មិនធម្មតាទេ! Facebook គ្រោងចាយលុយរាប់លានដុល្លារទិញក្រុមហ៊ុនបច្ចេកវិទ្យាពីក្រុមហ៊ុន CTRL-Labs
យោងតាម Bloomberg បានឲ្យដឹងថាក្រុមហ៊ុន Facebook គ្រោងនឹងទិញក្រុមហ៊ុន CTRL-Labs ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៍ជឿនលឿនមួយដែលកំពុងបង្កើតកម្មវិធីមួយដែលអនុញ្ញាតិឲ្យមនុស្សប្រើការគិតរបស់ពួកគេក្នុងការគ្រប់គ្រងបច្ចេកវិទ្យាឌីជីថល។ ការចំណាយលើការទិញក្រុមហ៊ុនមួយនេះគឺត្រូវបានគេឲ្យដឹងថា Facebook ចំណាយថវិកាចន្លោះចាប់ពី ៥០០ លានដុល្លារអាមេរិកដល់ ១ ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន CTRL-Labs នេះបានផលិតកងដៃមួយដែលអាចប្រមូលទន្និន័យសកម្មភាពរបស់ណឺរ៉ូនដើម្បីយល់ដឹងពីសកម្មភាពដែលបុគ្គលនោះកំពុងតែគិតទោះបីជាបុគ្គលនោះគ្មានចលនាក៍ដោយ។ ទន្និន័យដែលបច្ចេកវិទ្យាកងដៃនោះទទួលបាននឹងបម្លែងទៅជាសកម្មភាពលើកញ្ចក់ឌីជីថលដែលបង្ហាញឲ្យឃើញថាបុគ្គលនោះកំពុងតែគិតអំពីសកម្មភាពអ្វី។ បច្ចេកវិទ្យាដូចអ្វីដែលក្រុមហ៊ុន CTRL-Labs នេះបានបង្កើតឡើងអាចនឹងក្លាយជាផលិតផលថ្មីក្នុងពេលអនាគតដែលអាចមានសមត្ថភាពនិងមុខងារលើសពីបច្ចេកវិទ្យាវែនតានិម្មិតក្នុងពេលបច្ចុប្បន្ននេះដែលអាចនឹងឲ្យអ្នកបញ្ជាកុំព្យូទ័របានដោយមិនបាច់ត្រូវការក្ដារវាយអក្សរឬប្រើប្រាស់ mouse ទៀតទេ។
កន្លងមកក្រុមហ៊ុនបណ្ដាញសង្គមយក្សអាមេរិក Facebook នេះបានវាយលុកក្នុងការស្រាវជ្រាវផ្នែកបច្ចេកវិទ្យា AR (augmented reality) យ៉ាងស្វិតស្វាញ។ ដូចកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានប្រកាសថាខ្លួនគ្រោងនឹងនាំមកនូវរបកគំហើញបច្ចេកវិទ្យាមួយដែលប្រើប្រាស់រំញោចណឺរ៉ូនខួរក្បាលឲ្យបម្លែងទៅជាសកម្មភាពផ្សេងៗដែលមនុស្សកំពុងគិត ហើយក្រុមហ៊ុននេះរំពឹងថាបច្ចេកវិទ្យានេះនឹងក្លាយជារបត់ថ្មីដែលអាចបម្លែងការគិតរបស់មនុស្សទៅជាការវាយអក្សរលើអេក្រង់កុំព្យូទ័រក្នុងពេលអនាគត។ ហេតុនេះហើយបានជាក្រុមហ៊ុន Facebook បានបោះលុយយ៉ាងច្រើនក្នុងការចំណាយទិញក្រុមហ៊ុន CTRL-Labs ដែលកំពុងតែព្យាយាមបង្កើតបច្ចេកវិទ្យាដែលមានលក្ខណៈសម្បត្តិទាំងនេះ៕
ដោយ៖ នឿន វណ្ណៈ