ភ្នំពេញនៅតែជាទីតាំងសក្តានុពលសម្រាប់ការវិនិយោគលើអចលនវត្ថុ
នាព្រឹកថ្ងៃព្រហស្បត្តិទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) រៀបចំវិទិកាជាមួយអ្នកសារព័ត៌មានស្តីពី “ស្ថានភាពអចលនវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត" នៅភោជនីយដ្ឋានទន្លេបាសាក់២ ។
កម្មវិធីនេះមានការអណ្ជើញចូលរួមពីសំណាក់លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា លោក ហ៊ឹម សីហា នាយកស្រាវជ្រាវ VTRUST APPRAISAL លោក ពឹង សេរី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងលោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនទ្រព្យកម្ពុជា។
ជាកិច្ចស្វាគមន៍លោក ពុយ គា បានថ្លែងថា ក្លឹបអ្នកកាសែតកម្ពុជា តែងរៀបចំកម្មវិធី ក៏ដូចជាការចែករំលែកចំណេះដឹងនានាលើគ្រប់វិស័យ ដោយឡែកថ្ងៃនេះក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកា ស្តីពីស្ថានភាពអចលនវត្ថុកម្ពុជាពេលបច្ចុប្បន្ន និងទៅអនាគត។
បន្ទាប់ពីនោះ លោក ច្រឹក សុខនីម បានថ្លែងថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានសក្តានុពលធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងអាស៊ីដូចជា ចិន ជប៉ុន ថៃ-ល-។ លោកបញ្ជាក់ថា កំណើននៃការវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេសនៅតែមាន ទាំងការវិនិយោគិនលើអចលនទ្រព្យដែលជាដីឡូតិ៍ ឬសំណង់អគារ ខុនដូជាដើម។
លោក ហ៊ឹម សីហា បានលើកឡើងពីការព្យាករណ៍នៃលើវិស័យអចលនវត្ថុនៅភ្នំពេញថា បច្ចុប្បន្នកំណើនផ្ទះថ្មី (ជាប្រភេទផ្ទះជាប់ដីផ្ទះល្វែង) មានកំណើនពី ២០,០០០ ទៅ ២៥,០០០ ខ្នងក្នុងមួយឆ្នាំ បន្តដល់ឆ្នាំ ២០៣០ អាចនឹងកើនដល់ ៤០,០០០ ទៅ ៤៥,០០០ ខ្នង។ ដោយឡែកខុនដូមានកំណើនប្រមាណ ១០,០០០ យូនីត រហូតដល់ឆ្នាំ ២០៣០ ចំនួនខុនដូនអាចនឹងកើនដល់ ៣០០,០០០ យូនីត សរុបទាំងផ្ទះជាប់ដី និងខុនដូអាចមានកំណើនដល់ទៅ ៧០០,០០០ ខ្នង/យូនីត នៅឆ្នាំ ២០៣០។
ដោយឡែក លោក ម៉ាន់ ច័ន្ទឌី បានលើកពីស្ថានភាពដីឡូតិ៍ក្នុងប្រទេសកម្ពុជាថា ដីឡូតិ៍នៅតែជាសក្តានុពលលើការវិនិយោគសម្រាប់អ្នកមានចំណូលមធ្យម និងអ្នកដែលមានចំណូលទាប ព្រោះការវិនិយោគ ឬដាក់លុយលើដីឡូតិ៍ប្រសើរជាដាក់លុយក្នុងធនាគារ។ តែលោកបានសង្កត់ធ្ងន់ថា ការវិនិយោគនេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតពោលគឺ ត្រូវមើលទីតាំងថាទីនោះមានគម្រោងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ប្រព័ន្ធទឹក-ភ្លើង ត្រឹមត្រូវឬទេ មើលថាដីតំបន់នោះពិតជាដីស្របច្បាប់មែន ឬជាដីដែលគ្មានព័ត៌មានច្បាស់លាស់ មួយវិញទៀតក៏ត្រូវដឹងពីផែនការមេរបស់រដ្ឋាភិបាលដែរថាតំបន់នោះនឹងមានការអភិវឌ្ឍរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
គួរបញ្ជាក់ថា នេះជាលើទីពីរហើយដែលក្លឹបអ្នកកាសែតកម្ពុជាសហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា រៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពីស្ថានភាពអចលនរទ្រព្យនៅកម្ពុជានេះ ដោយលើកទីមួយធ្វើឡើងកាលពីខែមករា ឆ្នាំ ២០១៩ កន្លងទៅ៕
ដោយ៖ យ៉ាយ៉ា