គោលការណ៍ ២០ ចំណុចពីរបៀបប្រើប្រាស់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ​



វិស័យអចលនទ្រព្យបានចាប់ផ្តើមមានសន្ទុះកំណើនខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយភាពរីកចម្រើន និងឱកាសវិនិយោគនឹងនៅតែបន្តសក្តានុពលថែមទៀត ក្នុងរយៈពេល ១០ ឆ្នាំទៀត។ នេះជាការលើកឡើងរបស់លោក  ម៉ាន់ ​ច័ន្ទឌី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Prenium Housing Co., Ltd។ 

នេះមានន័យថាសម្រាប់អ្នករកស៊ីក្នុងវិស័យ​ គ្រប់គ្នានឹងទទួលបានឱកាសច្រើនថែមទៀតពីភាពរីកចម្រើននៃវិស័យនេះ។ ទោះយ៉ាងណាលោកជឿថាការវិនិយោគលើអចលនទ្រព្យឲ្យទទួលបានប្រាក់ចំណេញមិនមែនជារឿងងាយស្រួលនោះទេ ពិសេសសម្រាប់អ្នកដែលទើបនឹងចាប់ផ្តើមរៀនវិនិយោគថ្មីៗ ឬអ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវលើការវិនិយោគនេះ។

ប៉ុន្តែសម្រាប់អ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកពួកគេជឿថាភាគជោគជ័យនៃការវិនិយោគលើអចលនទ្រព្យគឺភាពងាយស្រួលបំផុត។ ហេតុអ្វី? តើអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកមានអាថ៌កំបាំងអ្វីខ្លះនៅពីក្រោយខ្នងពួកគេ? 

ឆ្លើយនឹងសំណួរទាំងនេះ លោក ម៉ាន់ ​ច័ន្ទឌី បានបង្ហាញពីគោលគារណ៍ ២០ ចំណុច ដែលលោក ទទួលបានតាមរយៈការធ្វើការងារជាក់ស្តែង និងការរៀនសូត្រពីបុគ្គលឆ្នើមក្នុងវិស័យ អចលនទ្រព្យ។

គោលការណ៍ច្បាស់លាស់ដែលត្រូវប្រកាន់ខ្ជាប់ក្នុងការធ្វើវិនិយោគលើអចលនទ្រព្យរួមមាន៖  

១. ផ្តោតការិនិយោគជាចម្បងលើអចលនទ្រព្យប្រភេទផ្ទះ 

ផ្ទះគឺ​ ជាប្រភេទអចលនទ្រព្យ​​ដែលសាកសមជាងគេ សម្រាប់ការវិនិយោគ ដោយសារផ្ទះគឺជា ប្រភេទអចលនទ្រព្យដែលមានតម្រូវការកើនឡើងគ្រប់ពេល។ អចលនទ្រព្យប្រភេទផ្ទះអាច ធ្វើកម្ចី ប្រាក់ពីធនាគារមកធ្វើការវិនិយោគបានច្រើន និងមានរយៈពេលយូរ រួមជាមួយ ការប្រាក់ទាប។ ពិសេសជាងនេះទៀតនោះអចលនទ្រព្យប្រភេទផ្ទះនេះ អាចឲ្យយើងរកកម្រៃ បន្ថែមផ្សេងទៀតបានដូចជាការជួលជាដើម។

២. ចាប់ផ្តើមវិនិយោគទុនបន្តិចបន្តួចជាមុនសិន មុននឹងធ្វើការ បន្ថែមដើមទុនឲ្យកើនឡើងជាបន្តបន្ទាប់ 

វិធីនេះគឺជាវិធីល្អ ព្រោះ​វាអាចជួយឲ្យយើងបានដកស្រង់យកបទពិសោធន៍ពីកំហុសឆ្គងក្នុងការវិនិយោគបន្តិចបន្តួច ដើម្បីយកមកធ្វើជាមូលដ្ឋានសម្រាប់ ការវិនិយោគនៅគ្រាបន្តបន្ទាប់ទៀត ហើយវាក៏ អាចជួយឲ្យយើង កាន់តែមានជំនឿចិត្តបន្ថែមទៀត ក្នុងការវិនិយោគលើកក្រោយៗទៀត​។

