ធ្វើការនៅ Microsoft មិនត្រូវការសញ្ញាប័ត្រទេ តែអ្នកត្រូវមានជំនាញនេះវិញ​



ប្រសិនបើអ្នកចង់ដាក់ពាក្យទៅធ្វើការនៅក្នុងក្រុមហ៊ុន Microsoft  អ្នកអាចហក់ឡើងដល់តំណែងកំពូលបានដោយគ្មានសញ្ញាប័ត្រ។ នេះក៏ដោយសារតែការដាក់ពាក្យធ្វើការនៅក្នុងមុខតំណែងដំបូងៗ (Entry-level jobs) ជាច្រើនរបស់ក្រុមហ៊ុនមួយនេះមិនតម្រូវបេក្ខជនមានសញ្ញាប័ត្រពីមហាវិទ្យាល័យនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុននេះជំរុញលើកទឹកចិត្តដល់នរណាម្នាក់ឲ្យដាក់ពាក្យ ប្រសិនបើពួកគេយល់ថា សមត្ថភាពរបស់ពួកគេពិតជាស័ក្តសមទៅនឹងមុខតំណែងណាមួយនោះ។

បើយោងតាមប្រសាសន៍របស់លោកស្រី Ann Johnson អនុប្រធានក្រុមហ៊ុន Microsoft (CVP) បាននិយាយថា ការដែលក្រុមហ៊ុនអនុវត្តគោលការណ៍មួយនេះ គឺដើម្បីស្វែងរកបេក្ខជនមានសមត្ថភាពមកពីមជ្ឈដ្ឋាននានាដែលអាចជួយកសាងក្រុមហ៊ុននេះមានបរិយកាសការងារកាន់តែសំបូរបែប។

«បើអ្នកមានមនុស្សដែលមានកម្រិតសញ្ញាប័ត្រ និងមានសាវតាដូចគ្នា ពួកគេនឹងមិនអាចដោះស្រាយបញ្ហាទាំងអស់របស់ពួកយើងបានទេ។ អីចឹងហើយ ប្រសិនបើអ្នកមានមនុស្សដែលមានប្រវត្តិ ឬប្រភពផ្សេងៗ ពួកគេអាចមានគំនិតខុសៗគ្នា»។ នេះជាការបញ្ជាក់របស់លោកស្រី Ann Johnson។ 

លោកស្រី Ann បានបន្តទៀតថា សញ្ញាប័ត្រមហាវិទ្យាល័យមិនអាចបង្ហាញថា បេក្ខជនណាមួយនឹងបំពេញតួនាទីរបស់ពួកគេបានល្អនោះទេ។ ផ្ទុយទៅវិញ លោកស្រីលើកទឹកចិត្តឲ្យបេក្ខជនទាំងនោះផ្តោតលើជំនាញទន់ (Soft Skill) ដូចជា របៀបធ្វើការជាក្រុម និងការចង់ចេះចង់ដឹងក៏ដូចជាឆន្ទៈរបស់បេក្ខជនខ្លួនឯងផ្ទាល់ក្នុងការបង្វឹកខ្លួនឯង និងអាចរៀនសូត្រឆាប់យល់ឆាប់ចាប់បាន។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន Microsoft មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំតែមួយគត់មួយទេនៅអាមេរិកដែលមិនឲ្យតម្លៃលើសញ្ញាប័ត្រពេលដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ សូម្បីតែក្រុមហ៊ុន Google និងក្រុមហ៊ុន Apple សុទ្ធតែបានផ្សព្វផ្សាយអនុវត្តគោលការណ៍ជ្រើសរើសបុគ្គលិកស្រដៀងគ្នានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកទាំងនេះ សុទ្ធតែបានអះអាងថា ការជ្រើសរើសបុគ្គលិកដោយទាមទារសញ្ញាប័ត្រគឺបានធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនកើតជំងឺបាត់បង់ភាព  “សំបូរបែប” យ៉ាងរ៉ាំរ៉ៃនៅពេលកន្លងមក៕

ប្រភព៖ Businessinsider 

 

X
5s