ត្រឹមឆ្នាំ ២០៥០ អ្នកនឹងបានឃើញបច្ចេកវិទ្យាទាំង១២នេះ ចូលមកផ្លាស់ប្តូរពិភពលោក​



សារព័ត៌មាន Businessinsider បានធ្វើបទសម្ភាសន៍លោក  Ian Pearson ដែលត្រូវបានគេចាត់ទុកថា ជាអ្នកវិភាគ និងអ្នកជំនាញព្យាករណ៍ពីអនាគតកាលល្បីល្បាញមួយរូបរបស់អាមេរិក។ ជាមួយនឹងលទ្ធផល ៨៥% ដែលទទួលស្គាល់ថា ការព្យាករណ៍របស់លោកត្រឹមត្រូវ អ្នកវិភាគរូបនេះបានប្រមើមើលឃើញនូវអនាគតដ៏អស្ចារ្យរបស់ពិភពលោកនៅក្នុងឆ្នាំ ២០៥០ ខាងមុខដូចខាងក្រោមនេះ៖ 

១.យន្តហោះដ្រូនដើរតួនាទីចែកចាយទំនិញ
អ្នកនឹងឃើញយន្តហោះដ្រូនតូចៗហោះពីលើក្បាលអ្នកពីព្រោះថា វានឹងដើរតួនាទីសំខាន់ក្នុងការចែកចាយទំនិញគ្រប់ទីកន្លែងតាមការកាបញ្ជាទិញរបស់ដល់អតិថិជន។

២.មនុស្សយន្តអាចចេះគិតដូចមនុស្សក្នុងឆ្នាំ ២០២៥ 
មនុស្សយន្តដូចជាបច្ចេកវិទ្យាឆ្លាតវៃសប្បនិម្មិត (AI) មានសមត្ថភាពអាចចេះគិតដូចមនុស្សយើងដែរដោយមិនចាំបាច់រង់ចាំដល់ឆ្នាំ ២០៥០នោះឡើយ ពោលគឺនៅឆ្នាំ ២០២៥ វាទំនងពិតជាអាចធ្វើបាននេះបើយោងតាមការអះអាងរបស់លោក Ian Pearson ។

៣.មនុស្សអាចទៅលេងភពអង្គារនៅឆ្នាំ ២០៣០
លោក Elon Musk ស្ថាបនិកក្រុមហ៊ុនអវកាសអាមេរិក SpaceX បានអះអាងថា លោកគ្រោងបញ្ជួនអវកាសយានិកទៅជាន់ដីភពអង្គារក្នុងឆ្នាំ ២០២៤ ដើម្បីទៅស្រាវជ្រាវមុនបញ្ជូនអ្នកទេសចរទៅកាន់ភពក្រហមមួយនេះនៅក្នុងឆ្នាំ ២០៣០។

៤.មនុស្សអាចបំពាក់អវៈយវៈសប្បនិម្មិតបាន
ជនពិការ ឬអ្នកដែលមានបំណងចង់ផ្លាស់ប្តូរអវៈយវៈរបស់ខ្លួន អាចបំពាក់ឧបករណ៍អវៈយវៈសប្បនិម្មិតបានដូចជា អាចផ្លាស់ប្តូរដៃ ជើង ជាដើម។ អវៈយវៈសប្បនិម្មិតដែលយកទៅបំពាក់នោះអាចមានសមត្ថភាព និងថាមភាពខ្លាំងជាងមុនរាប់សិបដង។

៥.សំលៀកបំពាក់ពិសេសត្រូវបានផលិតឡើងដើម្បីជួយទ្រកម្លាំងមនុស្ស
មិនយូរទេ ឬប្រហែលក្នុងឆ្នាំ ២០២៦ ខាងមុខ មនុស្សជាពិសេសកម្មករដែលធ្វើការដោយប្រើកម្លាំងធ្ងន់ៗនឹងទទួលបានបទពិសោធន៍ថ្មីជាមួយនឹងសំលៀកបំពាកក់ដ៏ទំនើបបង្កប់ទៅដោយបច្ចេកវិទ្យាយ៉ាងអស្ចារ្យ។ សំលៀកបំពាក់ថ្មីនេះប្រៀបដូចជាគ្រឿងយន្តដែលអាចជួយសម្រាលកម្លាំងអ្នក អាចឲ្យអ្នកលើកទំនិញធ្ងន់ៗដូចគ្រឿងយន្តដែរ និងមានមុខងារសំបូរបែបទៀតផង។

៦.ទូរស័ព្ទដៃ (Smartphone) អាចនឹងត្រូវបានឈប់ប្រើប្រាស់
មនុស្សជុំវិញអ្នកនឹងអាចអស់សំណើចពេលឃើញអ្នកកាន់ទូរស័ព្ទដាក់តាមខ្លួននៅអំឡុងឆ្នាំ ២០២៥ ខាងមុខ។ ហេតុអ្វី? ពីព្រោះថា នៅពេលនោះ បច្ចេកវិទ្យា AR នឹងត្រូវបានគេយកទៅភ្ជាប់ជាមួយនឹងខ្សែដៃ ឬគ្រឿងអលង្ការផ្សេងទៀតសម្រាប់ប្រើប្រាស់ និងទំនាក់ទំនងដោយមិនចាំបាច់មានវត្តមានទូរស័ព្ទដៃ។ 

