ហេតុផលទាំង ៩ ដែលនាំឲ្យអ្នកចំណាយពេលច្រើនដើម្បីទទួលជោគជ័យ
មានមនុស្សច្រើនណាស់នៅក្នុងសង្គមចំណាយពេលសម្រាប់ជីវិតច្រើន ហើយគ្មានបានលទ្ធផលត្រលប់មកវិញគួរជាទីគាប់ចិត្តសោះ។ គ្មានទេមនុស្សដែលស្គាល់តែរឿងជោគជ័យ មិនស្គាល់ភាពបរាជ័យ ហើយក៏គ្មាននរណាម្នាក់ដែលមិនអាចស្វែងរកជោគជ័យក្នុងជីវិតដែរ។ ជីវិតមានឡើងមានចុះ ម្នាក់ៗគឺតែងទទួលបានរឿងជោគជ័យ និងបរាជ័យចៀសមិនផុត ហើយវាក៏ជាមេរៀនជីវិតដ៏ល្អគ្មានប្រៀបហើយក៏គ្មានសាលាណាអាចបង្រៀនវាដល់អ្នកដែរ។
តែយើងសង្កេតមើលថា មនុស្សមួយចំនួនទទួលបានលទ្ធផលជោគជ័យយ៉ាងឆាប់រហ័សក្នុងការងារមួយបន្ទាប់ពីបរាជ័យ ខណៈដែលមនុស្សមួយចំនួនផ្សេងទៀតនៅបន្តត្រាំត្រែងនឹងភាពបរាជ័យរយៈពេលយូរ។ ខាងក្រោមជាហេតុផលដែលអាចឲ្យអ្នកដឹងថាមកពីហេតុអ្វី៖
១) អាចមកពីអ្នកបរាជ័យមិនទាន់គ្រប់គ្រាន់
យើងដឹងហើយថាបរាជ័យមិនមែនជារឿងអាក្រក់ទេ វាគ្រាន់តែធ្វើឲ្យអ្នកខូចចិត្តបន្តិចតែវាបានធ្វើឲ្យអ្នករឹងមាំ ដូច្នេះកុំខ្លាចភាពបរាជ័យពេលដួលអ្នកត្រូវក្រោកឈរឡើងវិញហើយបន្តដំណើរទៅមុខដោយខ្លួនឯងជាមួយពាក្យលើកទឹកចិត្តខ្លួនឯង។
២) វាគ្មានផ្លូវកាត់ដើម្បីឲ្យអ្នកបានដើរទៅដល់ភាពជោគជ័យ
វាសនាមនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ពេលវេលាដែលមនុស្សម្នាក់ជោគជ័យ មិនប្រាកដថាជាពេលដែលយើងអាចជោគជ័យដូចគេបានទេ។ ការខិតខំប្រឹងប្រែងក៏វាពឹងមួយផ្នែកលើព្រេងសំណាងដែរ បើពេលមិនទាន់ដល់កុំទាន់អន្ទះសារ ហើយព្យាយាមធ្វើអ្វីដែលល្អឲ្យអស់ពីលទ្ធភាពជារឿងល្អបំផុត។
៣) ពេលវេលាផ្ទាល់ខ្លួន
ត្រូវចាំថាមនុស្សម្នាក់ៗ មានការបែងចែកពេលវេលាសម្រាប់ខ្លួនខុសៗគ្នា អ្នកមិនអាចគំនត់ពេលវេលាឲ្យដូចនរណាម្នាក់បានទេ។ ទោះបីអ្នកខំធ្វើអ្វីឲ្យដូចអ្នកដទៃក៏មិនប្រាកដថាអ្នកអាចបានជោគជ័យដូចអ្នកដទៃបានដែរ។
៤) អ្នកកំពុងភ្លេចពីការបាត់បង់ ពិសេសទំនុកចិត្ត
