តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យតម្លៃដីធ្លីនៅកម្ពុជានៅតែបន្តកើនឡើង?​



ដូចលោក-អ្នកបានជ្រាបខ្លះៗហើយថាកម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសក្នុងអាស៊ាន ដែលកំពុងទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ( GDP) មានប្រមាណ ៧.០% សម្រាប់ឆ្នាំ២០១៩ និងប្រហែល ៦.៨% ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។

ក្នុងរយៈពេលចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៅចន្លោះឆ្នាំ ២០០៨ ឆ្លងដល់ ២០០៩ មករាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍសេដ្ឋកិច្ចប្រទេសឲ្យបានល្អប្រសើរឡើងវិញបន្តិចម្តងៗរហូតដល់បច្ចុប្បន្នកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចនៅកម្រិត ៧.០% ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា។ 

ប្រទេសកម្ពុជាត្រូវបានពិភពលោកអោយតម្លៃថានឹងអាចក្លាយទៅជាកូននាគសេដ្ឋកិច្ចមួយ នៅក្នុងបណ្តាប្រទេសអាស៊ានក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ វិស័យទាំងបួននៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាមាន៖ វិស័យកសិកម្ម វិស័យវាយនភណ្ឌ (រោងចក្រកាត់ដេរ) វិស័យទេសចរណ៍ និងវិស័យសំណង់​ (អចលនទ្រព្យ)។ 

កាវវិនិយោគផ្ទាល់ពីបរទេស

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩ កម្ពុជាអនុញ្ញាឲ្យបង្កើតតគម្រោងវិនិយោគថ្មីចំនួន ១៥៣ ក្រោម ដែលប្រើទុនវិនិយោគជាង ៥ ពាន់លានដុល្លារ ហើយគម្រោងនេះបានបង្កើតការងារចំនួន ១៦៧,៣៣០ កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មាន ១០៥ គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបជាង ៣.៥ លានដុល្លារ។ 

ក្រឡេកមកមើលវិស័យសំណង់ និងអចលនទ្រព្យវិញពីមួយឆ្នាំទៅមួយឆ្នាំសកម្មភាពនៃការសាងសង់ និងការអភិវឌ្ឍក្នុងវិស័យនេះបាននិងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកវិនិយោគទាំងក្នុងស្រុក និងពីបរទេស។ 

លំហូរអ្នកវិនិយោគទុនពីបរទេស យ៉ាងច្រើនមកធ្វើការបណ្តាក់ទុន និងវិនិយោគនៅកម្ពុជា ខណៈប្រទេសមួយនេះកំពុងផ្តល់សញ្ញាវិជ្ជមានច្រើនលើសលុបក្នុងការវិនិយោគ ពិសេសក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ គេឃើញសន្ទុះលំហូអ្នកវិនិយោគចិនយ៉ាងច្រើនចូលមកកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យចម្បងៗមានដូចជា ៖ គម្រោង ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ អគារពាណិជ្ជកម្ម ផ្សារទំនើប រោងចក្រ និងកាស៊ីណូ ជាដើម ដែលរាប់ថាមានទឹកប្រាក់វិនិយោគខ្ទង់លានដុល្លារក្នុងមួយគម្រោងៗ។ 

វិស័យសំណង់វិញ តាមរយៈក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ចេញរបាយការណ៍សំណង់ដូចខាងក្រោម៖ 

ទិន្នន័យសំណង់ទូទាំងប្រទេសក្នុងឆ្នាំ ២០១៨ មានចំនួន ៣,២៩០ គម្រោង មានផ្ទៃក្រឡាចំនួន ១២,៣៧៨,១១៩ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,៧៥៥,០៧០,១២០ ដុល្លារ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ មានចំនួន ៣,៤១៨ គម្រោង ផ្ទៃក្រឡាចំនួន ១១,៣៨១,៨៨៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៦,៧៩៨,៦៦៣,១២៥ ដុល្លារ មានការថយចុះចំនួន ១៥,៣៥%​។ 

អ្នកវិភាគមើលឃើញថា ថ្វីត្បិតតែគម្រោង វិនិយោគ ហាក់មានការធ្លាក់ចុះបន្តិចសម្រាប់ឆ្នាំ២០១៨ ប៉ុន្តែពួកគាត់មើលថាក្នុងឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់អចលនទ្រព្យនេះនឹងកើនឡើងវិញ ដោយសារតែកំនើនវិនិយោគិនចិនទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ កត្តាដែលអ្នកជំនាញមើលឃើញថាឆ្នាំ២០១៩ នេះនឹងមានកំណើនទុនវិនិយោគឡើងវិញ ដោយសារតែបច្ចុប្បន្នប្រទេសជាតិមានស្ថានភាពនយោបាយល្អ ស្ថានភាពសេដ្ឋកិច្ចនៅរក្សាបានកំរិត ៧.០% សកម្មភាពសាងសង់ និងអភិវឌ្ឍយ៉ាងមមាញឹក លំហូរអ្នកវិនិយោគចូលមកវិនិយោគច្រើន  ដែលកត្តានេះធ្វើឲ្យមានសញ្ញាណនៃវិស័យអចលនទ្រព្យ និងសំណង់កើនឡើង ហើយតម្លៃដីធ្លីក៏នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

