អ្នកជំនាញព្យាករណ៍ថា ប៉ុន្មានឆ្នាំខាងមុខផ្ទះបុរីនៅតែមានតម្រូវការខ្ពស់ជាងខុនដូរ
ការអភិវឌ្ឍ រួមនិងកំណើនប្រជាជន បានជំរុញឲ្យរាជធានីភ្នំពេញកាន់តែរីកធំឡើងៗ ទន្ទឹមនឹងនេះផ្ទះបុរីភាគច្រើនត្រូវបានសាងសង់នៅតំបន់ជាយក្រុង ខណៈកំណើនសំណង់ខុនដូក៏មានសន្ទុះផងដែរនាតំបន់កណ្ដាលក្រុង។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានព្យាករណ៍ថា សម្រាប់ទីផ្សារកម្ពុជា នារយៈពេល៥ឆ្នាំខាងមុខ តម្រូវផ្ទះបុរីនៅតែមានសន្ទុះខ្ពស់ជាងវិស័យខុនដូរ។
ជាការចែករំលែក លោក សន សៀប បានលើកឡើងថា ជាគំនិតយល់ឃើញផ្ទាល់របស់លោក លោកយល់ឃើញថា រយៈពេល៥ឆ្នាំខាងមុខ ទីផ្សារស្រុកខ្មែរ ជាពិសេសប្រជាពលរដ្ឋខ្មែរនៅតែពេញនិយមនឹងផ្ទះនៅក្នុងបុរីច្រើនជាង បើទោះជាផ្ទះប្រភេទនេះភាគច្រើនស្ថិតនៅតំបន់ជាយក្រុងក៏ដោយ។ លោកបន្តថា ចំពោះទីផ្សារខុនដូរវិញ ក៏នឹងមានតម្រូវការកើនឡើងខ្ពស់ផងដែរ ប៉ុន្តែបើសិនយើងធ្វើការប្រៀបធៀបគ្នាឃើញថា ផ្ទះបុរីនៅតែមានតម្រូវការខ្ពស់ជាងខុនដូរដដែល។
លោកស្ថាបនិកបន្ថែមថា បើយើងប្រៀបធៀបឆ្នាំ២០១៨និងឆ្នាំ២០១៩ ឃើញថាវិស័យសំណង់បានកើនឡើងប្រមាណ២ដង ដោយក្នុងនោះកំណើនដែលកើនឡើងខ្ពស់ជាងគេគឺមាន២តំបន់។ តំបន់ទីមួយគឺខណ្ឌស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលភាគច្រើនគឺកើនឡើងលើវិស័យខុនដូរ និងប្រភេទហាងទំនិញលក់រាយ។ មួយទៀតគឺខណ្ឌដែលស្ថិតនៅតំបន់ជាយក្រុង ដែលមានសន្ទុះសំណង់លំនៅឋានបែបបុរី ផ្ទះល្វែង និងវីឡាកើនឡើង។
ទន្ទឹមនឹងការលើកឡើងខាងលើនេះ អ្នកស្រី អាន សុធីតា នាយិកាជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា នារយៈពេលប្រមាណ១០ឆ្នាំខាងមុខនេះ លោកស្រីព្យាករណ៍ថា ទីក្រុងភ្នំពេញនឹងមានតម្រូវការខុនដូរខ្ពស់៕
ដោយ៖ ជួប ស្រីរ័ត្ន