អត់ពី Android ទៅតើ HongmengOS របស់ Huawei អាចនឹងមានវាសនាដូច Tizen OS និង Windows OS ទេ?​



យោងតាម Abacus News បានឲ្យដឹងថាខ្សែស្រឡាយហ្វូនតតំណែងពីស្មាតហ្វូន Huawei P30 ដែលជាស្មាតហ្វូន Huawei P40 អាចនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

បន្ទាប់ពីអាមេរិកបានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះលើបញ្ជីខ្មៅមក គឺក្រុមហ៊ុន Google បានក្លាយជាអាវុធរបស់អាមេរិកក្នុងការធ្វើទុក្ខបុកម្នេញក្រុមហ៊ុនចិនមួយនេះដោយហាមប្រាមមិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះនិងមួយចំនួនទៀតធ្វើការសហការជាមួយក្រុមហ៊ុន Huawei ។

កន្លងមក Google គឺជាក្រុមហ៊ុនដែលផ្ដល់នូវប្រព័ន្ធប្រតិបត្តិការដ៏ល្បីល្បាញរបស់ខ្លួន Android ដល់ក្រុមហ៊ុន Huawei ក្នុងការបំពាក់លើស្មាតហ្វូនខ្លួន។ ប៉ុន្តែក្រុមហ៊ុនចិនមួយនេះមិនទាន់អស់អាល័យជាមួយនឹងដៃគូសហការរបស់ខ្លួនទេព្រោះថាក្រុមហ៊ុនមួយនេះដឹងច្បាស់ថាពេលអត់ពី Google ទៅគឺខ្លួនច្បាស់ជាជួបបញ្ហាមួយចំនួនជាក់ជាមិនខាន​។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Huawei បានត្រៀមរួចជាស្រេចជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួនក្នុងប្រការដែលអាមេរិកនិងក្រុមហ៊ុន Huawei មិនអាចឈានទៅដល់ដំណោះស្រាយល្អជាងស្ថានភាពដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ។ ហើយត្រសៀកៗ ក្រុមហ៊ុន Huawei បានឲ្យដឹងថាក្នុងឆ្នាំ ២០២០ ខាងមុខនេះគឺទូរស័ព្ទស្មាតហ្វូន Huawei P40 អាចនឹងលេចមុខឡើងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS បើសិនជា Huawei ឈប់សហការជាមួយ Google ។  

តែទោះជាយ៉ាងណាក្ដី មិនដឹងច្បាស់ថាក្រុមហ៊ុនមួយនេះអាចនឹងត្រូវស្វាគមន៍ជាមួយនឹងភាពជោគជ័យឬបរាជ័យជាមួយនឹងរបត់ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនលើស្មាតហ្វូន Huawei P40 នេះឬយ៉ាងណានោះទេព្រោះធ្លាប់មានក្រុមហ៊ុនស្មាតហ្វូនធំផ្សេងទៀតដូចជាក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Samsung ដែលធ្លាប់បរាជ័យជាមួយនឹងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។

ក្រុមហ៊ុន Microsoft ធ្លាប់បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Windows OS លើស្មាតហ្វូនរបស់ខ្លួនប៉ុន្តែបានបរាជ័យហើយបាត់ស្រមោលទៅវិញ។ ដូចគ្នាដែរ ក្រុមហ៊ុន Samsung ក៍ធ្លាប់បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Tizen OS សម្រាប់ស្មាតហ្វូនរបស់ខ្លូនប៉ុន្តែមិនបានយូរប៉ុន្មានផងក៍មានវាសនាដូចប្រព័ន្ធប្រតិបត្តិការ Windows ដែរហើយបច្ចុប្បន្នគឺប្រព័ន្ធប្រតិបត្តិការត្រូវបានបំពាក់លើស្មាត TV និងស្មាត Watch របស់ក្រុមហ៊ុននេះ។

មកទល់ពេលនេះគឺមានក្រុមហ៊ុន Apple តែមួយប៉ុណ្ណោះដែលបានទទួលជោគជ័យជាមួយនឹងប្រព័ន្ធប្រតិបត្តិការ IOS និង macOS របស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថានឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ iPadOs សម្រាប់ iPad របស់ខ្លួន៕

ដោយ៖ នឿន វណ្ណៈ

 

X
5s