Apple និង Samsung កើតទុក្ខមិនសុខចិត្តជាមួយនឹងលទ្ធផលវាស់វិទ្យុសកម្មលើស្មាតហ្វូនខ្លួន
យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានបញ្ចេញប្រតិកម្មជំទាស់នឹងលទ្ធផលធ្វើតេស្តវាស់កម្រិតការបញ្ចេញវិទ្យុសកម្មរបស់គណៈកម្មការទំនាក់ទំនងសហព័ន្ធ (The Federal Communications Commission) លើស្មាតហ្វូនមួយចំនួនដែលក្នុងចំណោមស្មាតហ្វូនទាំងនោះមានស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងពីរផងដែរ។
តាមរយៈការស្រាវជ្រាវរបស់ FCC នេះបានឲ្យដឹងថាទូរស័ព្ទស្មាតហ្វូនរបស់ Samsung មាន Galaxy S8 Galaxy S9 និង J3 ព្រមទាំងទូរស័ព្ទស្មាតហ្វូន iPhone មាន iPhone 7 និង iPhone 8 បញ្ចេញវិទ្យុសកម្មលើសពីកម្រិតដែល FCC អនុញ្ញាតិ។ ការធ្វើតេស្តនេះត្រូវបានពិសោធដាក់ទូរស័ព្ទនៅចម្ងាយ ២ មីលីម៉ែត្រពីរាងកាយមនុស្សដែលជាការធ្វើត្រាប់តាមនៅពេលអ្នកប្រើប្រាស់លើកទូរស័ព្ទនិយាយដាក់នឹងត្រចៀកឬពេលមានទូរស័ព្ទនៅក្នុងហោប៉ាវ។ នេះគ្រាន់តែជាការធ្វើតេស្តវិទ្យុសកម្មលើស្មាតហ្វូនមួយចំនួនជាង ១១ គ្រឿងតែប៉ុណ្ណោះក្នុងចំណោមម៉ូដែលស្មាតហ្វូនរាប់រយគ្រឿងទៀតដែលមានលក់នៅតាមទីផ្សារកន្លងមក។ ហើយផលប៉ះពាល់ដែលបង្កឡើងដោយវិទ្យុសកម្មទាំងនេះគឺមិនត្រូវបានស្រាយបញ្ជាក់ដោយ FCC នេះទេ។
ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរបានបោះសម្ដីថាលទ្ធផលធ្វើតេស្តនោះគឺមិនត្រឹមត្រូវ ហើយខុសពីលទ្ធផលដែលក្រុមហ៊ុនទាំងពីរបានធ្វើតេស្តលើស្មាតហ្វូនរបស់ខ្លួនកាលនៅពេលផលិត៕
ដោយ៖ នឿន វណ្ណៈ