ដូចបានសង្កេតឃើញហើយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ឃើញលំហូរនៃវិនិយោគិនចិនបានចូលមកបណ្តាក់ទុន និងរកស៊ីនៅប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេសនៅក្រុងព្រះសីហនុ ដែលគេរំពឹងថាសកម្មភាពសាងសង់ និងការអភិវឌ្ឍក្នុងឆ្នាំ ២០១៩នេះ មានសន្ទុះខ្លាំងក្លាគួរឲ្យកត់សម្គាល់ ដូច្នេះហើយទើបអ្នកជំនាញបានរំពឹងទុកថាក្នុងឆ្នាំ២០១៩ នេះ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យពិតជាកើនឡើងយ៉ាងពិតប្រាកដ ។

លំហូរអ្នកវិនិយោគទុនចិន និងកូរ៉េកំពុងតែចូលច្រើន ពិសេសអ្នកវិនិយោគចិន ក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយនេះ ដែលបានផ្តោតលើការវិនិយោគប្រភេទ ខុនដូ កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សិប្បកម្ម សណ្ឋាគារ និងផ្ទះសំណាក់។ល។

កំណើនតម្រូវការ​ និងហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង

គេបានកត់សម្គាល់ឃើញថា តម្លៃដីធ្លីពីមួយឆ្នាំទៅមួយឆ្នាំនៅតែបន្តកើនឡើងឥតឈប់ឈរ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥតឈប់ឈរ និងប្រភពធនធានធម្មជាតិសម្បូរបែប ឱកាសវិនិយោគមានច្រើន សកម្មភាពនៃការសាងសង់គម្រោងនានាកំពុងកើតឡើងព្រោងព្រាត រីឯកត្តាប្រជាសាស្រ្ត (កំណើនប្រជាជន ១៦.៤៩ លាននាក់ក្នុងឆ្នាំ២០១៩) តម្រូវការនៅមានច្រើន ការផ្គត់ផ្គង់នៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ (ផ្លូវខ្វាត់ខ្វែង ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស) ជួយបម្រើដល់ ការដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសបណ្តាញផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺគម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ និងមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត ដែលជាផ្នែកមួយដ៏សំខាន់សម្រួលដល់សកម្មភាពនៃការដឹកជញ្ជូន និងការចរាចរគ្រប់ប្រភេទ។ 

ស្ថិរភាពនយោបាយ

ផ្ទះតាមបណ្តោយផ្លូវជាតិលខេ៤

ស្ថានភាពនយោបាយល្អ មិនបង្កភាពភ័យខ្លាចដល់អ្នក វិនិយោគទាំងក្នុង និងក្រៅស្រុក ហើយម្យ៉ាងវិញទៀតតម្លៃដីនៅ ប្រទេសកម្ពុជាហាក់មានកម្រិតទាបនៅឡើយ ប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់ អាស៊ាន៖ ចិន ថៃ កូរេ តៃវ៉ាន់ ហ្វ៊ីលីពីន ហុងកុង វៀតណាម ម៉ាឡេស៊ី ជាដើម។ 

តាមអ្នកជំនាញវិនិយោគចិន បានបង្ហើបអោយដឹងថា កម្ពុជានៅមានរយៈពេល ៣០ ឆ្នាំទៀត ដើម្បីអភិវឌ្ឍប្រទេសជាតិអោយក្លាយទៅជាហុងកុង ឬសាំងហ្កាពួរនាពេលបច្ចុប្បន្ន ។ ដូច្នេះមានន័យថាឱកាសវិនិយោគនៅមាន ៣០ ឆ្នាំទៀត សម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ហើយតម្លៃដីធ្លីក៏នៅតែបន្តកើនឡើងតាមល្បៀនសេដ្ឋកិច្ច និងដំណើរនៃការអភិវឌ្ឍប្រទេសជាតិផងដែរ។ 

ការបង្ហាញជូនខាងលើ គឺកត្តាសត្យានុម័ត ដែលបញ្ជាក់អោយឃើញពីអំណះអំណាងនៃតម្លៃ អចលនទ្រព្យ (ដី) នៅតែអាចបន្តកើនឡើងនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ពិសេស តំបន់ដែលមានការអភិវឌ្ឍ ទីប្រជុំជន តំបន់ឧស្សាហកម្ម ពិសេសតម្លៃដីនៅទីក្រុងភ្នំពេញ នេះតែម្តង ដែលនៅបន្តមានសញ្ញាវិជ្ជមានរយៈពេលវែងថែមទៀត។ 

គួរបញ្ជាក់ផងដែរថា តម្លៃដីនៅប្រទេសកម្ពុជាមានកំណើនមិនដូចគ្នាទេក្នុងមួយឆ្នាំៗ ដោយតំបន់ខ្លះឡើង ចន្លោះពី ៥% ទៅ ១៥% ក្នុងមួយឆ្នាំ រីឯតំបន់ខ្លះ ឡើងពីឡើងពី ១៥% ទៅ ៥០%ក្នុងមួយឆ្នាំៗ ហើយតំបន់ខ្លះទៀតក៏ឡើងដល់ ១០០% ឬ ២០០% ក្នុងមួយឆ្នាំ អាស្រ័យទៅដោយស្ថានភាពវិនិយោគ គម្រោងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍតំបន់នោះជាដើម៕ 

ដៃគូសហការ៖ www.realestate.com.kh

X
5s