ពិព័រណ៍ CAMBUILD 19 ប្រមូលផ្តុំដោយក្រុមហ៊ុននិងយីហោល្បីជាង ៥០០ លើវិស័យសំណង់
ពិព័រណ៍អគារ សំណង់ មេកានិច និងអគ្គិសនីធំជាងគេបំផុតក្នុងប្រទេសកម្ពុជាខ្នាតអន្តរជាតិលើកទី ៩ Cambuild 19 បានប្រារព្ធសារជាថ្មីម្តងទៀតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។
កម្មវិធីពីព័រណ៍នេះត្រូវបានបើកនៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការតំណាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក Andrew Siow នាយកប្រតិបត្តិក្រុមហ៊ុន AMB Tarsus Events Group ឯកឧត្តម ឆាយ ឬទ្ធិសែន អគ្គលេខាធិការស្ថាបត្យករកម្ពុជា ឯកឧត្តម សែន វុទ្ធី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម លោក ស៊ីន សុជាតិ លោក Phonexay Southipong ប្រធានសមាគមស្ថាបត្យករ និងសំណង់ស៊ីវិលនៃប្រទេសឡាវ រួមជាមួយវត្តមានក្រុមហ៊ុនដាក់តាំងពិព័រណ៍ និងយីហោជាង ៥០០ តំណាង ២៣ ប្រទេស ដែលលាតសន្ធឹងលើផ្ទៃដី ១០,០០០ ម៉ែត្រការ៉េ។
ពិព័រណ៍ Cambuild 19 នេះផ្តោតសំខាន់លើគំនិតច្នៃប្រឌិតថ្មីៗ សុវត្ថិភាពនៃអគារ ការត្រួតពិនិត្យគុណភាពសំណង់ប្រកបដោយប្រសិទ្ធិភាព។ ពិព័រណ៍នេះជាកន្លែងដ៏ល្អមួយក្នុងការផ្គូផ្គង់អ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការលើវិស័យសំណង់ អចលនទ្រព្យ ស្ថាបត្យករ អ្នកជំនាញតុបតែងរចនា អ្នកម៉ៅការ វិស្វករ អ្នកលក់សម្ភារៈសំណង់ ឧបករណ៍សាងសង់ អ្នកផ្គត់ផ្គង់អគ្គិសនី ថាមពល ប្រព័ន្ធសុវត្ថិភាព និងអគ្គិភ័យ ផលិតផលម៉ាស៊ីនត្រជាក់ និងការផ្គត់ផ្គង់ការបន្សុទ្ធទឹក។
កម្មវិធីតាំងបង្ហាញមួយនេះត្រូវបានគេព្យាករណ៍ថានឹងមានការចូលរួមពីអ្នកមានតម្រូវការទិញប្រមាណ ១៥,០០០ នាក់ ដែលពួកគាត់នឹងទទួលបានផលិតផលរាប់ពាន់ បច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការសម្ពោធផលិតផលថ្មីជាដើម។
ក្នុងឱកាសនៃការបើកកម្មវិធី ឯកឧត្តម លាង មុនីរិទ្ធ បានធ្វើការសង្កត់ធ្ងន់លើការអភិវឌ្ឍសំណង់នេះថា សំណង់ដែលសាងសង់ក្នុងប្រទេសកម្ពុជាត្រូវតែមានគុណភាព និងសុវត្ថិភាពនៃអគារដើម្បីធានាបានថា នឹងគ្មានការបានត់បង់ជីវិតតទៀតទេ។ ឯកឧត្តម សង្ឃឹមថាអ្នកអភិវឌ្ឍ អ្នកទទួលម៉ៅការត្រវប្រតិបត្តិតាមគោលការណ៍ ក្បួនច្បាប់នៃការសាងសង់ និងរចនាទៅតាមស្តង់ដារអន្តរជាតិសម្រាប់គ្រប់គម្រោងទាំងអស់។
ពិព័រណ៍មួយនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួង និងសមាគមដូចជា គណៈស្ថាបត្យករកម្ពុជា និងសំណង់ នគររូបនីយកម្ម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសមាគមាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។
មិនតែប៉ុណ្ណោះអ្នកទស្សនាពិព័រណ៍ Cambuild 19 ក៏មានឱកាសចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃទាក់ទងនឹងគំនិតច្នៃបង្កើតថ្មី ចំណេះដឹងផ្នែកបន្សុទ្ធទឹក សុវត្ថិភាព ម៉ាស៊ីនត្រជាក់ និងសម្ភារៈសំណង់ថ្មី ដែលសិក្ខាសាលាទាំងនោះនឹងត្រូវធ្វើបទបង្ហាញដោយអ្នកជំនាញ ក៏ដូចជាផ្តល់ជូនចំណេះដឹងយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងវិស័យសំណង់។
ពិព័រណ៍ Cambuild 19 នឹងបើកសម្រាប់អ្នកទិញ និងអ្នកជំនាញដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៥ ល្ងាច។ ការចូលរួមគឺដោយឥតគិតថ្លៃ ព័ត៌មានបន្ថែមទាក់ទងនឹងការទស្សនាសូមចូលទៅកាន់គេហទំព័រ www.cambuildexpo.com។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ Cambuild 19 និងពិព័រណ៍សហការត្រុវបានរៀបចំដោយក្រុមហ៊ុន AMB Tarsus Events Group ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខគេក្នុងតំបន់អាស៊ី មានការិយាល័យកណ្ដាលស្ថិតក្នុងទីក្រុងអូឡាំព្យារ៕
ដោយ៖ យ៉ាយ៉ា