្ម​ ការចំណាយបន្ថែមផ្សេងៗ ជាដើម។

ទាំងនេះជាអ្វី ដែលអ្នកទិញខ្លួនឯងត្រូវតែដឹងជាមុន និងត្រូវមានភាពរួចរាល់មុននឹងទិញលំនៅដ្ឋានណាមួយ!  

ខាងក្រោមជាចំណុច មួយចំនួនចំណុចពិសេស និងលក្ខណដោយឡែកពីគ្នានៃបុរី និងខុនដូ៖

ទីតាំង៖

សម្រាប់បុរី នៅពេលបច្ចុប្បន្ននេះ ការសាងសង់បុរី (ផ្ទះល្វែង) ភាគច្រើនមានទីតាំងនៅ ជាយក្រុង ឬនៅក្រៅក្រុង។ ភាគច្រើននៃបុរីនៅជាយក្រុងមានភាពស្ងប់ស្ងាត់ កន្លែងមិនសូវចង្អៀត មានលក្ខណៈធម្មជាតិ ជាមួយសួនច្បារ ឬតំបន់បៃតង។ ជាពិសេស​ អ្នកអាចគេចចេញពីការកកស្ទះចរចរណ៍នៅក្នុងក្រុង។ ប៉ុន្តែបញ្ហាមួយត្រង់ថា អ្នកទិញរស់នៅឆ្ងាយពីតំបន់កណ្តាលក្រុងបន្តិច ហើយអ្នកត្រូវធ្វើដំណើរយូរ​បន្តិច ប្រសិនបើអ្នកធ្វើការនៅកណ្តាលក្នុងក្រុង សាលារៀននៅក្នុងក្រុង ឬត្រូវការការលម្ហែនៅក្នុងតំបន់កណ្តាលក្រុង។

រីឯខុនដូវិញ ស្ទើរតែគ្រប់គម្រោងខុនដូគឺមានទីតាំងនៅតំបន់ក្រុង និងតំបន់កណ្តាលក្រុង ដែលនេះបានឆ្លើយតបទៅនឹងអ្វីដែលអ្នកទិញភាគច្រើនចង់បាន។​ ជាទូទៅទីតាំងខុនដូ នៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ និងស្ថាបនឯកជន និងតំបន់សេវាកម្មចម្រុះផ្សេងៗទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា យូនីតខុនដូរបស់មិនមានទំហំធំ​ដូចជាផ្ទះផ្ទះក្នុងបុរីទេ។ ​

កម្មសិទ្ធិកាន់កាប់៖

បុរីជាអចលនទ្រព្យតាំងជាប់ដីដោយផ្ទាល់ វាមានប្លង់រឹងដាច់ពីគ្នា រវាងអចលនទ្រព្យមួយទៅមួយទៀតផ្សេងទៀត។​​

ចំណែកខុនដូវិញ ជាប្រភេទអចលនទ្រព្យប្លង់រួម (អគារសហកម្មសិទ្ធិ) ដែលមានន័យថា អ្នកទិញ អាចកាន់កាន់លើអចលនទ្រព្យរបស់ខ្លួនរៀងខ្លួនបាន (ចំណែកឯកជន) តែមិនមានឈ្មោះដាច់តែឯងលើអគារទាំងមូលនោះទេ (ចំណែករួម)។ នេះបើតាមមាត្រា ៤ នៃច្បាប់គ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ។ 

តម្លៃ៖

បុរីតម្លៃសមរម្យបានកំពុងរីកដុះដាលយ៉ាងខ្លាំង នៅពេលបច្ចុប្បន្ន ហើយផ្ទះល្វែងក្នុងបុរីអាចមានចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ ដូចជាគម្រោង បុរី វីអាយភី បុរីប៊ុន ជេស្ឋ បុរីរតនៈភ្នំពេញជាដើម។ គេមើលឃើញថា ដោយសារការផែនការពង្រីកក្រុងកំពុងដំណើរការយ៉ាងល្អ ដូច្នេះ ការអភិវឌ្ឍវិស័យលំនៅដ្ឋានបែបបុរីបានរីកលូតលាស់ខ្លាំង ដែលធ្វើឲ្យមានការកើនឡើងតម្លៃ គួរឲ្យកត់សម្គាល់។​

ម្យ៉ាងវិញទៀត យើងសង្កេតឃើញថាបុរីផ្ទះល្វែង ដែលសង់រួចមានអ្នករស់នៅ តែងតែជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជាផ្សារទំនិញ ឬសូម្បីតែផ្សារទំនើបផងដែរ។ ដូចនេះ វាអាចជាកត្តាមួយ អ្នកគួរទិញបុរី។​

បើនិយាយពីខុនដូ ខុនដូអាចមានតម្លៃចាប់ពីជាង ៣ ម៉ឺន ដុល្លារ​ តួយ៉ាងដូចជាគម្រោង​ New Land mark និងគម្រោង 88 Residence ជាដើម។

សេវាកម្ម៖

ការរស់នៅក្នុងគម្រោងបុរី អ្នកអាចទទួលបានសេវាកម្មមួយចំនួន ដូចជា កន្លែងកំសាន្ត សួនច្បារ … ប៉ុន្តែបុរីខ្នាតតូច ឬបុរីតម្លៃទាបគឺមិនផ្តល់ជូនសេវាកម្មទាំងនេះទេ។​ ចំណុច នេះជាអ្វីដែលធ្វើឲ្យការរស់នៅក្នុងខុនដូ ហាក់មានភាពលេចធ្លោ និងភាពស៊ីវីល័យជាង។ ខុនដូមានសេវាកម្មដូចជា៖ ហាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងលម្ហែលើដំបូល ក្លឹប និងសេវាគ្រប់គ្រងអចលនទ្រព្យ រួមជាមួយសេវាផ្សេងៗទៀត។

ការចំណាយបន្ថែម៖

បុរីមានភាពសមញ្ញជាងខុនដូ។ ដូចនេះ ការចំណាយទូទៅប្រចាំខែលើវាកម្មនានារបស់បុរីក៏អស់តិចជាងខុនដូដែរ។ ការចំណាយក្នុងខុនដូ អាចមានដូចជា៖ ថ្លៃសំអាត ថ្លៃភ្លើង ថ្លៃអ៊ីធើណិត ថ្លៃសន្តិសុខ ថ្លៃចំណតរថយន្ត ថ្លៃសម្រាម និងរួមទាំងថ្លៃសេវាកម្មប្រចាំថ្ងៃ។ ប៉ុន្តែសូមចងចាំថាកញ្ចប់សេវាកម្មខ្លះត្រូវបានដាក់បញ្ចូលក្នុងសេវាកម្មជាកញ្ចប់រួចហើយ។

សរុបមក ការទិញផ្ទះក្នុងបុរី ឬខុនដូសុទ្ធតែជាការវិនិយោគដ៏ឆ្លាតវៃ។ ប៉ុន្តែវាក៏ទាមទារឲ្យអ្នកទិញខ្លួនឯង​ត្រូវស្វែងយល់ពីតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដើម្បីជៀសវាងពីហានិភ័យណាមួយ។ ជាការណែនាំប្រសិនបើអ្នកមានភាពក្មេងខ្ចីក្នុងវិស័យនេះ អ្នកអាចស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញជាមុនសិន៕

ដៃគូសហការ៖ www.realestate.com.kh