អ្នកជំនាញព្យាករថា អាគារខ្នាតធំនៅភ្នំពេញនឹងកើនដល់ជាង៤សែនក្នុងឆ្នាំ២០៣០
ប្រភេទអគារខ្នាតធំដែលមានទំហំចាប់ពី១ម៉ឺនម៉ែតការ៉េឡើងនារាជធានីភ្នំពេញ ដូចជាប្រភេទអាគារកាណាឌីយ៉ា និងអគារវឌ្ឍនៈជាដើម ត្រូវបានអ្នកជំនាញព្យាករថា នឹងកើនឡើងដល់ ៤៧១,០០០ម៉ែតការ៉េ នៅក្នុងឆ្នាំ២០៣០ខាងមុខនេះ។ នេះបើតាមលោក ហឹម សីហា អ្នកជំនាញខាងវាយតម្លៃអចលនទ្រព្យ បានលើកឡើងនៅក្នុងកម្មវិធី «ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ» កាលពីពេលថ្មីៗកន្លងទៅ។
លោក ហឹម សីហា ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal បានលើកឡើងថា ចំពោះអាគារដែលមានទំហំធំចាប់ពី១ម៉ឺនម៉ែតការ៉េឡើងនារាជធានីភ្នំពេញ គិតមកដល់ឆ្នាំ២០១៨គឺមានចំនួនជាង ១សែន៨ម៉ឺនម៉ែតការ៉េ (sq.m)។ ជាមួយគ្នានេះ លោក សីហា បានព្យាករណ៍ថា អគារទំហំធំប្រភេទនេះ នៅរាជធានីភ្នំពេញនឹងបន្តកើនឡើងរហូតដល់ ៤សែនអគារនៅរយៈពេលប្រមាណ១០ឆ្នាំខាងមុខទៀត។
អ្នកជំនាញរូបនេះក៏បានព្យាករណ៍ផងដែរថា ប្រភេទផ្សារទំនើប (Shopping mall) និងមានកំណើនខ្ពស់ជាងគេ គឺនៅក្នុងកំឡុងឆ្នាំ២០៣០អាចកើនដល់ជិត១លានម៉ែតការ៉េ ជាចំនួនមួយដែលមានកំណើនខ្ពស់។ កំណើនខាងលើនេះ កើនឡើងដោយសារតែចំណូលរបស់ពលរដ្ឋកើនឡើង រួមផ្សំនឹងការវិវត្តនៃជីវភាពរស់នៅរបស់ពួកគាត់ទៅកាន់ភាពទាន់សម័យ និងស៊ីវីល័យ ដូចជាការនិយមទិញទំនិញ ម្ហូបអាហារតាមផ្សារទំនើបជាដើម។
ជាមួយគ្នានេះវិស័យអូតែលដែលជាផ្នែកមួយនៃវិស័យអចលនទ្រព្យ ក៏ត្រូវបានអ្នកជំនាញរូបនេះព្យាករណ៍ថា និងមានកំណើនកើនឡើងរហូតដល់រាប់សែនបន្ទប់ឯណោះនៅក្នុងឆ្នាំ២០៣០ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍។ បើក្រឡេកទៅមើលចំនួនទេសចរណ៍អន្តរជាតិមានចំនួន១០លាននាក់ ចំណែកឯទេសចរណ៍ក្នុងស្រុកមានរហូតដល់២០លាននាក់ឯណោះ ដូច្នេះតម្រូវការយ៉ាងហោចណាស់ក៏មានជាង១សែនបន្ទប់សម្រាប់ពួកគាត់ដែរ៕
ដោយ៖ ជួប ស្រីរ័ត្ន