បច្ចេកវិទ្យាថ្មីៗទាំង ១០ ដែលនឹងលេចមុខឡើងក្នុងឆ្នាំ ២០១៩ នេះ​



ក្នុយរយៈពេលប៉ុន្មានឆ្នាំក្រោយនេះមានការផ្លាស់ប្ដូរយ៉ាងធំធេងនៃវិស័យបច្ចេកវិទ្យាដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាធំៗមួយចំនួនដែលកំពុងបង្កចលាចលដល់ពិភពលោកមានដូចជាការឡើងកម្ដៅនៃផែនដីនិងការប្រែប្រួលអាកាសធាតុជាដើម។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍនៃវិស័យបច្ចេកវិទ្យាក៍បានផ្ដល់នូវរបកគំហើញថ្មីៗផងដែរ។

ខាងក្រោមនេះគឺជាបច្ចេកវិទ្យាថ្មីៗទាំង ១០ ដែលនឹងលេចមុខឡើងក្នុងឆ្នាំ ២០១៩ នេះ៖

១. បច្ចេកវិទ្យាជីវប្លាស្ទិច

សព្វថ្ងៃនេះគឺមានអត្រាប្លាស្ទិចតែជាង ១៥ ភាគរយទេដែលបានត្រូវគេយកមកកែច្នៃប្រើប្រាស់ឡើងវិញហើយមួយចំនួនសេសសល់ទៀតត្រូវបានគេដុតចោលឬចាក់គរចោលតាមគំនរសំរាម។ ប៉ុន្តែគំនិតរបកគំហើញមួយដែលអាចជួយដោះស្រាយបញ្ហានេះគឺបច្ចេកវិទ្យាជីវប្លាស្ទិចដែលប្រើសែលុយឡូសឬលីនទីន (cellulose and lignin) ពីកាកសំណល់រុក្ខជាតិក្នុងការបង្កើនកម្លាំងសម្ភារៈដែលបានបង្កើតឡើងពីកាកសំណល់រុក្ខជាតិទាំងនោះព្រមទាំងអាចរិចរិលបានដោយងាយស្រួលក្នុងរយៈពេលខ្លីហើយមិនប៉ះពាល់ដល់បរិស្ថានទៀតផង។

២. បច្ចេកវិទ្យាមនុស្សយន្ត

មនុស្សយន្តនាពេលបច្ចុប្បន្ននេះអាចស្គាល់សំលេង មុខ និងអារម្មណ៍ បកស្រាយលំនាំនៃការនិយាយ និងកាយវិការថែមទៀតផង។ នេះជាយុគសម័យជឿនលឿនថ្មីដែលមនុស្សយន្ដនឹងក្លាយជាផ្នែកមួយនៃសកម្មភាពរបស់មនុស្សទូទៅមានដូចជាក្នុងស្ថាប័នការងារ ស្ថាប័នអប់រំព្រមទាំងស្ថាប័នសុខាភិបាលផងដែរ។

៣. បច្ចេកវិទ្យា metalenses

ការធ្វើឱ្យកញ្ចក់កែវកាមេរ៉ាប្រើដោយទូរស័ព្ទចល័ត កុំព្យូទ័រនិងឧបករណ៍អេឡិចត្រូនិចផ្សេងទៀតមានទំហំតូចមែនទែនគឺមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែការជឿនលឿនផ្នែករូបវិទ្យាបានជំរុញបច្ចេកវិទ្យា metalenses ឱ្យផលិតបានកញ្ចក់ទាំងនោះបានតូចជាងមុនឆ្ងាយដូចជាកញ្ចក់វ៉ែនតាអាចមានរាងសំប៉ែតតូចនិងស្តើងជាមុន ព្រមទាំងឧបករណ៍ចាប់សញ្ញា (image sensor) និងកញ្ចក់កាមេរ៉ាផងដែរ។

៤. បង្កើតឱសថដែលអាចទប់ស្កាត់ជម្ងឺមហារីកបាន

ជម្ងឺមហារីកគឺជាជម្ងឺដែលកាចសាហាវដែលមិនអាចព្យាបាលបានទេបើសិនជាដល់ដំណាក់ចុងក្រោយដែលអាចប៉ះពាល់ដល់អាយុជីវិត។ ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្របានរកឃើញដំណោះស្រាយថ្មីដោយអាចផលិតឱសថដែលអាចនឹងមានប្រសិទ្ធិភាពវាយប្រហារកោសិការមហារីកទាំងឡាយមុននឹងឈានដល់កម្រិតធ្ងន់ធ្ងរ។

