៥ ប្រទេសជាប់ឈ្មោះជាប្រទេសមានប្រជាជនប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេ
អស់រយៈពេល ២ ទសវត្សចុងក្រោយនេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅ ជុំវិញពិភពលោកបានកើនឡើងយ៉ាងគំហុក។ ការកើនឡើងចំនួនអ្នកប្រើប្រាស់នេះមិនមែនជារឿងចៃដន្យទេ ត្បិតអីសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានាកំពុងបោះពួយទៅមុខយ៉ាងឆាប់រហ័សមួយរយៈពេលចុងក្រោយដូចជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ប្រេស៊ីលជាដើម ខណៈដែលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើននៅទន្ទឹមនឹងគ្នានេះ។
បើយោងតាមគេហទំព័រ worldatlas.com មានប្រទេសចំនួន ៥ ដែលជាប់ឈ្មោះមានប្រជាជនប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេនៅក្នុងឆ្នាំ ២០១៩នេះ។ ប្រទេសទាំងនោះរួមមាន៖
១.ចិន
ដោយសារតែចិនមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅពេលបច្ចុប្បន្ន (១ ៣៨៦ លាននាក់) មហាអំណាចមួយនេះក៏ជាប់ឈ្មោះជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេផងដែរ ពោលគឺ ៧៤៦ លាននាក់។ នៅក្នុងមួយទសវត្សចុងក្រោយនេះ ការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសនេះបានកើនឡើងជិត ២ ដង។
២.ឥណ្ឌា
មិនខុសពីចិនប៉ុន្មានដែរ ឥណ្ឌាដែលមានប្រជាជនប្រហាក់ប្រហែលចិនដែរនោះ ( ១ ៣៣៦លាននាក់) ក៏បានជាប់ឈ្មោះលំដាប់លេខរៀងទី២ ជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅពេលបច្ចុប្បន្ននៅក្នុងចំណោមប្រជាជនជាង ១ ពាន់លាននាក់ ចំនួនប្រើប្រាស់អ៊ីនធឺណិតរបស់ប្រទេសនេះគឺជិត ៧០០ លាននាក់ ពោលគឺ ៦៩៩ លាននាក់។
៣.អាមេរិក
ងាកមកមើលអាមេរិកវិញដែលជាមហាអំណាចសេដ្ឋកិច្ចទី១នៅលើពិភពលោក បានជាប់ចំណាត់ថ្នាក់ទី៣ ដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេបំផុត។ ក្នុងនាមជាមហាអំណាចមួយដែលជាអ្នកផ្ដល់កំណើនដល់សេវាកម្មអ៊ីនធឺណិត ចំនួនអ្នកប្រើប្រាស់ក្នុងប្រទេសនេះគឺមានចំនួន ២៤៥ លាននាក់នៅក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ៣២៧ លាននាក់ ឬស្មើនឹង ៨០%។
៤.ប្រេស៊ីល
ប្រេស៊ីលជាប់ឈ្មោះជាប្រទេសមានប្រជាជនច្រើន ជាងគេបំផុតលំដាប់ថ្នាក់ទី ៦នៅលើពិភពលោកគឺ ២០៩ លាននាក់។ យ៉ាងណាក៏ដោយ បើនិយាយពីចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតវិញ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី ៤ ដែលមានសរុប ១២៣ លាននាក់ ឬស្មើនឹងជិត ៦០% ប្រជាជនសរុបរបស់ខ្លួន។
៥.ជប៉ុន
ជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទី ៣នៅលើ ពិភពលោក មានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេបំផុតក្នុងចំណាត់ថ្នាក់ទី ៥។ ក្នុងចំណោមប្រជាជនប្រមាណ ១២៧ លាននាក់ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសនេះគឺមានចំនួន ១១៧ លាននាក់ ឬស្មើរហូតដល់ ៩២ លាននាក់ឯណោះ។
ខាងក្រោមនេះជាឈ្មោះប្រទេសចំនួន ១០ មានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេ៖
១.ចិន ៧៤៦ លាននាក់
២.ឥណ្ឌា ៦៩៩ លាននាក់
៣.អាមេរិក ២៤៥ លាននាក់
៤.ប្រេស៊ីល ១២៣ លាននាក់
៥.ជប៉ុន ១១៧ លាននាក់
៦.រុស្ស៊ី ១១០ លាននាក់
៧.ម៉ិកស៊ិក ៧៥ លាននាក់
៨.អាល្លឺម៉ង់ ៧៣ លាននាក់
៩.ឥណ្ឌូណេស៊ី ៦៦ លាននាក់
១០.ប៉ាគីស្ថាន ៦២ លាននាក់៕
ប្រភព៖ wolddatlas