Huawei កំពុងសំងំរុករក ៦G ខណៈខ្លួនទើបនឹងជោគជ័យ ៥G
ក្រុមហ៊ុន Huawei កំពុងតែចាប់ផ្តើមការស្រាវជ្រាវនៅលើ 6G ដែលជាអ្នកបន្តតំណែងបណ្តាញអ៊ីនធឺណិត ៥G ខណៈបច្ចេកវិទ្យា៥G នេះមិនទាន់ដាក់ប្រើប្រាស់ក្នុងទ្រង់ទ្រាយធំនៅឡើយទេ នេះបើយោងតាមសម្តីលោក Ren Zhengfei នាយកប្រតិបត្តិក្រុមហ៊ុន Huawei (Huawei’s CEO)។
លោក Ren Zhengfei និយាយ៖ «ពួកយើងកំពុងតែធ្វើការព្រមគ្នាទៅលើបច្ចេកវិទ្យា ៥G និង ៦G បានន័យថាយើងបានចាប់ ផ្តើមរុករកលើ ៦G យូរណាស់មកហើយ»។
៥G គឺជាបច្ចេកវិទ្យាបណ្ដាញអ៊ិនធឺណិតជំនាន់ទី៥ ដែលមានល្បឿនអ៊ិនធឺណិតលឿនជាងគេបំផុត ដែលកំពុងត្រូវបានបំពាក់នៅក្នុងប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង ចក្រភពអង់គ្លេស ហើយថ្មីៗនេះនៅប្រទេសចិន។
លោក Ren Zhengfei បានមានប្រសាសន៍ថា៖ ពួកយើងបានធ្វើការទៅលើបច្ចេកវិទ្យា ៥G និង ៦G ក្នុងពេលជាមួយគ្នា ដូចនេះពួកយើងបានធ្វើការរុករកបច្ចេកវិទ្យា៦G នេះតាំងពីយូរមកហើយ ប៉ុន្តែបច្ចេកវិទ្យា ៦G នេះត្រូវការរយៈពេល១០ឆ្នាំទៀត។
ក្រុមហ៊ុន Huawei កំពុងតែធ្វើការផ្ដោតទៅលើបច្ចេកវិទ្យា ៥G ហើយក្រុមហ៊ុនយក្សចិនមួយនេះបានធ្វើការចុះកិច្ចសន្យាបច្ចេកវិទ្យារបស់ខ្លួន ជាមួយក្រុមហ៊ុនផ្សេងទៀតបានជាង ៥០រួមមកហើយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះកំពុងទទួលរងសម្ពាធពីសហរដ្ឋអាមេរិក ដែលចោទប្រកាន់ថាជាហានិភ័យសន្តិសុខជាតិ ដែលអាចនៅពីក្រោយខ្នងក្នុងឧបករណ៍បណ្តាញរបស់ខ្លួនដោយអនុញ្ញាតឲ្យរដ្ឋាភិបាលចិនអាចធ្វើចារកម្មទៅលើប្រជាជនអាមេរិក។ ប៉ុន្តែក្រុមហ៊ុនចិន នៅតែបដិសេធពីការចោទប្រកាន់នេះ៕
ដោយ៖ ជា ធារិទ្ធ