មកដឹងពីសម្បត្តិលក្ខណៈនិងការផលិតរបស់កាំបិតគុណភាពលេខមួយ Swiss Army Knife​



កាំបិតរបស់កងទ័ពស្វីស (Swiss Army Knife) ជាទូទៅមានកាំបិត លំពែងសំខាន់ៗក៏ដូចជាឧបករណ៍ផ្សេងៗដូចជាទួរណឺវីស ឧបករណ៍បើកក្រវិលកំប៉ុង និងឧបករណ៍ជាច្រើនទៀត។ ចំណុចទាក់ទាញរបស់កាំបិតកងទ័ពស្វីសនេះជាធម្មតាត្រូវបានបង្ហាញជាពណ៌ក្រហមនិងពណ៌ផ្សេងៗទៀតដែលមានរាងរចនាបទប្លែកៗមួយចំនួន​។ ប៉ុន្តែជាភាគច្រើនចំណុចសម្គាល់កាំបិតកងទ័ពស្វីសនេះគឺរចនាដោយមានរូបសញ្ញាឈើឆ្កាង Victorinox ឬ Wenger ដែលជាអត្តសញ្ញាណរបស់កងទ័ពស្វីស។

កាំបិតនេះមានវត្តមានជាង ១៣០ ឆ្នាំមកហើយបើគិតមកទល់ពេលនេះ។ កាំបិតនេះមានដើមកំណើតនៅទីក្រុង Ibach ប្រទេសស្វីសដោយត្រូវបានផលិតដំបូងក្នុងឆ្នាំ ១៨៩១ បន្ទាប់ពីក្រុមហ៊ុនKarl Elsener ដែលក្រោយមកប្ដូរឈ្មោះជា Victorinox ដែលបានឈ្នះកិច្ចសន្យាក្នុងការផលិតម៉ូឌែលកាំបិតរបស់កងទ័ពស្វីសក្នុងឆ្នាំ ១៨៩០ ។ ហើយក្រុមហ៊ុនVictorinox នេះជារោងចក្រផលិតកាំបិតធំជាងគេក្នុងតំបន់អ៊ឺរ៉ុប។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺជារៀងរាល់ឆ្នាំក្រុមហ៊ុនតែមួយនេះផលិតបានកាំបិតនេះបានជាង ១០ លានកាំបិតនិងជារៀងរាល់ថ្ងៃផលិតបាន ៤.៥ ម៉ឺនកាំបិត។ ការផលិតកាំបិតនីមួយៗត្រូវការចំណាយពេលជាង ៥ នាទីផ្អែកតាមម៉ូដែលរបស់កាំបិតនោះដែលបច្ចុប្បន្ននេះមានជាង ៤០០ ម៉ូដែលជាង។

ជាពិសេសជារៀងរាល់ឆ្នាំគឺរោងចក្រនេះនាំចូលដែកថែបជាង ២៤០០ តោន។ ការផលិតកាំបិតនេះគឺបូកផ្សំជាមួយនឹងកម្លាំងម៉ាស៊ីនផងនិងកម្លាំងដៃផ្ទាល់ផងដែរ។ ក្នុងការផលិតនេះគឺមានដុំរមៀលដែលមានកម្លាំងសម្ពាធកិនដែករហូតដល់ទៅជាង ៥០ ពាន់តោនហើយដុំរមៀលមួយអាចផលិតបានបន្ទះដែកកាំបិតជាង ១៦០០០ ដែលមានកម្រាស់ជាង ២ មីលីម៉ែត្រ។។ បន្សំសារធាតុទាំងនោះផ្សំឡើងពីដែក (iron) ជាង ៨៥ ភាគរយនិងដែកក្រូម (chromium) ជាង ១៣ ភាគរយនិងសារធាតុរឹងជាមួយចំនួន។ បន្ទះកាំបិតគឺផ្សំឡើងពីដែករឹងឯចុងឧបករណ៍ទួរណឺវីសនិងគាស់ក្រវិលដបគឺផ្សំឡើងពីដែកទន់ដែលស្រោបដោយផ្លាស្ទិច។ ក្រោយមកក៍ឆ្លងកាត់ដំណាក់កាលដុសខាត់ សំលៀង វាយត្រាសញ្ញារបស់ក្រុមហ៊ុននិងដាក់កម្ដៅក្នុងសីតុណ្ហភាពដល់ទៅជាង ១០៥០ អង្សាសេ។ ជាពិសេសនោះបន្ទាប់ពីឆ្លងកាត់ដំណាក់កាលទាំងនោះហើយគឺនឹងកាត់ដំណាក់កាលដូសជូតសម្អាតដោយដៃមុននឹងដាក់លក់៕

ដោយ៖ នឿន វណ្ណៈ

 

X
5s