លោកឧកញ៉ា សៀ ឬទ្ធី៖ បើខ្លាចវិនិយោគលើដីឡូតិ៍ ឬខុនដូខាតគួរងាកមកធ្វើឃ្លាំងជួល
សព្វថ្ងៃការវិនិយោគលើដីឡូតិ៍ ការសាងសង់បុរី ក៏ដូចជាខុនដូជាដើម កំពុងមានកំណើន និងការសន្ទុះនៃការចាប់អារម្មណ៍វិនិយោគខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើននៃការវិនិយោគនោះរាប់ចាប់តាំងពីម្ចាស់គម្រោងសាងសង់ និងអ្នកទិញដើម្បីវិនិយោគ (លក់) បន្ត។
ទន្ទឹមនោះក៏នៅតែមានបុគ្គលមួយចំនួនដែលស្ទាក់ស្ទើរមិនទាន់ហ៊ានប្រថុយដាក់ទុនវិនិយោគ ព្រោះខ្លួនមិនទាន់មានបទពិសោធន៍លើវិស័យអចលនទ្រព្យ ក៏ដូចជាព័ត៌មានដែលទទួលបានសុទ្ធតែមិនអាចទុកចិត្តបានដូច្នេះពួកគេខ្លាចខាតបង់។
ប្រភពរូប៖ www.propertyarea.asia
លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group បានមានប្រសាសន៍ថា អ្នកដែលមានដើមទុនសមល្មម មានបំណងចង់វិនិយោគលើអចលនទ្រព្យ តែមិនហ៊ានវិនិយោគលើដីឡូតិ៍ បុរី ឬខុនដូ ដូចគេ អ្នកគួរងាកមកចាប់អារម្មណ៍លើការសាងសង់ឃ្លាំងនៅឯជាយៗក្រុងទុកសម្រាប់ជួល។ លោកឧកញ៉ាបានបញ្ជាក់ថា ការវិនិយោគលើឃ្លាំងនេះអាចហុចផលពី ៨ ទៅ ១០% ក្នុងមួយឆ្នាំ ខណៈដែលការជួលខុនដូបច្ចុប្បន្នអាចទទួលបានផលពី ៥ ទៅ ៨%ក្នុងមួយឆ្នាំប៉ុណ្ណោះ។
ប្រភពរូប៖ TownCity Real Estate Co.,Ltd
បើយើងងាកទៅរកព័ត៌មានមិនច្បាស់ការមួយលើកឡើងថា នឹងមានការតម្រូវឲ្យរើឃ្លាំង រើរោងចក្រទៅដាក់នៅតំបន់ក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មួយងាយស្រួលតភ្ជាប់ទៅខេត្តកំពត ខេត្តកែប និងអាចទៅដល់ខេត្តព្រះសីហនុ ពិសេសគឺតភ្ជាប់ទៅកំពុងផែតែម្តង។ ទាំងអស់នោះសុទ្ធតែជាលក្ខណៈពិសេស កត្តាអំណោយផល និងភាពវិជ្ជមានមួយក្នុងការវិនិយោគលើឃ្លាំង ឬរោងចក្រសម្រាប់ជួល។
តែមុនពេលសម្រេចចិត្តថាសាងសង់ត្រូវពិចារណា និងសែ្វងរកព័ត៌មានឲ្យបានច្បាស់ សព្វគ្រប់ជ្រុងជ្រោយថាទីតាំងដែលយើងនឹងសាងសង់នោះជាតំបន់ឧស្សាហកម្ម ជាតំបន់សេដ្ឋកិច្ច មានរោងចក្រ ឬជាតំបន់មានខ្សែសង្វាក់ផលិតកម្មមែនឬអត់។ បើមិនដូចនោះទេការខាតបង់វានឹងកើតមានជាក់ជាមិនខាន ព្រោះការវិនិយោគត្រូវចំណាយលុយ ពេលខ្លះអាចឈានដល់ការខ្ចីបុលពីធនាគារទៀតដើម្បីធ្វើដើមទុន។
លោកឧកញ៉ាក៏បានលើកយកចំណុចពិសេសមួយទៀតដែលអាចកើតជាបញ្ហា បណ្តាលពីការវិនិយោគមួយនេះ ព្រោះថាបញ្ហាដែលកើតមានចំពោះអ្នកវិនិយោគគឺជាបញ្ហារបស់សង្គម បើគាត់វិនិយោគទាំងគ្មានការស្រាវជ្រាវ គ្មានការប្រមូលព័ត៌មានច្បាស់លាស់ សាងសង់ហើយគ្មានអ្នកជួលនោះគាត់ច្បាស់ជាគ្មានលុយបង្វិលសងធនាគារវិញទេ ហើយបញ្ហាជាប់គាំងនៃអចលនទ្រព្យនឹងអាចកើតមានដូចកាលពីឆ្នាំ ២០០៨៕
ដោយ៖ យ៉ាយ៉ា