៣. ជ្រើសរើសផ្ទះដែលមានអ្នកជិតខាងល្អ ប្រសើរជាងផ្ទះដែលមានទីតាំងល្អ 

ការមានអ្នកជិតខាងល្អគឺអាចជួយឲ្យផ្ទះមានតម្លៃល្អទៅថ្ងៃក្រោយ ហើយនេះក៏ទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃដែរផងដែរ។ បន្ថែមពីនេះទៀត បើមាន តែទីតាំងល្អ ហើយមិនមានអ្នកជិតខាងល្អ អចលនទ្រព្យអាចនឹងលក់មិនបានតម្លៃខ្ពស់ឡើយ។

៤. ជ្រើសរើសអចលនទ្រព្យដែលមនុស្សភាគច្រើនចង់រស់នៅ និងមានតម្រូវការជួលច្រើន 

ត្រូវផ្តោតលើអចលនទ្រព្យដែលមានទីតាំងចំផ្លូវចេញចូលងាយស្រួល ងាយស្រួលក្នុងការធ្វើ ដំណើរទៅធ្វើការ ងាយស្រួលទាំងការរស់នៅប្រចាំថ្ងៃ និងមានបរិយាកាសល្អ ហើយមួយវិញ ទៀតគឺត្រូវគិតពីផលចំណេញត្រឡប់វិញដូចជាបរិយាកាសរស់នៅល្អ និងថាតើវាសមស្របជាមួយនឹង ទឹកប្រាក់ដែលយើងវិនិយោគឬទេ?

៥. ត្រូវទិញអចលនទ្រព្យឲ្យបានក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីទទួលបានផលចំណេញតាំងពីចាប់ផ្តើមទិញដំបូង

យើងត្រូវផ្តោតលើអចលនទ្រព្យដែលយើងអាចតថ្លៃបាន ដូចជា ផ្ទះចាស់ ឬម្ចាស់អចលនទ្រព្យត្រូវការប្រាក់បន្ទាន់។ យើងត្រូវចងចាំទុកថាតម្លៃលក់គឺ ជាតម្លៃដែលអ្នកលក់ ស្នើឡើងជាលើកដំបូងប៉ុណ្ណោះ។

៦. វិនិយោគលើអចលនទ្រព្យដែលនៅជិតយើង

អចលនទ្រព្យដែលមានទីតាំងនៅជិតយើងគឺជាទីតាំងដែលយើងស្គាល់គ្រប់ច្រកល្ហកទាំងអស់ យើងងាយស្រួលក្នុងការត្រួតពិនិត្យទីតាំង ថាតើវាមានអ្វីខ្លះកើតឡើងថ្មីៗឬទេ ហើយវាក៏ងាយស្រួលក្នុងការ ស្រាវជ្រាវតម្លៃទិញលក់នៅកន្លែងនោះបានយ៉ាងជាក់ច្បាស់។

៧. អង្កេតតាមដានអចលនទ្រព្យគោលដៅគ្រប់ពេលវេលា ដើម្បីឲ្យប្រាកដក្នុងចិត្តមុន នឹងសម្រេចចិត្តទិញ 

ធ្វើឲ្យដូចជា តោលបចាប់ចំណី ពោលគឺតាមដានយ៉ាងកៀកកិតបំផុតទាំងពេលព្រឹក ថ្ងៃ  ល្ងាច និងពេលយប់ ដើម្បីឲ្យដឹងពីអ្វីដែលបានកើតឡើងក្នុងកន្លែងនោះ ឬតំបន់នោះ យើងត្រូវដឹងឲ្យបានថា តើនឹងមានហាងលក់ដូរ ឬអគារខ្ពស់ៗ កំពុងសាងសង់ដែរឬទេ ឬក៏មាន គម្រោងសាងសង់អាគារផ្សេងៗ តូចធំដែរឬទេ ពីព្រោះអ្វីដែលយើងបានរៀបរាប់ មកនេះវានឹងជួយបន្ថែមតម្លៃអចលនទ្រព្យរបស់យើងនៅពេលអនាគត។

