Development Innovation Expo 2019 បង្ហាញពីបច្ចេកវិទ្យាទំនើបជួយដល់សង្គមបានយ៉ាងច្រើន
កម្មវិធីពិព័រណ៌ Development Innovation Expo 2019 ជាគម្រោងមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅ The Factory Phnom Penh។
កម្មវិធីនេះធ្វើឡើងដើម្បីអបអរលទ្ធផល និងដៃគូររបស់ USAID ក្នុងកំឡុងពេល ៦ ឆ្នាំកន្លងមក ដែលវាបានគាំទ្រប្រជាជនកម្ពុជាយ៉ាងច្រើនក្នុងការរៀនជំនាញឌីជីថលសំខាន់ៗ និងគាំទ្រដៃគូរក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាជាង ៧០ ផ្តល់ប្រយោជន៍ដល់ប្រជាជនច្រើនជាង ១.៥ លាននាក់ទូទាំងប្រទេសកម្ពុជា។
ពិព័រណ៌នេះមានការចូលរួមពីអ្នកតំណាងក្រសួងអប់រំយុវជន និងកីឡា អ្នកតំណាងពីសំណាក់រដ្ឋាភិបាលអាមេរិក ម្ចាស់អាជីវកម្ម អ្នកច្នៃបង្កើតវ័យក្មេង ម្ចាស់ជំនួយ ដៃគូរក្នុងវិស័យឯកជន និងដៃគូររបស់ Development Innovation (DI) និងសាធារណៈជនដែលមានជាច្រើនប្រមាណជាង ២៥០ នាក់។
ក្នុងកម្មវិធីនៃការតាំងពិព័រណ៌នេះមានការដាក់បង្ហាញបច្ចេកទេសនៃអ្នកបង្កើតថ្មីៗ ការណែនាំ ក៏ដូចជាផ្តល់ការចែករំលែកចំណេះដឹង មេរៀនដែលបានសិក្សា និងស្វែងយល់ពីចំនុចដែលអាចសហការគ្នាបាន។ គម្រោង DI នេះក៏បានសហការជាមួយនឹងដៃគូរជាច្រើនដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួននៅប្រទេសកម្ពុជារួមមាននិស្សិត សហគ្រាសសង្គម បណ្តាញសហគមន៍ ធុរកិច្ចបច្ចេកវិទ្យា និងក្រុមហ៊ុនវិនិយោគ ដែលវាពិតជាផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងសង្គមរបស់យើងបានយ៉ាងច្រើន។
ប្រធានគម្រោង DI លោកស្រី Kate Heuisler បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ដៃគូររបស់គម្រោងយើងបានជួយដោះស្រាយបញ្ហាចម្បងសម្រាប់ប្រជាជនកម្ពុជាដូចជា ជួយពួកគាត់ឲ្យជៀសផុតពីគ្រោះទឹកជំនន់ និងផ្តល់ជូនជាឧបករណ៍ជួយឲ្យសិស្សានុសិស្សត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការប្រលងបញ្ចប់វិទ្យាល័យជាដើម។
ដៃគូររបស់យើងខ្ញុំប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជាគេហទំព័រ កម្មវិធីទូរស័ព្ទដៃ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬឧបករណ៍បច្ចេកវិទ្យាជាក់ស្តែងណាមួយ ហើយពួកគាត់ពិតជារៀនសូត្រ កែតម្រូវ និងតែងតែគិតពីអនាគត។ អ្នកទាំងនេះគឺជាអ្នកដែលបង្កើតដំណោះស្រាយច្នៃបង្កើតថ្មីៗសម្រាប់ប្រទេសកម្ពុជា៕
ដោយ៖ យ៉ាយ៉ា