អ្នកជំនាញ៖ ១០ឆ្នាំទៀតពលរដ្ឋនៅរាជធានីភ្នំពេញភាគច្រើននឹងមានខុនដូរផ្ទាល់ខ្លួន
បើទោះជាការរស់នៅខុនដូរមិនទាន់ពេញនិយមខ្លាំងនៅឡើយសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន ប៉ុន្តែវិស័យនេះហាក់នៅតែមានសន្ទុះកើនឡើងក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ វិស័យនេះត្រូវបានអ្នកជំនាញ លោកស្រី អាន សុធីតា នាយិកាជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia ព្យាករណ៍ថា នារយៈពេល១០ឆ្នាំខាងមុខភាគច្រើននៃប្រជាជនដែលនៅរាជធានីភ្នំពេញនឹងមានខន់ដូររស់នៅផ្ទាល់ខ្លួន។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកម្មវិធី «ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ» កាលពីពេលកន្លងទៅ។
(រូបភាពSabay)
លោកស្រី សុធីតា បានលើកឡើងបន្តថា បច្ចុប្បន្នប្រជាជនខ្មែរភាគច្រើនហាក់ចាប់និយមលើការទិញផ្ទះល្វែង ផ្ទះបូរី ឬផ្ទះវីឡាជាដើម ដោយសារតែផ្ទះប្រភេទនេះមានទំហំធំអាចឲ្យគាត់ស្នាក់នៅជាមួយសមាជិកគ្រួសារច្រើនបាន។ ប៉ុន្តែ ទៅថ្ងៃអនាគតនៅពេលដែលរាជធានីភ្នំពេញត្រូវបានពង្រីក គម្រោងផ្ទះទាំងនោះនឹងមានចម្ងាយកាន់តែឆ្ងាយពីតំបន់កណ្ដាលក្រុង បូករួមនឹងតម្លៃខ្ពស់ផង នឹងធ្វើឲ្យពលរដ្ឋងាកមកជ្រើសរើសការរស់នៅខុនដូរវិញ។
(រូបភាព La Reine Media)
ទន្ទឹមនឹងការលើកឡើងខាងលើ អ្នកជំនាញខាងវាយតម្លៃអចលនទ្រព្យមួយរូបទៀតគឺលោក ហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal ក៏បានព្យាករណ៍ដែរថា រយៈពេល៣០ឆ្នាំទៅមុខទៀត ពីផ្ទះបុរីឬផ្ទះល្វែងទៅកាន់តំបន់កណ្ដាលក្រុងភ្នំពេញយ៉ាងហោចណាស់ក៏មានចម្ងាយពី២០ទៅ៣០គីឡូម៉ែត្រដែរ ប៉ុន្តែដោយសារតែពលរដ្ឋមានការងារនឹងមុខរបរនៅតំបន់កណ្ដាលក្រុង ដូច្នេះលោកគិតថា របត់នៃតម្រូវការរបស់ពួកគាត់អាចនឹងផ្លាស់ប្ដូរមកលើទីផ្សារខុនដូរវិញ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៨ ខុនដូរនៅកម្ពុជាមានចំនួន ១៤,០០០យូនីត ដែលចំនួននេះត្រូវបានព្យាករណ៍ថានឹងបន្តកើនដល់ ២៧,០០០យូនីត ឯណោះនៅក្នុងឆ្នាំ២០១៩៕
ដោយ៖ ជួប ស្រីរ័ត្ន