៨. ធ្វើផែនការគ្រប់យ៉ាងឲ្យបានហ្មត់ចត់ និងដំណើរការតាមជំហានមួយៗច្បាស់លាស់ 

មុនពេលសម្រេចចិត្ត វិនិយោគលើអចលនទ្រព្យគ្រប់ពេល យើងត្រូវតែគិតតាមក្បួនខ្នាតឲ្យ បានល្អិតល្អន់ជា​មុន។គឺយើងត្រូវគិតថា ទិញយកមកធ្វើអ្វី? បានផលតបស្នងត្រឡប់មកវិញ ប៉ុន្មាន? ត្រូវថែមលុយ​ អភិវឌ្ឍអស់ប៉ុន្មានទៀត? ហើយបើលក់វិញ​បានប៉ុន្មាន? យើងធ្វើរបៀបនេះគឺ ដើម្បីបានតួលេខមួយដែលយើងយកវាជាគោល សម្រាប់តថ្លៃ អចលនទ្រព្យទាំងនោះ។

៩. ត្រូវមើលឲ្យបានស៊ីជម្រៅ ថាតើអចលនទ្រព្យនោះអាចធ្វើអ្វីបានខ្លះ និងអាចធ្វើឲ្យមានប្រយោជន៍ច្រើនជាងពេលនេះឬទេ?

ឧទាហរណ៍ដូចជា យើងទៅមើលអចលនទ្រព្យមួយជាផ្ទះចាស់ មានទំហំ ៥០០ ម៉ែត្រការ៉េ យើង​ត្រូវមើលឲ្យបានស៊ីជម្រៅជាងនេះទៀតគឺថា តើយើងអាចប្រែក្លាយ​ដីនេះសាងសង់ ផ្ទះល្វែង អគារខ្ពស់ ឬបន្ទប់ជួលបានដែរឬទេ? ធ្វើបានប៉ុន្មានជាន់ តំបន់នោះមានច្បាប់កំណត់កម្ពស់អគារឬទេ?  បើធ្វើរួចហើយអាចមានអ្នកទិញឬជួលដែរឬទេ យើងទទួលបានប្រាក់ចំណេញប៉ុន្មានដែរជាដើម។

១០. យើងគួរអភិវឌ្ឍអចលនទ្រព្យឲ្យទៅតាមតម្រូវការនៅក្នុងតំបន់នោះ

ប្រសិនបើទីតាំនោះសាកសមជាមួយនឹងការធ្វើបន្ទប់ជួលយើងគួរធ្វើបន្ទប់ជួល យើងមិនគួរ ទៅធ្វើផ្ទះល្វែងទេ ហើយផ្ទុយគ្នាមកវិញបើទីតាំងនោះសាកសមសម្រាប់ធ្វើផ្ទះល្វែង យើងមិនគួរធ្វើបន្ទប់ជួលនោះទេ។ ប្រសិនបើយើងមិនគោរពតាមគោលការណ៍ទាំងនេះទេ ក្រោយពីយើងធ្វើការអភិវឌ្ឍន៍រួច  ផលវិបាកផ្សេងៗអាចនឹងកើតឡើងមកជាបន្តបន្ទាប់។ 

១១. ជ្រើសរើសអចលនទ្រព្យដែលត្រូវវិនិយោគដោយយកចិត្តទុកដាក់បំផុត 

អ្នកជំនាញវិនិយោគលើអចលនទ្រព្យលំដាប់ពិភពលោកតែងតែជ្រើសរើសតាមរូបមន្ត ១០០-៣០-៣-១ មានន័យថាពួកគេធ្វើតាមរូបមន្តនេះយ៉ាងម៉ឹងមាត់ ដោយស្វែងរកអចលនទ្រព្យ ១០០កន្លែង ធ្វើការស្នើទិញ ៣០កន្លែង អ្នកលក់ឆ្លើយតបមកវិញ ៣​ កន្លែង បន្ទាប់មកជ្រើសរើសទិញពិតប្រាកដតែ ១ កន្លែងគត់។

