Jack Ma ថា បច្ចេកវិទ្យា AI នឹង​ធ្វើ​ឲ្យ​មនុស្ស​​ធ្វើការ​ត្រឹម ១២ ម៉ោង​ក្នុង​មួយ​សប្តាហ៍​



មហាសេដ្ឋី​ចិន​លោក Jack Ma ​បាន​លើក​ឡើង​ថា ជាមួយ​នឹង​ភាព​រីកចម្រើន​វិស័យ​បច្ចេកវិទ្យា នៅ​ពេល​អនាគត បច្ចេកវិទ្យា​​ឆ្លាតវៃ​សិប្បនិម្មិត (Artificial Intelligence) នឹង​​អាច​ធ្វើ​ឲ្យ​មនុស្ស​ធ្វើការ​ត្រឹមតែ ១២ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​​សប្តាហ៍។ ​

ដោយ​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ពិភពលោក​មួយ​ស្ដីពី​បច្ចេកវិទ្យា​ឆ្លាតវៃ​សិប្បនិម្មិត (World Artificial Intelligence Conference) ​​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​កាល​ពី​សប្តាហ៍​មុន​ មហាសេដ្ឋី​​មាន​ប្រាក់​ ៣៨ ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា៖« ខ្ញុំ​គិត​ថា មនុស្ស​គួរ​ធ្វើ​ការ​ត្រឹម ៣ ថ្ងៃ​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍ ឬ ៤​ម៉ោង​ក្នុង​​មួយ​ថ្ងៃ​»

«ខ្ញុំ​​គិត​ថា ដោយសារតែ​បច្ចេកវិទ្យា​ឆ្លាតវៃ​សិប្បនិម្មិត AI វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ពេល​ច្រើន​ជាង​មុន​ដើម្បី​​ធ្វើ​រឿង​សប្បាយៗ​ក្នុង​ជីវិត។ ខ្ញុំ​មិន​គិត​ថា នៅ​ពេល​អនាគត​មនុស្ស​យើង​នឹង​​ត្រូវ​​រក​ការងារ​ធ្វើ​​ច្រើន​ដូច​ឥឡូវ​នេះ​ទេ។ ការងារ​ដែល​យើង​ត្រូវការ​ គឺ​ការងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត ការងារ​ដែល​ផ្តល់​​បទពិសោធន៍​ល្អ​ក្នុង​ជីវិត ការងារ​សប្បាយៗ»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ប្រធាន​ក្រុមហ៊ុន Alibaba រូប​នេះ។

​នៅ​អំឡុង​ពេល​កំពុង​មាន​វត្តមាន​នៅ​លើ​​វេទិកា​នេះ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla គឺ​លោក Elon Musk  មហាសេដ្ឋី Jack Ma  បាន​​លើក​ឧទាហរណ៍​​មួយ​នៃ​បដិវត្ត​ឧស្សាហកម្ម  និង​អគ្គិសនី​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​​ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ បាន​​ជួយ​បង្កើត​តុល្យភាព​ជីវិត ​និង​ការងារ​កាន់តែ​ប្រសើរ​ឡើង​។ លោក​​ថា  ថាមពល​អគ្គិសនី ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មាន​ពេល​ទំនេរ​​ច្រើន​ជាង​មុន​ ដូច្នេះ​អ្នក​អាច​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ពេលល្ងាច​​ឬ ក៏​អ្នក​​អាច​ទៅ​ចូលរួម​ពិធី​ជប់លៀង​រាំ​លេង​កម្សាន្ត​សប្បាយៗ​ជាមួយ​មិត្តភក្ដិ​របស់​អ្នក​បាន​ដោយ​មិន​សូវ​ខ្វាយខ្វល់​ដូចមុន​ឡើយ។

ទាក់ទង​ទៅ​នឹង​ការ​យល់​​ឃើញ​ខាងលើ​នេះ​គេ​​អាច​សង្កេត​បាន​ថា មិនមែន​មានតែ​​មហាសេដ្ឋី​ចិន​រូប​នេះ​​ទេ​ដែល​មាន​ភាព​សុទិដ្ឋិនិយម​ចំពោះ​​បដិវត្ត​បច្ចេកវិទ្យា AI នៅ​ពេល​អនាគត។ សូម្បីតែ​មហាសេដ្ឋី​អាមេរិក លោក Bill Gates ក៏​ធ្លាប់​បាន​លើកឡើង​ផង​ដែរ​ថា AI នឹង​ធ្វើ​ឲ្យ​ការងារ​របស់​មនុស្ស​​កាន់តែ​មាន​គុណភាព​ល្អ​ ហើយ​មនុស្ស​នឹង​មាន​​ពេល​ទំនេរ​ដើរ ​លំហែ​កាន់តែ​យូរ​ជាង​មុន។ 

​​​«គោលបំណង​របស់​មនុស្ស​យើង​មិន​មែន​ចង់​អង្គុយ​ធ្វើ​ការ​នៅ​មុខ​កុំព្យូទ័រ​​រាប់​ម៉ោង ឬ​​អង្គុយ​លក់​​​​រាល់​ថ្ងៃ​​ពី​ពីព្រលឹមទាល់ព្រលប់​ទេ។ មនុស្ស​យើង​មាន​ពេល​ទំនេរ​កាន់តែ​ច្រើន មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ»។ លោក Bill Gates បញ្ជាក់​បន្ថែម៕

ប្រភព៖​CNBC 

 

X
5s