ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់កំពុងរឹតបន្តឹងលើបទដ្ឋានគុណភាពសំណង់ទូទាំងប្រទេស​



ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការតំណាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា  ក្រសួងកំពុងធ្វើការរឹតបន្តឹងលើគុណភាពសំណង់ទូទាំងប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ការសម្ពោធកម្មវិធីពិព័រណ៌ Cambuild 19 កាលពីថ្ងៃទី ១៨ ខែកញ្ញា ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

ក្នុងកិច្ចសម្ភាសន៍នេះឯកឧត្តមបានលើកឡើងថា ការងារពង្រឹងការអនុវត្តគ្រប់គ្រងការដ្ឋានសំណង់ជាតួនាទីរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ក្រសួងបានដាក់កម្រិតឲ្យគ្រប់អ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ទាំងអស់ធ្វើការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានសំណង់ដើម្បីការពារសុវត្ថិភាពអ្នកធ្វើការផ្ទាល់នៅការដ្ឋាន ក៏ដូចជាការពារសុវត្ថិភាពអ្នកប្រើប្រាស់ដែលមានរយៈពេលយូរអង្វែង។ ការងារទាំងនេះទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងអ្នកវិនិយោគផងដែរ ព្រោះកាលបើអ្នកវិនិយោគមិនអនុវត្តតាមច្បាប់ គឺគាត់អាចជាអ្នកខាតបង់ទៅវិញក្នុងករណីមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ 

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ចំពោះការត្រួតពិនិត្យរាល់សំណង់ ឬការដ្ឋានទាំងអស់ត្រូវធ្វើឡើងជាដាច់ខាត ដោយបែងចែកតាមជំនាញ តាមថ្នាក់ដូចជាថ្នាក់ជាតិ ថា្នក់ក្រោមជាតិ (ខេត្ត មន្ទីរ ការិយាល័យស្រុក) ក៏ដូចជាតាមប្រភេទ តាមទំហំសំណង់នីមួយៗ។ ការចុះត្រួតពិនិត្យនេះក៏មានការបែងចែកតាមដំណាក់កាលៗផងដែរ ដូចជាដំណាក់កាលនៃការកំណត់ទីតាំង កំណត់ព្រំប្រទល់និងសំណង់ថាតើសមល្មមដែរទេ។ ក្រៅពីនេះគឺមានដំណាក់កាលនៃការត្រួតពិនិត្យលើការបុកគ្រឹះ ដំណាក់កាលពិនិត្យលើបច្ចេកទេសសាងសង់បន្តបន្ទាប់ទៀត។ 

ក្នុងករណីរកឃើញថាសំណង់មានបញ្ហាដូចជាមិនគោរពច្បាប់ ឬខុសបច្ចេកទេសសាងសង់ណាមួយ ក្រសួងនឹងចាត់វិធានការពីត្រជាក់ទៅក្តៅដូចជា ដំបូងធ្វើការណែនាំ ទុកពេលឲ្យធ្វើការកែតម្រូវឡើងវិញ។ តែបើបញ្ហានេះវាខុសពីបច្ចេកទេសសាងសង់ខ្លាំងនោះអាចឈានដល់ការផ្អាកដំណើរការរង់ចាំឲ្យមានការអនុវត្តត្រឹមត្រូវទើបអាចបន្តសកម្មភាពបាន។

ឯកឧត្តម លាង មុនីរិទ្ធិ ក៏បានឲ្យដឹងបន្ថែមដែរថា តាមតួលេខទទួលបានក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគលើវិស័យសំណង់មានការកើនឡើង ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ ២០១៨ កន្លងទៅ ហើយក៏រំពឹងថានឹងបន្តកើនឡើងរហូតបំណាច់ឆ្នាំ និងមិនមានការថមថយចុះអ្វីទេ។ 

គួរបញ្ជាក់ថា ការវិនិយោគលើវិស័យសំណង់ពិសេសការវិនិយោគលើខុនដូកំពុងមានសន្ទុះកើនឡើងចាប់ពីឆ្នាំ ២០១៨ មក ហើយក៏មិនទាន់ឃើញមានសញ្ញានៃការធ្លាក់ចុះអ្វីដែរក្នុងឆ្នាំ  ២០១៩ នេះ។ ទន្ទឹមនេះឯកឧត្តម លាង មុនីរិទ្ធិ ក៏បានបញ្ជាក់បន្ថែមថា ការវិនិយោគលើអគារពាណិជ្ជកម្មចម្រុះក៏កំពុងមានការរីកចម្រើនច្រើនដែរ ខណៈលំនៅដ្ឋានតម្លៃសមរម្យកំពុងទទួលបានការយកចិត្តទុកដាក់ពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ដើម្បីផ្តល់លទ្ធភាពដល់អ្នកទិញដែលមានចំណូលទាប និងចំណូលមធ្យមឲ្យបានកាន់តែច្រើន៕

ដោយ៖ យ៉ាយ៉ា

 

X
5s