អ្នកចិត្តវិទ្យាបង្ហាញមូលហេតុ៣ដែលធ្វើឲ្យការតាំងចិត្តសម្រាប់ឆ្នាំថ្មីរបស់អ្នកបរាជ័យ
មានមនុស្សច្រើនណាស់ដែលបរាជ័យលើការតាំងចិត្តសម្រេចឲ្យបានភាពជោគជ័យសម្រាប់ឆ្នាំថ្មីរបស់ខ្លួន (New Year’s Resolutions) ខណៈដែលមានមនុស្សតិចតួចប៉ុណ្ណោះបានធ្វើឲ្យការតាំងចិត្តរបស់ពួកគេជោគជ័យ។ ប្រសិនបើអ្នករកឃើញថា អ្នកបានបង្កើតកំហុសក្នុងរឿងនេះដែរ អ្នកជំនាញលើកឡើងថា ដោយសារតែអ្នកមិនបានរៀបចំគោលដៅឲ្យបានត្រឹមត្រូវ។
អ្នកចិត្តវិទ្យាអាមេរិកលោក Jonathan Alpert បានបង្ហាញហេតុផល ៣ដែលធ្វើឲ្យមនុស្សភាគច្រើនបរាជ័យលើការតាំងចិត្តសម្រាប់ឆ្នាំថ្មីរបស់ខ្លួន។ ហេតុផលទាំង ៣នេះបានបង្ហាញជូនដូចខាងក្រោម៖
១) ការតាំងចិត្តធ្វើអ្វីមួយសម្រាប់ឆ្នាំថ្មីមិនមានភាពច្បាស់លាស់
លោក Alpert បានលើកឡើងថា មូលហេតុចម្បងមួយក្នុងចំណោមមូលហេតុធំៗបំផុតដែលមនុស្សភាគច្រើនបរាជ័យក្នុងការតាំងចិត្តធ្វើអ្វីមួយសម្រាប់ឆ្នាំថ្មីរបស់ខ្លួន គឺដោយសារតែការតាំងចិត្តនោះខ្វះភាពច្បាស់លាស់របស់វា។ ឧទាហរណ៍ថា អ្នកចង់សម្រកទម្ងន់ អ្នកគួរកំណត់ថា គួរស្រកឲ្យបាន ៥គីឡូក្នុងរយៈពេល៣ខែ។ គួរកំណត់ថា មួយថ្ងៃដើរឲ្យបាន៥គីឡូ និង៥ថ្ងៃក្នុងមួយសប្តាហ៍ ជាជាងនិយាយថា នឹងប្តេជ្ញាចិត្តដើរហាត់ប្រាណ ឲ្យបានរាល់ថ្ងៃ។
បើតាមដំបូន្មានរបស់លោក Alpert ការតាំងចិត្តរបស់អ្នកត្រូវតែមានដែនកំណត់ច្បាស់លាស់ពីព្រោះវាពិតជាមានប្រយោជន៍ខ្លាំងណាស់ដើម្បីសម្រេចភាពជោគជ័យនោះ។ អ្នកត្រូវកំណត់ការតាំងចិត្តថា តើអ្នកគួរធ្វើអ្វីខ្លះសម្រាប់រយៈពេលខ្លី មធ្យម និងយូរអង្វែង។ នេះវាអាចជួយឲ្យអ្នកដើរឆ្ពោះទៅរកគោលដៅរបស់អ្នកបាន។ ឧទាហរណ៍ថា សប្តាហ៍នេះ ខែក្រោយ និងឆ្នាំក្រោយអ្នកគួរធ្វើអ្វីខ្លះ។
២) បង្កើតទស្សនៈអវិជ្ជមានចំពោះការតាំងចិត្ត
ការបង្ហាញទស្សនៈ ឬការគិតបែបអវិជ្ជមានចំពោះការតាំងចិត្តរបស់ខ្លួន គឺជាកំហុសធំមួយទៀដែលធ្វើឲ្យការតាំងចិត្តរបស់អ្នកក្នុងឆ្នាំថ្មីត្រូវបរាជ័យ។ ឧទាហរណ៍នៅពេលអ្នកតាំងចិត្តឈប់ខ្ជះខ្ជាយលុយ ឬឈប់បរិភោគអាហារឥតបាន គឺអ្នកបានគិតរួចទៅហើយដល់ការបង្កគ្រោះថ្នាក់ចំពោះសុខភាពពីការទទួលទានអហារទាំងនោះ។
បើតាមការលើកឡើងរបស់លោក Alpert ក្នុងអំឡុងពេលតាំងចិត្តឈប់បរិភោគអ្វីមួយ អ្នកនឹងគិតដល់អាហារឆ្ងាញ់ៗទាំងនោះដែលជាសម្ពាធមួយសម្រាប់អ្នក។ ថ្វីត្បិតតែអ្នកហាមឃាត់ខ្លួនឯង តែអារម្មណ៍របស់អ្នកនៅគិតពីវា ដែលទង្វើនេះគឺជាសញ្ញាណអវិជ្ជមានមួយឆ្លើយតបទៅនឹងការតាំងចិត្តនោះ។ ផ្ទុយមកវិញ ជំនួសឲ្យការគិតដល់អាហារឆ្ងាញ់ៗទាំងនោះ អ្នកគួរប្រាប់ខ្លួនឯងថា គួរផ្តោតមកទទួលទានអាហារផ្សេងជំនួសវិញដូចជា ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន។
៣) ការតាំងចិត្តរបស់អ្នកវាមិនបានឆ្លុះបញ្ចាំងពីអ្វីដែលអ្នកចង់បាន
ឧបសគ្គធំមួយទៀតដែលមនុស្សភាគច្រើនបានប្រឈមមុខគឺទំនោរក្នុងការតាំងចិត្តធ្វើអ្វីមួយសម្រាប់ឆ្នាំថ្មីវាមិនបានឆ្លុះបញ្ចាំងពីអ្វីដែលពួកគេចង់បាន។ លោក Alpert បាននិយាយថា អ្នកខ្លះបានបង្ខំចិត្តតមអាហារ និងត្រូវទៅហាត់ប្រាណតាមការបង្ខំ ឬការរំពឹងទុកពីមនុស្សផ្សេងទៀតដែលក្រៅពីឆន្ទះ និងស្ថានភាពជាក់ស្តែងរបស់ខ្លួនដូចជា មិត្តភក្តិ គ្រួសារ និងអ្នកជំនាញជាដើម។
បើតាមលោក Alpert បានណែនាំថា គោលដៅដែលអ្នកតាំងចិត្តត្រូវធ្វើ គួរតែគោលដៅរបស់អ្នក។ គោលដៅតាំងចិត្តនោះត្រូវតែមានតម្លៃសម្រាប់អ្នក និងឆ្លើយតបតាមស្ថានភាពជាក់ស្តែងរបស់អ្នក។ វាមិនគួរត្រូវបានកំណត់ដោយអ្នកណាម្នាក់ ឬធ្វើដើម្បីផ្គាប់ចិត្តរបស់អ្នកដទៃឡើយ។ អ្នកត្រូវមានប្លង់គំរូមួយជារបស់អ្នកដែលអ្នកត្រូវតាំងចិត្តធ្វើឲ្យបានក្នុងឆ្នាំថ្មីនេះ៕
ប្រភព៖ Businessinsider