១២. ជ្រើសរើសអចលនទ្រព្យដែលផ្តល់លំហូសាច់ប្រាក់វិជ្ជមាន និងទទួលបានថ្លៃដើម ត្រឡប់មកវិញលឿន 

យើងជាអ្នកវិនិយោគត្រូវរំលឹកខ្លួនឯងជាប្រចាំថា លំហូសាច់ប្រាក់ដែល​ត្រូវទទួលបានមកវិញពីការវិនិយោគនេះគឺជារឿងសំខាន់បំផុត។ ហេតុដូច្នេះរាល់អចលនទ្រព្យដែលយើងបានវិនិយោគ​ និងកាន់កាប់ ត្រូវតែផ្តល់លំហូរសាច់ប្រាក់ត្រឡប់មកវិញល្អប្រសើ ដើម្បីទប់ស្កាត់ដល់ការរាំងស្ទះការវិនិយោគថ្មីៗជាបន្តទៀតនៅពេល​អនាគត។

១៣. ត្រូវមានការព្រមព្រៀងមួយដ៏ល្អជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគ

បើចង់ទទួលបានកិច្ចព្រមព្រៀងមួយដ៏ល្អ យើង​ត្រូវយល់ឲ្យបានគ្រប់ជ្រុងជ្រោយនូវអចលនទ្រព្យ ដែលយើងមានបំណងចង់វិនិយោគនោះរួមជាមួយនឹងភាពអត់ធ្មត់ក្នុងការចចារ។ យើងជាអ្នកវិនិយោគមិនត្រូវសម្តែងអាការៈណាមួយដែលបង្ហាញថាយើងចង់បានអចលនទ្រព្យនោះហួសហេតុពេកទេនោះឡើយ។ ម្យ៉ាងទៀត អ្នកវិនិយោគ ឬអ្នកទិញត្រូវធ្វើផែនការទុកជាមុន ជាមួយការចេះរងចាំដោយចិត្តត្រជាក់ និងអត់​ធ្មត់ ហើយផែនការត្រូវបទបែនបានជានិច្ច។ ត្រូវត្រៀមចិត្តបញ្ឍប់ការទិញ-លក់​ភ្លាមៗ ប្រសិនបើមានហេតុការណ៍ផ្សេងៗកើតឡើងប៉ះពាល់​ដល់​ផែនការដែលបានគ្រោងទុក។​

១៤. យើងត្រូវដឹងពីខួបនៃអាជីវកម្ម និងចង្វាក់នៃការវិនិយោគត្រឹមត្រូវ

ចង្វាក់នៃការវិនិយោគដែលសាកសមបំផុតនោះគឺ នៅពេលដែលអចលនទ្រព្យចុះថ្លៃយើងទិញ ពេលឡើងថ្លៃយើងលក់វិញ ឬក៏ នៅពេលដែលអ្នកផ្សេងឲ្យថ្លៃខ្ពស់យើងនៅស្ងៀម ពេលពួកគេនៅស្ងៀមយើងទិញ។ 

នៅពេលដែលប្រតិបបត្តិការទិញលក់អចលនទ្រព្យមានការធ្លាក់ថ្លៃ យើងត្រូវត្រៀមទុន វិនិយោគឲ្យបានច្រើន ដើម្បីអាចឲ្យយើងប្រមូលទិញ បានច្រើនតាមតម្រូវការ។

