ឡូយ! Apple ទើបបញ្ចេញ Apple Card របស់ខ្លួន ដែលមានលក្ខណៈពិសេសលើសក្រេឌីតកាតធម្មតា
Apple Card ដែលជាក្រេឌីតកាតប្រភេទថ្មីនិងជាផលិតផលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែលរចនាឡើងសម្រាប់អ្នកប្រើប្រាស់ឲ្យចេះគ្រប់គ្រងសុខភាពហិរញ្ញវត្ថុរបស់ខ្លួន បានចេញឲ្យប្រើប្រាស់ជាផ្លូវការក្នុងសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះហើយ។ អតិថិជនអាចប្រើប្រាស់ Apple Card តាមរយៈ Wallet app ដែលមាននៅលើ iPhone និងតាមរយៈ Apple Pay ក្នុងហាង កម្មវិធីទូរស័ព្ទដៃ និងលើគេហទំព័រផ្សេងៗផងដែរ។ Apple Card អនុញ្ញាតិឲ្យអតិថិជនអាចប្រើប្រាស់ដោយការប្រាក់តិចតួច អាចដឹងអំពីការចំណាយជាប្រចាំរបស់ខ្លួន និងផ្ដល់ជូននូវសន្ដិសុខនិងសុវត្តិភាពខ្ពស់ដល់អតិថិជន។
ក្រុមហ៊ុន Apple ផ្ដល់ជូននូវបទពិសោធន៍ថ្មីទៅដល់អ្នកប្រើប្រាស់ iPhone របស់ខ្លួន ដោយរួមបញ្ចូលទាំងសេវាកម្ម២៤ម៉ោង ដោយគ្រាន់តែផ្ញើសារទៅកាន់ក្រុមហ៊ុន។ បន្ថែមពីនេះដើម្បីសម្រួលទៅដល់អ្នកប្រើប្រាស់ Apple បានប្រើប្រាស់ម៉ាស៊ីនដែលអាចដឹងអំពីការទិញទំនិញ និងរបៀបចំណាយរបស់អ្នក និងប្រើប្រាស់ Apple Maps ក្នុងការកំណត់ទីតាំងក្នុងការធ្វើកាប្រតិបត្តិការជាមួយក្រុមហ៊ុនទំនិញផ្សេងៗនិងទីតាំងច្បាស់លាស់ និងពិសេសទៅទៀតគឺការផ្ដល់ជូននូវការសង្ខែបការចំណាយប្រចាំសប្ដាហ៍និងប្រចាំខែថែមទៀត។
បន្ថែមពីនេះ ដើម្បីជួយដល់អតិថិជនទទួលបានជម្រើសនោះ Apple Card បង្ហាញនូវជម្រើសនៃការចំនាយជាច្រើន និងការគណនាតម្លៃអត្រាការប្រាក់ទៅលើការចំណាយនៅខណៈពេលពិតៗទៀតផង។
Apple Card មានលក្ខណៈពិសេសជាងក្រេឌីតកាតធម្មតា ហើយនេះគឺជាអាវុធរបស់ក្រុមហ៊ុនអាមេរិកនេះក្នុងការលក់ទូរស័ព្ទ Iphone របស់ខ្លួនផងដែរ។ Apple Card គ្មានលេខកាត លេខសុវត្ថិភាពCVV គ្មានថ្ងៃផុតកំណត់ ឬហត្ថលេខានៅលើកាតនោះទេ ប៉ុន្តែកាតនេះមានសុវត្តិភាពជាងកាតដទៃទៀត។ មានន័យថាក្រុម៊ហុន Apple មិនអាចដឹងពីទីតាំងដែលអតិថិជនទិញឥវ៉ាន់ និងចំនួននៃការចំនាយរបស់អតិថិជននោះទេ។
កាតរបស់ Apple នេះអាចបង្ហាញអំពី Daily Cash ដែលបង្ហាញអំពីភាគរយនៃការចំនាយរបស់អតិថិជនប្រចាំថ្ងៃ ហើយអតិថិជនទទួលបាន២ភាគរយពីការប្រើប្រាស់ជាមួយនឹង Apple Pay និង ៣ភាគរយទៅលើការទិញនៅលើ Apple Stores, apple.com, App Store, iTunes Store និង សេវាកម្មApple ផ្សេងៗទៀត។ បន្ថែមពីនេះអ្នកនឹងទទួលបាន ៣ភាគរយក្នុង Daily Cash នៅពេលប្រើប្រាស់ Apple Pay លើ Uber និង Uber Eats។ អតិថិជនអាចស្មើសុំការជិះ Uber បានជាង ៧០០ ទីក្រុងក្នុងពិភពលោក និងកម្មង់ម្ហូបតាម Uber Eats ជាង ៥០០ទីក្រុងក្នុងពិភពលោក។ Apple Card នឹងបន្ថែមការប្រើប្រាស់ជាមួយកម្មវិធី apps ជាច្រើនទៀតនាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា Apple កំពុងចាប់ដៃគូជាមួយ Goldman Sachs និង Mastercard ដើម្បីផ្ដល់ជូននូវការប្រើប្រាស់ទូទាំងពិភពលោកឆាប់ៗនេះ៕
ដោយ៖ លង់ វណ្ណៈ