Facebook កំពុងចំណាយលុយយ៉ាងច្រើនក្នុងការបង្កើតឧបករណ៍ដែលអាចអានរំញោចខួរក្បាលហើយបកស្រាយជាអក្សរបាន​



នៅឆ្នាំ ២០១៧ Facebook បានប្រកាសថាខ្លួនចង់បង្កើតឧបករណ៍ខ្សែពាក់នឹងក្បាលដែលអាចឱ្យមនុស្សវាយអក្សរក្នុងល្បឿនលឿន ១០០ ពាក្យក្នុងមួយនាទីដោយគ្រាន់តែប្រើការគិត។ ឥឡូវនេះក្នុងរយៈពេលជាងពីរឆ្នាំក្រោយមក ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះកំពុងតែផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់ការស្រាវជ្រាវនៅតាមសាកលវិទ្យាល័យលើការអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ។

បច្ចុប្បន្ននេះការស្រាវជ្រាវនេះបានធ្វើឡើងនៅតាមសកលវិទ្យាល័យកាលីហ្វញ៉ា សាន់ហ្វ្រាន់សីស្កូ ដែលអ្នកស្រាវជ្រាវកំពុងតែមមាញឹកជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាឧបករណ៍បកស្រាយអក្សរតាមរយៈសម្លេង (speech decoder) ដើម្បីស្វែងយល់ពីអ្វីដែលមនុស្សចង់និយាយដោយធ្វើការវិភាគលើប្រព័ន្ធខួរក្បាលរបស់បុគ្គលនោះ។ ការស្រាវជ្រាវនេះពិសោធន៍លើមនុស្សផ្ទាល់ដោយបំពាក់ឧបករណ៍ដែលអាចវាស់ស្ទង់ចរន្តឈាមក្នុងការយល់ដឹងពីព័ត៌មានអ្វីមួយដែលបុគ្គលនោះចង់និយាយហើយឧបករណ៍បច្ចេកវិទ្យាមួយនេះនឹងមានធ្វើការបកស្រាយរំញោចនោះដោយសរសេរជាពាក្យរាយរាប់ពីអ្វីដែលបុគ្គលកំពុងគិតឬចង់ធ្វើ។ 

ប៉ុន្តែឧបករណ៍នេះក៍អាចនឹងមានសមត្ថភាពរក្សានូវព័ត៌មានផ្ទាល់ខ្លួនបានដែរព្រោះថាបច្ចេកវិទ្យាមួយនេះរក្សានូវរំញោចពីចរន្ដឈាមរបស់អ្នកប្រើប្រាស់ដែលជាសញ្ញាប្រាប់ពីអ្វីដែលបុគ្គលនោះចង់ធ្វើនិងកំពុងគិត។ ប៉ុន្តែក្រុមហ៊ុនមួយនេះបានប្ដេជ្ញាថាក្រុមហ៊ុន Facebook នឹងរក្សាព័ត៌មានផ្ទាល់ខ្លួនទាំងឡាយមិនអោយលេចធ្លោយដែលឧបករណ៍មួយនេះទទួលបានពីបុគ្គលប្រើប្រាស់ក្នុងពេលអនាគតបើសិនជាការស្រាវជ្រាវទទួលបានជោគជ័យ។ 

ក្រុមហ៊ុន Facebook បានប្រាប់ឲ្យដឹងថាការស្រាវជ្រាវនេះកំពុងតែដំណើរការ។ ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះអាចនឹងកំពុងសម្លឹងមើលឃើញពីរបត់បច្ចេកវិទ្យាថ្មីដែលអាចផ្លាស់ប្ដូរពីរបៀបរបបរស់់នៅរបស់មនុស្សក្នុងពេលបច្ចុប្បន្ន។ ជាពិសេសនោះបើសិនជាឧបករណ៍ប្រើប្រាស់នេះក្លាយជាការពិត គឺមនុស្សគរដែលមិនអាចនិយាយបានអាចនឹងមានការផ្លាស់ប្ដូរជីវិតថ្មីដោយមានបច្ចេកវិទ្យាមួយនេះអាចជួយដល់ការមានទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ Facebook ក៍អាចនឹងមានគោលបំណងចង់ឲ្យអ្នកប្រើប្រាស់ Facebook មានការកាន់តែងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីបណ្ដាញមួយនេះដោយរាល់ពេលឧបករណ៍នេះផ្ដល់សញ្ញាចរន្តឈាមអំពីអ្វីមួយដែលពាក់ព័ន្ធនឹង Facebook គឺឧបករណ៍បច្ចេកវិទ្យានេះនឹងមានដំណើរការដូចជាមានការធ្វើបច្ចុប្បន្នភាព (update) និងណែនាំពីអ្វីដែលបុគ្គលនោះមានចំណាប់អារម្មណ៍ក្នុងបណ្ដាញសង្គមមួយនេះ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s