អ៊ឺរ៉ុបអាចជាគោលដៅថ្មីរបស់ Oppo Vivo និង Xiaomi បន្ទាប់ពីវាយដណ្ដើមបានទីផ្សារធំអាស៊ី
ក្រុមហ៊ុនបចេ្ចកវិទ្យាយក្យចិនទាំងបី Oppo Vivo និង Xiaomi កំពុងលើកទ័ពសម្រុកវិនិយោគយ៉ាងខ្លាំងដើម្បីចម្បាំងដណ្តើមយកទីផ្សារបច្ចេកវិទ្យាស្មាតហ្វូនពីក្រុមហ៊ុន Apple និង Samsung ខណៈពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិកកំពុងធ្វើទុក្ខបុកម្នេញក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei។
បន្ទាប់ពីដណ្តើមបានចំណែកទីផ្សារជាង ២ ភាគ ៣ ក្នុងប្រទេសចិននិងឥណ្ឌាដែលជាទីផ្សារស្មាតហ្វូនធំជាងគេទាំងពីរនៅលើពិភពលោក ក្រុមហ៊ុនស្មាតហ្វូនចិនទាំង ៣ នេះបានងាកមករាតត្បាតទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ម្ដង។ ជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនទាំងនេះ Oppo Vivo និង Xiaomi បានប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយដើមដ៍មានប្រសិទ្ធភាពរបស់ពួកគេដោយយុទ្ធសាស្ត្រទាំងនោះគឺផ្ដោតសំខាន់លើការផ្សព្វផ្សាយម៉ាកយីហោ របស់ខ្លួនព្រមទាំងផ្ដល់ជូនគុណតម្លៃដល់អតិថិជនរបស់ពួកគេជាមួយនឹងរបកគំហើញបច្ចេកវិទ្យាស្មាតហ្វូនថ្មីៗនិងប្លែកៗក្នុងតម្លៃសមរម្យមិនដូចក្រុមហ៊ុន Apple និង Samsung ដែលធ្វើការលក់ស្មាតហ្វូនកំពូលរបស់ពួកគេក្នុងតម្លៃកប់ពពកដែលមិនសមជាមួយនឹងលទ្ធភាពជីវភាពរបស់ប្រជាជនភាគច្រើនក្នុងតំបន់នេះ។
យោងតាមការកត់សម្គាល់ក្នុងខែនេះពីទីភ្នាក់ងារស្រាវជ្រាវឧស្សាហកម្ម Canalys បានឱ្យដឹងថាក្រុមហ៊ុនស្មាតហ្វូនចិនទាំងនេះបានដណ្ដើមទីផ្សារស្មាតហ្វូនបានជាង ៦២ ភាគរយក្នុងតំបន់នេះហើយការនាំចេញទូរស័ព្ទសរុបក្នុងតំបន់នេះមានចំនួន ៣០.៧ លានគ្រឿងនៅក្នុងត្រីមាសទី ២ ដែលជាការកើនឡើងជាង ៥០ ភាគរយនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្ននេះក្រុមហ៊ុន Samsung Oppo Vivo និង Xiaomi គឺជាបងធំទាំងបួនដែលកាន់កាប់តំណែងជាក្រុមហ៊ុនស្មាតហ្វូនដែលធ្វើការលក់ស្មាតហ្វូនបានច្រើនគ្រឿងជាងគេក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនមានប្រទេសថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ប៉ុន្តែចំនួនការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានដាំក្បាលចុះមួយរយះនេះដោយសារតែឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនដែលជាហេតុធ្វើឲ្យក្រុមហ៊ុនដៃគូប្រកួតប្រជែងស្មាតហ្វូនផ្សេងទៀតឆ្លៀតឆក់យកឱកាសនេះក្នុងការបំពេញចន្លោះទីផ្សាររបស់ក្រុមហ៊ុន Huawei ។
ទោះជាយ៉ាងនេះក្ដីក្រុមហ៊ុនស្មាតហ្វូនចិន Huawei មួយនេះនៅតែមានគោលជំហូរខ្លាំងដដែលក្នុងការបន្តផលិតស្មាតហ្វូនដែលពពេញទៅដោយបច្ចេកវិទ្យាថ្មីៗនឹងបន្តទទួលបានការគាំទ្រពីមហាជនព្រមទាំងបានវាយសម្រុកចូលទីផ្សារតំបន់អ៊ឺរ៉ុបផងដែរ។ មិនយូរមិនឆាប់ក្រុមហ៊ុនស្មាតហ្វូនចិនដទៃទៀត Oppo Vivo និង Xiaomi អាចនឹងវាយសម្រុកចូលទីផ្សារស្មាតហ្វូនអ៊ឺរ៉ុបបានដូច Huawei ដែរខណៈកំពុងទទួលបានជោគជ័យលើការដណ្ដើមទីផ្សារបានមួយភាគធំក្នុងតំបន់អាស៊ីនេះ៕
ដោយ៖ នឿន វណ្ណៈ