អចលនទ្រព្យកម្ពុជាកំពុងក្លាយជាទីផ្សារគោលដៅ បន្ទាប់ពីការឡើងថ្លៃប្រាក់បាតថៃ
ដោយសារតែវិបត្តិសកល បូករួមនឹងការឡើងថ្លៃប្រាក់បាតប្រទេសថៃ បានរុញច្រានឲ្យវិនិយោគិនដែលវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសនេះ ទទួលបានប្រាក់ចំណេញទាបជាងការវិនិយោគ ជាហេតុធ្វើឲ្យវិនិយោគិនបរទេសទាំងនោះ ងាកទៅសម្លឹងរកមើលទីផ្សារអចលនទ្រព្យនាប្រទេសដទៃទៀត ហើយក្នុងនោះកម្ពុជាកំពុងតែក្លាយទៅជាគោលដៅដ៏សំខាន់មួយក្នុងការទាក់ទាញការវិនិយោគ។
(រូបភាព៖ Bangkok Post)
ប្រធានសមាគម លោកស្រី Apa Ataboonwongse បានលើកឡើងថា ដោយសារតែវិបត្តិសេដ្ឋកិច្ចសកល រួមផ្សំនិងការឡើងថ្លៃប្រាក់បាត បានធ្វើឲ្យបរទេសសម្លឹងរកទិសដៅវិនិយោគផ្សេងៗនៅតំបន់ក្រៅពីប្រទេសថៃ។ ក្នុងនោះពួកគេកំពុងតែបង្វែរទិសដៅរបស់ខ្លួនទៅទីផ្សារអចលនទ្រព្យនៅកម្ពុជា និងជប៉ុន ដោយសារតែប្រាក់បាតឡើងថ្លៃធ្វើឲ្យចំណេញប្រាក់តិចជាងការវិនិយោគ។ នេះបើយោងតាម ប្រភពពី ប្រភព បាងកកប៉ុស្តិ៍។
ជុំវិញការលើកឡើងខាងលើ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Khmer Real Estate បានបញ្ជាក់ប្រាប់ Bizkhmer ថា ការឡើងថ្លៃប្រាក់បាតនៅប្រទេសថៃធ្វើឲ្យវិនិយោគិនដែលវិនិយោគនៅទីនោះចំណេញបានតិចតួច ដូច្នេះការសម្លឹងរកមើលប្រទេសជិតខាងដូចជាកម្ពុជាជាដើម ដើម្បីវិនិយោគគឺជារឿងមួយដែលល្អ។ ប៉ុន្តែ សរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជា និងប្រទេសថៃគឺមានលក្ខណៈស្រដៀងគ្នា ដូច្នេះបញ្ហាឡើងថ្លៃប្រាក់បាតនេះអាចជះផលទាំងវិជ្ជមាន និងអវិជ្ជមានដល់កម្ពុជា។
លោកបញ្ជាក់ថា ប្រសិនបើវិនិយោគិនដែលរកស៊ីនៅប្រទេសថៃទាំងនោះដកភាគហ៊ុនទាំងចេញអស់ ឬឈប់រកស៊ីក្នុងប្រទេសថៃតទៅទៀត នោះកម្ពុជាក៏អាចប្រឈមនឹងផលប៉ះពាល់ដូចគ្នា ដោយហេតុថាប្រទេសថៃនិងកម្ពុជា ជាប្រទេសជិតខាងនឹងគ្នាដូច្នេះចរន្តសេដ្ឋកិច្ចគឺមានការតភ្ជាប់គ្នាប្រៀបដូចជាសរសៃឈាមដូច្នោះដែរ ដូច្នេះប្រសិនបើថៃល្អកម្ពុជានឹងល្អ តែបើថៃមានបញ្ហានោះកម្ពុជាក៏អាចមានបញ្ហាដែរ។
គួរបញ្ជាក់ផងដែរថា អត្រាការបដិសេធការផ្ដល់ប្រាក់កម្ចីអចលនទ្រព្យនៅប្រទេសថៃបានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងអត្រាសរុប ៣០ភាគរយ និងខ្ពស់ជាង៥០ភាគរយ សម្រាប់គម្រោងមួយចំនួន។ អត្រាបដិសេធខ្ពស់ជាងនេះអាចបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចដែលធ្វើឱ្យការទិញធ្លាក់ចុះ។ តម្លៃអចលនទ្រព្យដោយជនបរទេសដែលបានទិញតាំងពីពាក់កណ្ដាលឆ្នាំនេះគឺជិតដល់ ០ ភាគរយ ហើយរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការឡើងថ្លៃប្រាក់បាត៕
ដោយ៖ ជួប ស្រីរ័ត្ន