១៥. ព្យាយាមប្រើលុយអ្នកផ្សេងមកវិនិយោគឲ្យបានច្រើន​តាមតែអាចធ្វើទៅបាន

បើយើងប្រើប្រាស់ទុនវិនិយោគរបស់អ្នកផ្សេងបាន ច្រើនប៉ុនណា យើងកាន់តែមានឱកាស ទទួលផលមកវិញ​បានច្រើនថែមទៀតផងដែរ។ ការប្រើប្រាស់លុយអ្នកផ្សេងនេះសំដៅដល់ លុយកម្ចីធនាគារ ឬក៏ខ្ចីបងប្អូន និងមិត្តភ័ក្ត្រជាដើម។ល។

១៦.​ ប្រថុយរបៀបអ្នកជំនាញ

យើងត្រូវតែដឹងឲ្យប្រាកដថានៅពេលដែល គ្រប់ពេលយើងវិនិយោគលើអចលនទ្រព្យ នឹងមានការ​ប្រថុយប្រថានអ្វីខ្លះកើតឡើង  ហើយយើងក៏ត្រូវដឹងផងដែរថា យើងអាចគ្រប់គ្រងបានរាល់ការប្រថុយប្រថានទាំងនោះ។ 

១៧. គិតដល់ការលក់ចេញជានិច្ច ប្រសិនបើមើលឃើញថាអចលនទ្រព្យនោះផ្តល់ប្រាក់ចំណេញ

ពេលវេលាដែលល្អបំផុតក្នុងការលក់អចលនទ្រព្យ គឺការលក់ដោយមិនមានសម្ពាធណាមួយ។ មានន័យថាយើងអាចរង់ចាំលក់នៅពេលដែលអចលនទ្រព្យទទួលបានតម្លៃល្អ ឬចំពេលឡើងថ្លៃ។ 

បើយើងជាអ្នកវិនិយោគឆ្លាតវៃ យើងត្រូវតែពិចារណាគ្រប់តម្លៃដែលអ្នកទិញបានស្នើ  ពីព្រោះមានករណីខ្លះ បើយើងមិនលក់ យើងអាចមានបញ្ហា ដែលធ្វើឲ្យយើងខាតផលប្រយោជន៍ ច្រើនជាង​ការលក់ចេញ។

១៨. វិនិយោគក្នុងរយៈពេលកាន់តែខ្លីកាន់តែល្អ

បើយើងវិនិយោគក្នុងរយៈពេលកាន់តែខ្លី នោះធ្វើឲ្យ​យើង​ទទួលផលកាន់តែច្រើន ពីការវិនិយោគ ហើយក៏អាចកាត់បន្ថយហនិភ័យបានកាន់តែច្រើនផងដែរ។ 

១៩. យើងត្រូវវិនិយោគអចលនទ្រព្យនៅតំបន់ដែលគេកំពុង​អភិវឌ្ឍន៍គឺជារឿងដែលល្អបំផុត

តំបន់អភិវឌ្ឍន៍ជាតំបន់សក្តានុពល យើងអាចដាក់ទុន វិនិយោគ​ចំនួនតិច ប៉ុន្តែអាចទទួលបានផលចំណេញច្រើន។

២០. វិន័យចំពោះការវិនិយោគលើអចលនទ្រព្យគឺជារឿងសំខាន់បំផុត 

ត្រូវចងចាំជានិច្ចថាប្រសិនបើកើតមានកំហុសឆ្គងណាមួយកើតឡើងនោះវាអាចធ្វើឲ្យជីវិតអ្នក ខាតបង់យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះប្រសិនបើមានចំណុចណាមួយមិនច្បាស់ យើង​មិនដឹង ឬ មិនប្រាកដក្នុងចិត្ត យើងត្រូវតែស្វែងរកអ្នកជំនាញឲ្យជួយប្រឹក្សាយោបល់ភ្លាម។ ហើយយើងត្រូវប្រកាន់ខ្ជាប់ថាប្រសិនបើអចលនទ្រព្យមិនចំណុចល្អខ្លាំង ឬ តម្លៃមិនធូរថ្លៃទេនោះ យើងមិនត្រូវវិនិយោគដោយប្រថុយប្រថាននោះទេ៕

ដៃគូសហការ៖ www.realestate.com.kh

X
5s