ពិតជាច្នៃប្រឌិតមែន! ជប៉ុនច្នៃកាកសំណល់គ្រឿងអេឡិចត្រូនិករាប់ពាន់តោនផលិតជាមេដាយអូឡាំពិក
ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុននឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះហើយ។ ក៏ប៉ុន្តែ មហាអំណាចសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីបូព៌ាមួយនេះមិនខ្ជះខ្ជាយពេលវេលាក្នុងការផលិតរង្វាន់មេដាយសម្រាប់កីឡាករឡើយ ដោយមេដាយទាំងនោះផលិតចេញពីកាកសំណល់គ្រឿងអេឡិចត្រូនិកទាំងអស់។
យោងតាម Tokyo 2020 Medal Project អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ប្រទេសជប៉ុនបានផលិតមេដាយទាំងនោះពីកាកសំណល់គ្រឿងបច្ចេកវិទ្យាមួយចំនួនដែលមានទម្ងន់ជាង ៧៨ ៩៨៥ តោនក្នុងនោះមានទូរស័ព្ទជាង ៦.២១ លានគ្រឿង។ នៅចន្លោះខែមេសាឆ្នាំ ២០១៧ និងខែមីនាឆ្នាំ ២០១៩ ប្រជាជននៅទូទាំងបានបរិច្ចាគឧបករណ៍អេឡិចត្រូនិកមួយចំនួនរបស់ពួកគេយ៉ាងច្រើន។
ក្នុងឧបករណ៍កែច្នៃជិត ៨០ ០០០ តោននោះ គឺគេចម្រាញយកបានមាស ៣២ គីឡូក្រាមប្រាក់ ៣ ៥០០ គីឡូក្រាម និងសំរឹទ្ធ ២ ២០០ គីឡូក្រាមដែលនេះគឺជាភាពច្នៃប្រឌិតថ្មីមួយដែលគួរឲ្យកោតសរសើរបំផុតដល់ប្រទេសមួយនេះ។
កាលពីមុនជប៉ុនបានប្រកាសថា ខ្លួនមានគម្រោងចង់កែច្នៃកាកសំណល់គ្រឿងអេឡិចត្រូនិកមួយចំនួនក្នុងការបង្កើតមេដាយសម្រាប់កីឡាករអូឡាំពិក និងប៉ារ៉ាឡាំពិកហើយមានមហាជនជាច្រើនបាននាំគ្នាអស់សំណើចជាមួយនឹងសេចក្ដីប្រកាសមួយនេះផងដែរ។ ប៉ុន្តែជប៉ុនបានធ្វើឲ្យសាធារណជនភ្លឺភ្នែកជាមួយនឹងគំនិតច្នៃប្រឌិតដ៏គួរឲ្យកោតសរសើរមួយនេះ។
ដោយ៖ នឿន វណ្ណៈ