បណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូតិ៍ត្រូវត្រៀមខ្លួនលក់បុរីនិងខុនដូវិញ ដីឡូតិ៍អាចនឹងអស់ទីផ្សារនៅ២ឆ្នាំទៀត
នៅក្នុងការធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ កាលពីសប្តាហ៍មុខនេះ លោក បណ្ឌិតគីម ហ៊ាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត និងជាប្រធានក្រុមហ៊ុន Keller Williams ប្រចាំកម្ពុជាបានលើកឡើងពីថាអ្នកលក់ដីឡូតិ៍ត្រូវតែត្រៀមខ្លួន និងរៀនលក់គម្រោងផ្ទះ បុរី និងខុនដូវិញ ព្រោះទីផ្សារដីឡូតិ៍អាចនឹងត្រូវបាត់បង់ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។
បណ្ឌិតគីម ហ៊ាង បានលើកឡើងថាទីផ្សារដីឡូត៍បានពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកមើលឃើញថាវានឹងថមថយទៅវិញ ដោយសារនៅដីនៅជុំវិញ ឬជិតៗក្រុងមានតម្លៃថ្លៃ និងគ្មានដីទំនេរសម្រាប់ពុះឡូតិ៍ទៀតនោះទេ។ ហើយដីឡូតិ៍ដែលបន្តពុះនៅពេលបច្ចុប្បន្នបានចេញកាន់តែឆ្ងាយទៅៗពីតំបន់ជាយក្រុង ដែលវាហាក់ឆ្ងាយពីក្តីស្រមៃរបស់អ្នកទិញ។
ដូច្នេះសម្រាប់និន្នាការថ្មីនៅក្នុងឆ្នាំបន្តបន្ទាប់ បណ្ឌិត គីម ហ៊ាង បានប្រាប់ឲ្យអ្នកលក់ដីឡូតិ៍ រៀនលក់បុរី និងខុនដូវិញ។ បើតាមអ្នកជំនាញរូបនេះ ឆ្នាំ២០២០ ការលក់បុរីនឹងមាន ៦០ ភាគរយ ខណៈការលក់ខុនដូមាន ៣០ ភាគរយៈ និងលក់ដីឡូតិ៍ មាន ១០ ភាគរយ។ ចំណែកឆ្នាំ២០២១ ការលក់បុរីមានពី ៥០ ទៅ ៥៥ ភាគរយ ខុនដូនឹងមាន ៤០ ភាគរយ ហើយដីឡូតី៍អាចនៅពី ៥ ភាគរយ។ រីឯឆ្នាំ ២០២០ ការលក់បុរីអាចនៅត្រឹម ៥០ ភាគរយ ការលក់ខុនដូអាចកើនឡើងពី ៤០ ទៅ ៤៥ ភាគរយ និងដីឡូតិ៍កាន់តែតិច។
បើតាមការលើឡើងនេះ លោកចង់បញ្ជាក់ថា ការលក់ខុនដូនឹងកើនឡើងខ្ពស់ ចំណែកបុរីនឹងថយបន្តិចម្តងៗ ខណៈដីឡូតិ៍នឹងត្រូវបាត់បង់ទីផ្សារ។
លោករំពឹងថា ក្នុងរយៈពេល ៥ ឆ្នាំទៅមុខទីផ្សារខុនដូនឹងកាន់តែពេញនិយម។ លោកបានធៀបទីផ្សារកម្ពុជាទៅទីផ្សារថៃកាលពី ២០ មុនថាកាលពី ២០ ឆ្នាំមុនប្រជាជនថៃមិនរស់នៅក្នុងខុនដូទេ ប៉ុន្តែពេលនេះភាគច្រើននៃអ្នករស់នៅខុនដូជាប្រជាជនថៃ ដោយសារពួកគេមានកន្លែងដែលពួកគេចាំបាច់ត្រូវធ្វើដំណើរទៅញឹកញាប់ដូចជា កន្លែងធ្វើការក្នុងក្រុង និងសាលារៀនជាដើម។
លោកជឿថាកម្ពុជាក៏នឹងមានការវិត្តន៍ដូចគ្នាទៅនឹងប្រទេសថៃដែរ ដោយសារកំណើននៃប្រជាជនក្នុងក្រុងភ្នំពេញ និងការកកស្ទះចរាចរណ៍។
សូមបញ្ជាក់ដែរថា ក្នុងមួយឆ្នាំៗទីក្រុងភ្នំពេញមានកំណើនប្រជាជនប្រមាណ ១០ ទៅ ១៥ ម៉ឺននាក់ចូលមករស់នៅ និងធ្វើការ ហើយបច្ចុប្បន្នទីក្រុងភ្នំពេញមួយយប់មានមនុស្សស្នាក់នៅប្រមាណ ៣ លាននាក់៕
ដៃគូសហការ៖ www.realestate.com.kh