៧.វត្តមានរថយន្តបើកបរដោយស្វ័យប្រវត្តិចរាចរណ៍នៅលើដងផ្លូវ
រថយន្តបើកបរដោយខ្លួនឯង (ស្វ័យប្រវត្តិ) ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ នឹងមានសមត្ថភាពអាចបើកបរដោយខ្លួនឯងបាននៅតាមដងវិថីនានា។ នៅអាមេរិក ការសាកល្បងលើបច្ចេកវិទ្យាមួយនេះទទួលបានជោគជ័យជាបណ្តើរៗរួចហើយ និងត្រូវរង់ចាំការអនុម័តយល់ព្រមពីរដ្ឋាភិបាលជាមុនសិន។

៨.បច្ចេកវិទ្យា 3D-Printing នឹងត្រូវយកទៅប្រើប្រាស់ដើម្បីសាងសង់លំនៅឋាន
នៅស្របពេលដែលក្រុមវិស្វករកំពុងប្រកួតប្រជែងខ្លាំងលើបច្ចេកវិទ្យា 3D-Printing នៅជុំវិញពិភពលោក លោក Ian Pearson  អះអាងថា វានឹងមានសមត្ថភាពអាចសាងសង់សំណង់ផ្សេងៗដូចជាផ្ទះ និងអគារជាដើម។ លក្ខណៈពិសេសរបស់វាគឺអាចសាងសង់ក្នុងតម្លៃថោក ប្រើពេលឆាប់រហ័សបំផុត អាចរចនា និងសង់អគារជារូបរាងផ្សេងៗតាមចិត្តចង់។ 

៩.ការងារផ្ទះនឹងត្រូវជំនួសដោយបច្ចេកវិទ្យាមនុស្សយន្ត
ការងារផ្ទះ ដែលធ្លាប់ប្រើកម្លាំងមនុស្សដូចជាស្រ្តីមេផ្ទះ ឬអ្នកបម្រើពីមុនមកត្រូវបានគេព្យាករណ៍ថា ក្នុងឆ្នាំ ២០៣០ ខាងមុខ នឹងត្រូវជំនួសដោយបច្ចេកវិទ្យាមនុស្សយន្តរ៉ូបូត។ វាមានសមត្ថភាពអាចធ្វើការងារផ្ទះបានច្រើនយ៉ាងដូចមនុស្សដែរដូចជា លាងចាន ចម្អិនអាហារ បោកគក់ ឬបោសសម្អាតជាដើម។

១០.មនុស្សអាចគ្រប់គ្រងលំនៅឋានដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃសប្បនិម្មិត (AI)
ស្របពេលដែលបច្ចុប្បន្នមនុស្សអាចបញ្ជាបិទ ឬបើកភ្លើងនៅក្នុងផ្ទះរបស់ខ្លួនពីចម្ងាយបាន នៅក្នុងឆ្នាំ ២០៤០ ខាងមុខគេព្យាករណ៍ថា បច្ចេកវិទ្យាសប្បនិម្មិត AI នឹងដើរតួនាទីកាន់តែអស្ចារ្យ។ វានឹងមានសមត្ថភាពអាចសាងសង់លំនៅឋានទំនើបដែលអាចធ្វើឲ្យអ្នកនិយាយឆ្លើយឆ្លងជាមួយវាបានដូចមនុស្សដែរដូចជា បញ្ជាឲ្យបញ្ចុះ ឬ ដំឡើងសីតុណ្ហភាព បិទបើកភ្លើង និងប្តូររូបរាងជាដើម។

១១.មនុស្សនឹងអាចពឹងផ្អែកលើថាមពលកកើតឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ ២០៥០ 
ថ្វីត្បិតតែនៅពេលបច្ចុប្បន្ន ប្រេងឥន្ធនៈដើរតួនាទីសំខាន់ជាងគេសម្រាប់ផ្តល់ថាមពល នៅក្នុងឆ្នាំ ២០៥០ គេព្យាករណ៍ថា ពិភពលោកទាំងមូលនឹងអាចប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា ខ្យល់ ពន្លឺព្រះអាទិត្យ ឬទឹកមកជំនួសថាមពលប្រេងឥន្ធនៈបានទាំងស្រុង។

១២.ទេសចរណ៍អវកាសនឹងអាចដាក់ឲ្យដំណើរការជាផ្លូវការជាលើកដំបូងក្នុងឆ្នាំ ២០៥០
នេះជាការប្រមើមើលទៅមុខដ៏គួរឲ្យរំភើបមួយពីព្រោះថា នៅក្នុងឆ្នាំ ២០៥០ ខាងមុខ ទេសចរណ៍អវកាសនឹងត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូងសម្រាប់មនុស្សជាតិទាំងមូល។ វាប្រៀបដូចជាអ្នកបានឈានជើងជិះយន្តហោះជាលើកដំបូងទៅកាន់ទឹកដីអាមេរិកដែលអ្នកមិនធ្លាប់ស្គាល់ពី មុនមក។ ក៏ប៉ុន្តែវាអាចជាព័ត៌មានគួរឲ្យក្រៀមក្រំមួយព្រោះថា មានតែអ្នកមានប៉ុណ្ណោះដែលមានលទ្ធភាពអាចធ្វើដំណើរតាមទេសចរណ៍អវកាសនេះបានដោយសារតែវាមានតម្លៃថ្លៃណាស់៕

ប្រភព៖ Businessinsider 

 

X
5s