ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុធ្លាក់ចុះ តែមិនរាលដាលធ្ងន់ធ្ងរដល់តំបន់ផ្សេងឡើយ
នៅមុនខែសីហាឆ្នាំនេះ លោក ងួន ស៊ីថា ដែលជាប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ហាក់មានភាពរីករាយច្រើនក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារលោកត្រូវចំណាយពេលលើកាងារតិចតួចប៉ុណ្នោះ តែមានលទ្ធភាពចាយវាយបានយ៉ាងងាយស្រួល។
លោកចាប់ផ្តើមការងារប្រចាំថ្ងៃនៅហាងកាហ្វេទំនើបស្ទើរជាប្រចាំ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយឈ្មួញដីធ្លី ហើយតែងតែបានចំណូលពីកម្រៃជើងសារពីការគួកជេរដី និងមានចំណូលថេរប្រចាំខែពីការជួលផ្ទះទៅឲ្យភ្ញៀវចិន។ ប៉ុន្តែអ្វីៗបានប្រែប្រួលស្ទើរមិននឹកស្មានដល់ចាប់ពីខែកញ្ញាមក ដោយសារចំណូលពីប្រភពទាំងពីរបានបាត់បង់។
លោកថ្លែងថា៖«ឥឡូវខ្ញុំមានការបារម្ភពីជីវភាពមែនទែន។ លុយពីផ្ទះជួលក៏លែងមានទៀតហើយ ហើយអាចំណូលពីការជួយណែនាំភ្ញៀវទិញលក់ដីហ្នឹងក៏លែងមានទៀតហើយ»។ លោកបន្តថា៖«ការទិញលក់ដីនៅទីនេះដែលធ្លាប់តែគគ្រឹកគគ្រេង ឥឡូវស្ងាត់ឈឹង»។
ប្រតិបត្តិការថយចុះ
លោក ស៊ីថា កំពុងស្ថិតក្នុងចំណោមប្រជាជនជាច្រើននាក់ផ្សេងទៀតនៅខេត្តព្រះសីហនុ ដែលកំពុងរងវិបត្តិពីការធ្លាក់ចុះចំណូលពីការជួលផ្ទះ សណ្ឋាគារ និងការធ្លាក់ចុះតម្លៃអចលនទ្រព្យ បន្ទាប់ពីជនជាតិចិនបានចាកចេញយ៉ាងគំហុក។ ការទិញលក់អចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រ ដែលធ្លាប់តែធ្លាប់តែមានសកម្មភាពខ្លាំងបានស្ងប់ស្ងាត់វិញ ស្របពេលតម្លៃក៏បានថយចុះ។
អ្នកជំនាញបានលើកឡើងថា តម្លៃអចលនទ្រព្យ ដីធ្លី ការជួលអគារការិយាល័យ នៅខេត្តព្រះសីហនុមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៣ ទៅ ៤ ខែចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមអនឡាញកាលពីពាក់កណ្តាលខែសីហាមក។
ការសម្រេចនេះ បានបណ្តាលឲ្យមានការហូរចេញយ៉ាងគំហុកនៃជនជាតិចិន ហើយវាបានធ្វើឲ្យម្ចាស់ផ្ទះសំណាក់ ម្ចាស់សណ្ឋាគារ ដែលជួលឲ្យចិន និងអ្នកប្រកបមុខរបរផ្សេងៗមួយចំនួនត្រូវបានជួបហារនិភ័យជាច្រើន។ ជនជាតិចិនដែលបន្តស្នាក់នៅបានស្នើរសុំបញ្ចុះតម្លៃរហូតដល់ទៅ ៥០ ភាគរយ។
លោក Saing Veychenda ប្រធានផ្នែកវាយតម្លៃតម្លៃនៃក្រុមហ៊ុន Knight Frank (Cambodia) បានមានប្រសាសន៍ថាខេត្តព្រះសីហនុកំពុងមានការធ្លាក់ចុះនៃប្រតិបត្តិការទិញលក់អចលនទ្រព្យ។ តម្លៃដីដែលធ្លាប់មាន ៤,០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េមុនខែកញ្ញាឆ្នាំ ២០១៩ ពេលនេះបានធ្លាក់ចុះជិតពាក់កណ្តាលមកនៅត្រឹម ២,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តំបន់ផ្សេងនៅតែមានកំណើនឡើងធម្មតា
លោកបន្តថា៖«តម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្តផ្សេងៗកំពុងមានការកើនឡើងជាលំដាប់ទោះបីជាមានការថយចុះនៅខេត្តព្រះសីហនុក៏ដោយ។ ជាពិសេសខេត្តកោះកុង និងកំពត ដែលខេត្តទាំងពីរនេះមិនទាន់មានការវិនិយោគ [ចិន] ខ្លាំងដូចក្រុងព្រះសីហនុនៅឡើយ ដូច្នេះផលប៉ះពាល់គឺតូចជាងខេត្តព្រះសីហុន»។
មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ២០០ នៅខេត្តព្រះសីហនុ ដែលភាគច្រើននៃគម្រោងទាំងនេះ គឺជាការវិនិយោគដោយវិនិយោគិនចិន។
