អាយុត្រឹមតែ ២០ឆ្នាំបង្កើតបច្ចេកវិទ្យាកែច្នៃស្លឹកចេកជាចានជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
លោក TENITH ADITHYAA នាយកប្រតិបត្តិ Tenith Innovations និងជាស្ថាបនិក Lets Innovate Youth Movement ក៏ជាអ្នកច្នៃប្រឌិតបង្កើតបច្ចេកវិទ្យាថ្មីមួយក្នុងការកែច្នៃស្លឹកចេកទៅជាវត្ថុប្រើប្រាស់ដូចជា ចាន កូនកែវ ប្រអប់ កំប៉ុងជាដើមសម្រាប់ដាក់អាហារ។
TENITH ADITHYAA អ្នកប្រាជ្ញច្នៃប្រឌិតថ្មីវ័យក្មេងរបស់ឥណ្ឌាបានបង្កើតបច្ចេកវិទ្យាថ្មីចូលរួមក្នុងការដោះស្រាយបញ្ហាបំពុលបរិយាកាស និងបរិស្ថាន ដោយការបង្កើតសំណល់ប្លាស្ទិកកាន់តែច្រើនឡើងទៅពីមួយថ្ងៃទៅមូយថ្ងៃរបស់មនុស្ស។
ជាធម្មតាស្លឹកចេកត្រូវបានគេប្រើដើម្បីវេចខ្ចប់អាហារតាមបែបប្រពៃណី ហើយក៏គ្មានអ្វីគួរឲ្យទាក់ទាញនិងទាន់សម័យដែរ តែលោក ADITHYAA បានយកស្លឹកចេកទាំងនោះមកផលិតជាវត្ថុដែលត្រូវគេឲ្យតម្លៃ គួរឲ្យទាក់ទាញ និងរួមចំណែកជួយសង្គមបានយ៉ាងច្រើន។
តាមការសិក្សាបានបញ្ជាក់ថា ការកែច្នៃតាមរយៈបច្ចេកវិទ្យាថ្មីមួយនេះបានជួយដល់ជីវិតយ៉ាងច្រើនដែលរស់នៅក្នុងបរិស្ថាន ពិសេសជួយការពារព្រៃឈើបានប្រមាណ ៤លានដើមក្នុងមួយឆ្នាំ។
ការកែច្នៃជីវម៉ាសនេះគឺសំដៅធ្វើយ៉ាងណា មិនប្រើប្រាស់សារធាតុគីមីពុល (Chemical-free) ផ្តល់ជូនអ្នកប្រើប្រាស់នូវការចំណាយតិច ផលិតផលដែលកែច្នៃចេញពីស្លឹកចេកគឺ ១០០ភាគរយអាចបំបែកធាតុបាន ជាក់ណាស់គឺវានឹងរលាយក្នុងរយៈពេល ២៨ ថ្ងៃដោយគ្មានប៉ះពាល់ដល់ស្រទាប់ផែនដី ផ្ទុយស្រលះពីសំណល់ប្លាស្ទិកដែលប្រើពេលរហូតទៅដល់ ៧,៣០០,០០០ថ្ងៃដើម្បីរលាយ។
លោក ADITHYAA បានមានប្រសាសន៍ថា៖ “ខ្ញុំមិនចង់រស់នៅលើគំនរបញ្ហាទេ ខ្ញុំត្រូវតែដោះស្រាយបញ្ហានេះមិនមែនដើម្បីខ្ញុំ គឺដើម្បីជីវិតនៅលើផែនដី"។ ទោះបីជាលោកមានអាយុត្រឹមតែ ២០ឆ្នាំក៏ដោយ តែលោកទទួលបានពានរង្វាន់លើស្នាដៃបច្ចេកវិទ្យារបស់លោកតាំងតែពីក្មេង ពោលគឺលោកបានប្រើទេពកោសល្យរបស់ខ្លួន និងពេលវេលាដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំមួយនៃសតវត្សរ៍ទី ២១ គឺការបំពុលប្លាស្ទិក។ លោកបន្តថា សម្រាមសំណល់ប្លាស្ទិកក្នុងប្រទេសឥណ្ឌាមានការកំណើនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើគ្មានវិធានការទប់ស្កាត់ការកើនឡើងនេះទេទៅថ្ងៃអនាគតមិនត្រឹមតែប្រទេសឥណ្ឌាទេ តែពិភពលោកទាំងមូលនឹងត្រូវជួបគ្រោះថ្នាក់ធំមិនខាន។
អ្វីដែលជាឱកាសសម្រាប់លោកគឺ ប្រទេសឥណ្ឌាផ្ទាល់ជាប្រទេសដាំដំណាំចេកបានច្រើនជាងគេក្នុងពិភពលោក វានឹងមិនមានបញ្ហាកង្វះវត្ថុធាតុដើមក្នុងការផលិតឡើយសម្រាប់ក្រុមហ៊ុនរបស់លោក។ លើសពីនេះលោកបានសង្កេតឃើញទៀតថា ស្លឹកចេកច្រើនណាស់ដែលត្រូវបានគេបោះបង់ចោលមិនប្រើប្រាស់៕
ដោយ៖ យ៉ាយ៉ា