បណ្ឌិត គីម ហ៊ាង៖ ចង់ទិញដីសង់ខុនដូលក់បានភ្លាមៗតំបន់ទាំង៣នេះល្អបំផុត
វិស័យខុនដូត្រូវបានអ្នកជំនាញវាយតម្លៃអចលនទ្រព្យភាគច្រើនព្យាករថានឹងមានសន្ទុះរីកចម្រើនខ្លាំងនារយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ខុនដូគឺជាប្រភេទផ្ទះដែលមានភាពស៊ីវីល័យ ជាពិសេសគឺមានទីតាំងអំណោយផល ដូច្នេះប្រសិនបើចង់វិនិយោគសាងសង់គម្រោងខុនដូ អ្នកមិនគួរមើលរំលងចំពោះការជ្រើសរើសទីតាំងនោះទេ។ ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate បានបង្ហាញនូវខណ្ឌសំខាន់ចំនួន៣ដែលល្អសម្រាប់ទីផ្សារខុនដូ គឺអាចសាងសង់ភ្លាមលក់បានភ្លាមៗតែម្ដង។
ប្រភពរូប៖ Facebook: KW Kim Heang
នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ Bizkhmer លោកបណ្ឌិត គីម ហ៊ាង ប្រាប់ថា ខណ្ឌចំការម៉ន ដែលមានដូចជាសង្កាត់ បឹងកេងកង១, បឹងកេងកង២, បឹងកេងកង៣ រួមនឹងសង្កាត់ទន្លេបាសាក់ជាដើម សុទ្ធសឹងជាទីតាំងពិសេស និងល្អបំផុតក្នុងការសាងសង់ខុនដូ។ ហើយក្រៅពីខណ្ឌចំការម៉ន គឺមាន ខណ្ឌ ៧មករា និងខណ្ឌដូនពេញ ដែលសុទ្ធតែជាតំបន់កណ្ដាលក្រុង និងជាទីតាំងដ៏មានសក្ដានុពល ពោលគឺប្រសិនបើសាងសង់ខុនដូរួចភ្លាម គឺយើងអាចលក់បានភ្លាមៗតែម្ដង។
លោកបានបន្តថា ប្រសិនបើយើងទិញដីទុកសម្រាប់ការសាងសង់ខុនដូនៅរយៈពេលចន្លោះពី២ ទៅ៥ឆ្នាំក្រោយ យើងអាចជ្រើសរើសទិញដីនៅតំបន់ទួលគោក។ តំបន់ទួលគោក បច្ចុប្បន្នប្រសិនបើទិញហើយក៏អាចសង់ខុនដូលក់បានភ្លាមដែរ ពិសេសបើរង់ចាំដល់២ទៅ៣ឆ្នាំទៀតចាំសង់លក់ក៏បានដូចគ្នា។ ដោយឡែកបើចង់ទិញដីទុកសម្រាប់សង់ខន់ដូរ នៅរយៈពេល៥ឆ្នាំទៅមុខទៀត តំបន់សែនសុខក៏ជាទីតាំងដែលល្អសម្រាប់ការសាងសង់។
លោក គីម ហ៊ាង បន្ថែមថា បើនិយាយពីទីផ្សារខុនដូ ភាគច្រើនគេសង់នៅតំបន់កណ្ដាលក្រុងដូចជាខណ្ឌ៧មករា ដូនពេញ ចំការមន និងមាននៅទួលគោកខ្លះៗ។ ចំពោះខណ្ឌទាំងនេះជាតំបន់ដែលនៅកណ្ដាលក្រុងល្អសម្រាប់ទីផ្សារខុនដូ ប៉ុន្តែបើទិញដីនៅតំបន់នេះធ្វើជាផ្ទះល្វែង ឬបូរី តំបន់ខាងលើគឺមិនសូវជាត្រូវនោះទេ ព្រោះតំបន់ទាំងនោះបច្ចុប្បន្នគឺមានតម្លៃខ្ពស់ណាស់៕
ដោយ៖ ជួប ស្រីរ័ត្ន