៥. ជីដែលមានគុណភាពនិងអំណោយផលថ្មី

អ្នកវិទ្យាសាស្ត្របានរកឃើញជីប្រភេទថ្មីដែលអាចបញ្ចេញសារធាតុចិញ្ចឹមយឺតៗ ដែលមានការប៉ះពាល់បរិស្ថានតិចតួចនិងបញ្ចេញសារធាតុចិញ្ចិមតែក្នុងពេលចាំបាច់ប៉ុណ្ណោះ។ ជីប្រភេទថ្មីនេះប្រើសារធាតុអាសូតនិងពពួកសារីរាង្គមីក្រូដែលជួយធ្វើឱ្យរុក្ខជាតិមានការលូតលាស់បានល្អប្រសើរជាងជីធម្មតា។

៦. កិច្ចសហការតាម telepresence

រួមផ្សំចូលគ្នាជាមួយបច្ចេកវិទ្យា Augmented Reality (AR), Virtual Reality (AR), បណ្តាញ 5G និងឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់អាចឲ្យអ្នកជំនួញនៅទីតាំងផ្សេងៗគ្នាអាចសហការជាមួយគ្នានិងបើកកិច្ចប្រជុំបានជាមួយគ្នាដោយមិនចាំបាច់ទៅជួបគ្នាផ្ទាល់ ហើយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រអាចមើលថែទាំអ្នកជំងឺបានទោះបីនៅបន្ទប់ផ្សេងគ្នាក៍ដោយ​។

៧. បច្ចេកវិទ្យាតាមដានសភាពអាហារវេចខ្ចប់

មនុស្សប្រមាណ ៦០០ លាននាក់បរិភោគអាហារដែលមានជាតិដែលផុតកំណត់ជារៀងរាល់ឆ្នាំហើយវាចាំបាច់ណាស់ក្នុងការទប់ស្កាត់រឿងនេះ។ កាលពីមុនគឺគេតាមដានអាហារវេចខ្ចប់ដែលផុតកំណត់ដោយចំណាយពេលច្រើនថ្ងៃឬច្រើនសប្តាហ៍ដើម្បីតាមដានដឹង ប៉ុន្តែឥឡូវនេះគេអាចធ្វើបានក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះដោយប្រើបច្ចេកវិទ្យា blockchain ដើម្បីតាមដានរាល់ជំហាននៃការវិវត្តិរបស់អាហារតាមរយៈសង្វាក់ផ្គត់ផ្គង់។ ទន្ទឹមនឹងនេះដែរឧបករណ៍ចាប់សញ្ញាកញ្ចប់អាហារនេះអាចបង្ហាញថាពេលណាអាហារផ្អូមផងដែរ។

៨. រ៉េអាក់ទ័រនុយក្លេអ៊ែរដែលមានសុវត្ថិភាពជាងមុន

ទោះបីជាថាមពលនុយក្លេអ៊ែរមិនបញ្ចេញកាបូនឌីអុកស៊ីតក៏ដោយ រ៉េអាក់ទ័រកើតឡើងដោយហានិភ័យខ្ពស់ដែលកំណាត់ដែកឥន្ធនៈ (fuel rods) អាចឡើងកំដៅហើយនៅពេលលាយជាមួយទឹកបង្កើតជាអ៊ីដ្រូសែនដែលបន្ទាប់មកអាចផ្ទុះឡើងបាន។ ប៉ុន្តែឥន្ធនៈថ្មីកំពុងលេចចេញដែលទំនងជាមិនសូវឡើងកំដៅហើយផលិតអ៊ីដ្រូសែនតិចតួចដែលមានហានិភ័យទាបជាងមុន។

៩. ការផ្ទុកទិន្នន័យតាម DNA

ប្រព័ន្ធផ្ទុកទិន្នន័យបច្ចុប្បន្ននេះប្រើប្រាស់ថាមពលច្រើនហើយមិនអាចរក្សាបរិមាណទិន្នន័យបានយ៉ាងច្រើនទៀតទេពេលដែលកម្រិតអតិបរមាក្នុងពេលខាងមុខ។ ប៉ុន្តែការសិក្សាស្រាវជ្រាវរបកគំហើញមួយបានឲ្យដឹងថាគេអាចផ្ទុកទិន្នន័យលើ DNA ដែលនេះជាជម្រើសថាមពលទាបហើយផ្ទុកទន្និន័យបានច្រើនជាង hard drives របស់កុំព្យូទ័រទៅទៀត។

១០. បច្ចេកវិទ្យាថ្មីក្នុងផ្ទុកថាមពលដ៍មានប្រសិទ្ធភាព

អាគុយលីចូម-អ៊ីយ៉ុង (Lithium-ion) នឹងក្លាយជាបច្ចេកវិទ្យាថ្មីក្នុងការផ្ទុកថាមពលដោយអាចផលិតបានជាអាគុយដែលអាចផ្ទុកថាមពលបានដល់ទៅ ៨ ម៉ោងដែលអាចប្រើប្រាស់បានច្រើនម៉ោង៕

ដោយ៖ នឿន វណ្ណៈ

 

X
5s