ចំណែកលោក លាង ឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន Eyes Real Estate Co., Ltd បានឲ្យដឹងថា បើទោះបីជាប៉ោយប៉ែត និងក្រុងបាវិតត្រូវបានចាត់ទុកជាកន្លែងលេងល្បែងតាមអនឡាញដែរ តែទីតាំងទាំងនេះមិនទាន់ទាក់ទាញពិតប្រាកដចំពោះវិនិយោគិនភាគច្រើនឡើយ។
លោក ឡុង មានទំនុកចិត្តថាការសម្រេចហាមឃាត់លើការលេងល្បែងតាមអនឡាញនឹងផ្តល់ឱកាសសឲ្យបង្កើនការយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បន្ថែមទៀត។ ខណៈដែលក្រុមហ៊ុនល្បែងចាប់ផ្តើមបិទ ប្រតិបត្តិការអាជីវកម្មផ្សេងទៀតដូចជា មន្ទីរពេទ្យ សាលារៀន រោងចក្រ និងកសិដ្ឋាន ជាដើម នៅតែដំណើរការជាធម្មតា។
លោកបានមានប្រសាសន៍ថា៖ «យើងមិនអាចបដិសេធថាការបិទអាជីវកម្មអនឡាញនេះមិនបានប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនោះទេ ប៉ុន្តែអ្វីដែលយើងឃើញគឺថាផលប៉ះពាល់របស់វានឹងមិនបណ្តាលឱ្យមានវិបត្តិឡើយ” ។
លោកបន្តថា៖«កាលពីពេលតម្លៃនៅខ្ពស់ គ្រាន់តែតម្លៃជួលផ្ទះអគារ គឺឡើងដល់ ២០០ ដុល្លារទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមិនបានឆ្លុះបញ្ចាំងពីតម្លៃទីផ្សារជាក់ស្តែងទេ ព្រោះថាតម្លៃជាក់ស្តែងមានត្រឹម ២០ ដុល្លារទៅ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ»។
បើតាមលោក ឡុង វិនិយោគិនដែលសុខចិត្តផ្តល់តម្លៃឡើងខ្ពស់ទាំងនេះ ព្រោះពួកគេមានបំណងស្នាក់នៅរយៈពេលខ្លីប៉ុណ្ណោះ ហើយស្នាក់នៅដើម្បីការលាងលុយកខ្វក់។
លោកមានប្រសាសន៍ថា៖«រដ្ឋាភិបាលកំពុងផ្តោតលើការស្តារឡើងវិញនូវរូបភាពខេត្តព្រះសីហនុនៅពេលដែលពួកគេផ្លាស់ប្តូររចនាសម្ព័ន្ធខេត្ត និងចាត់អ្នកជំនាញផ្នែកអភិវឌ្ឍន៍បន្ថែមទៀតទៅខេត្ត។ ពួកគេកំពុងគ្រប់គ្រងទីក្រុងឆ្ពោះទៅរកផ្លូវមួយ ដែលមាននិរន្តរភាពជាងមុន។ ឥឡូវនេះធនាគារកំពុងផ្តល់ប្រាក់កម្ចីសម្រាប់ គម្រោងអាជីវកម្មថ្មីនៅក្រុងព្រះសីហនុ»។
ផលចំណេញរយៈពេលវែង
លោក ស៊ី រតនា អគ្គនាយកក្រុមហ៊ុន Syvun Realty Co., Ltd យល់ស្របថាការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបល្បែងស៊ីសងតាមអនឡាញ ដែលរំពឹងថានឹងទទួលបានផលប្រយោជន៍យូរអង្វែង។
លោកបន្ថែមថា៖ «វាមិនមែនជាបញ្ហារយៈពេលវែងទេ ហើយយើងរំពឹងថាអ្នកវិនិយោគ ដែលមានកេរ្តិ៍ឈ្មោះនិង អ្នកវិនិយោគក្នុងគោលដៅយូរអង្វែងនឹងឃើញក្រុងព្រះសីហនុ ជាទិសដៅល្អសម្រាប់ការវិនិយោគក្នុងពេលឆាប់ៗ»។
ផ្លូវថ្នល់រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្នកំពុងទទួលការស្តារស្ថាបនាឡើងវិញ។
លោកបន្តថា៖«អ្នកដែលយល់ពីទីផ្សារហើយអាចបត់បែនបានទាន់ពេល នឹងនៅតែទទួលបានប្រាក់ចំណេញពីអចលនទ្រព្យក្នុងក្រុងព្រះសីហនុ។ នេះជាសញ្ញាល្អដែលរដ្ឋាភិបាលកំពុងតែគិតជាយូរមកហើយ។ និរន្តរភាពនៃខេត្តតាមរយៈការជំរុញការអភិវឌ្ឍរបស់ខ្លួន»។
លោក ស៊ី រតនា បានមានប្រសាសន៍ថា៖«យើងឃើញវិនិយោគិនផ្សេងទៀតដូចជាជនជាតិជប៉ុនដែលកំពុងបង្ហាញចំណាប់អារម្មណ៍លើក្រុងព្រះសីហនុ។ យើងនឹងមានអ្នកវិនិយោគចម្រុះជាច្រើននាពេលឆាប់ៗនេះហើយសង្ឃឹមថានឹងលែងសូវមានអ្នកវិនិយោគដែលគិតត្រឹមរយៈពេលខ្លី»៕
ដៃគូសហការ៖ www.realestate.com.kh