ម្នាក់ៗគិតថា បរាជ័យជារឿងគួរឲ្យខ្លាចតែអ្នកមិនបានគិតពីរឿងបាត់បង់ អ្នកភ្លេចគិតថាវាគួរឲ្យខ្លាចកម្រិតណា។ ពេលអ្នកបរាជ័យអ្នកអាចចាប់ផ្តើមធ្វើរឿងរ៉ាវទាំងនោះឡើងវិញម្តងទៀតបាន ជួនកាលវាអាចនឹងល្អជាងមុនទៀត តែនៅពេលដែលអ្នកបាត់បង់ពិសេសទំនុកចិត្តលើគឺអ្នកនឹងបាត់បង់អ្វីៗទាំងអស់។
៥) អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពអវិជ្ជមាន
ពេលអ្នកកំពុងនៅក្នុងស្ថានភាពអវិជ្ជមានអ្នកមិនអាចគិតឃើញរឿងល្អបានទេ វាហ៊ុមព័ទ្ធខ្លួនអ្នកដោយភាពអវិជ្ជមានដូចស្ថានភាពនោះដែរ ហើយវាចងអ្នកផ្អោបជាប់នឹងសំណាញ់នៃភាពបរាជ័យមិនអាចឈោងចាប់ភាពជោគជ័យបានទេ។
៦) អ្នកមិនបានសំឡឹងមើលគោលដៅអ្នកឲ្យបានជាក់លាក់
អ្នកគ្មានថ្ងៃបានជោគជ័យទេ បើអ្នកកំពុងដើរនៅលើផ្លូវមួយតែមិនព្រមមើលទៅគោលដៅជីវិត ឬគោលដៅនៃក្តីស្រមៃរបស់អ្នកនោះ មិនថាចំណាយពេលយូរប៉ុណ្ណាគឺអ្នកស្គាល់តែរឿងបរាជ័យប៉ុណ្ណោះ។
៧) អ្នកផ្តោតលើបញ្ហារបស់អ្នកខ្លាំងពេក
បញ្ហាជារឿងដែលត្រូវដោះស្រាយ តែមិនមែនឲ្យអ្នកផ្កាប់មុខគិតតែពីរឿងបញ្ហាគ្រប់ពេលទោះគិតមិនចេញ ដោះស្រាយមិនបានក៏នៅតែបន្តគិត តែអ្នកបានត្រឹមគិតមិនព្រមស្វែងរកដំណោះស្រាយឡើយ។ អ្នកខ្លះបញ្ហាដែលបានកើតឡើងរួចហើយ ហើយក៏មិនមានប៉ះពាល់ដល់បច្ចុប្បន្ននិងអនាគតទេតែម្នាក់នោះនៅតែយករឿងរ៉ាវទាំងនោះមកបង្កជាបញ្ហាដាក់ខ្លួនទៀត។
៨) អ្នកកំណត់គោលដៅមិនពិតមួយសម្រាប់ខ្លួនឯង
បើចង់បានជោគជ័យ អ្នកត្រូវមានគោលដៅពិតប្រាកដមួយសម្រាប់ខ្លួនព្រោះវាមិនមែនជារឿងលេងសើចឡើយ។ ការកំណត់គោលដៅសម្រាប់ជីវិតគឺសំខាន់បំផុត។
៩) អ្នកអាចនឹងកំពុងអស់សង្ឃឹម
ពេលអ្នកអស់សង្ឃឹម មិនថាការងារតូច ឬបញ្ហាតូចប៉ុណ្ណាទេគឺអ្នកមិនអាចសម្រេចវាបានឡើយ ព្រោះវាបានសម្លាប់ទឹកចិត្តនៃការខិតខំប្រឹងប្រែងរបស់អ្នកអស់ទៅហើយ។ បើអ្នកចងជោគជ័យអ្នកត្រូវផ្តល់ក្តីសង្ឃឹមឲ្យខ្លួនឯង និយាយលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ហើយព្យាយាមធ្វើការងារនោះឲ្យអស់ពីលទ្ធភាព៕
ដោយ៖ យ៉ាយ៉ា