មនុស្សឆ្លាតនឹងមិនបង្កើតកំហុសទាំងនេះដដែលៗនោះឡើយ​



មនុស្សគ្រប់គ្នាសុទ្ថតែបង្កើតកំហុស ប៉ុន្តែមិនមែនសុទ្ធតែមនុស្សទាំងអស់នោះអាចរៀនសូត្រពីកំហុសទាំងនោះបានទាំងអស់នោះទេ។ មនុស្សខ្លះបានបង្កើតកំហុសដដែលៗម្តងហើយម្តងទៀត មិនបានធ្វើឲ្យខ្លួនឯងមានភាពប្រសើរឡើង ហើយក៏មិនអាចរកមូលហេតុឃើញដែលធ្វើឲ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពបែបនោះបានដែរ។ 

មានតែការទទួលស្គាល់ និងកែប្រែកំហុសទាំងអស់នោះតែប៉ុណ្ណោះដែលជាមធ្យោបាយតែមួយគត់ធ្វើឲ្យអ្នកគេចផុសពីលទ្ធផលដដែល។  អ្នកគួររៀនសូត្រពីមនុស្សឆ្លាត ពីព្រោះមនុស្សឆ្លាតមិនបង្កើតកំហុសដដែលៗម្តងជាពីរដងនោះទេ។ ជាទូទៅមនុស្សឆ្លាត មិនចូលចិត្តបង្កើតកំហុសខាងក្រោមនេះ ជាដដែលៗនោះឡើយ។ 

១.ជឿលើនរណាម្នាក់ ឬអ្វីមួយយ៉ាងងុបងល់
ដោយសារតែមនុស្សមួយចំនួនមានមន្តស្នេហ៍ ពូកែវោហាសាស្រ្ត ល្បិចកល់ និងមានយុទ្ធសាស្រ្តគួរឲ្យចាប់អារម្មណ៍ បានធ្វើឲ្យមនុស្សជាច្រើនដើរតាមបុគ្គលប្រភេទនេះទាំងងងឹតងងុល។ ប៉ុន្តែតាមការពិតវាគ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ ហើយភាពឆោតល្ងង់ និងកង្វះការពិចារណាឲ្យបានល្អិតល្អន់បានបង្កើតឲ្យមានមហន្តរាយដល់ខ្លួនឯង។ នេះជាអ្វីដែលមនុស្សមានបញ្ញាឆ្លាតវៃចេះលើកចម្ងល់ល្អៗ និងវិភាគថ្លឹងថ្លែងលើទស្សនៈរបស់អ្នកទាំងនោះមុនពេលជឿលើនរណាម្នាក់ ពីព្រោះការពិតវាមិនស្ថិតត្រឹមអ្វីដែលអ្នកបានស្តាប់ឮ មើលឃើញ ឬពាក្យសម្តីរបស់បុគ្គលណាម្នាក់នោះឡើយ។

២.ធ្វើអ្វីដដែល ហើយរំពឹងថា នឹងទទួលបានលទ្ធផលខុសមុន
អ្នកប្រាជ្ញអាល្លឺម៉ង់ Albert Einstein បាននិយាយថា ភាពឆ្កួតលីលាគឺការធ្វើអ្វីៗដដែល ហើយរំពឹងថា នឹងទទួលបានលទ្ធផលខុសពីមុន។ ផ្អែកលើទស្សនៈរបស់អ្នកប្រាជ្ញរូបនេះ ការពិតគឺជារឿងសាមញ្ញនោះទេ។ ប្រសិនបើអ្នកប្រើវិធីសាស្រ្តដដែលៗអ្នកនឹងនៅតែទទួលបានលទ្ធផលដដែលៗ បើទោះបីជាអ្នករំពឹងទុកថា លទ្ធផលនឹងផ្ទុយពីនេះក៏ដោយ។ មនុស្សដែលមានបញ្ញាឆ្លាតវៃដឹងថា ប្រសិនបើពួកគេចង់បានលទ្ធផលខុសពីមុន ពួកគេត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តចាស់ៗចោលបើទោះបីជាការផ្លាស់ប្តូរនោះពោរពេញដោយភាពឈឺចាប់ក៏ដោយ។

៣.ចាយវាយដោយគ្មានគម្រោងហិរញ្ញវត្ថុ
អ្នកនឹងមិនអាចទទួលបានសេរីភាពហិរញ្ញវត្ថុនោះឡើយ ដរាបណាអ្នកមិនបានរៀបចំគម្រោងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។ ការប្រកាន់ខ្ជាប់នូវគម្រោងហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយយ៉ាងច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ ជួយឲ្យអ្នកសម្រេចបានភាពជោគជ័យនៅក្នុងការស្វែងរកប្រាក់ចំណូល និងគ្រប់គ្រងការចំណាយតាមការចង់បាន និងតម្រូវការរបស់អ្នក។ នេះហើយជាអ្វីដែលមនុស្សឆ្លាតអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុតដើម្បីប្រាកដថា តើលុយរបស់ពួកគេបានមកពីណា និងទៅណាខ្លះ?

៤.បាត់បង់ចក្ខុវិស័យវែងឆ្ងាយនៅពេលអនាគត
តាមពិតទៅ វាជារឿងងាយស្រួលណាស់ដើម្បីធ្វើជាមនុស្សម្នាក់ដែលមមាញឹក ខិតខំធ្វើការ និងធ្វើអ្វីត្រឹមត្រូវចំពោះការងារប្រចាំថ្ងៃ។ យ៉ាងណាមិញ ភាពមមាញឹករបស់អ្នកលើកិច្ចការទាំងនោះអាចធ្វើឲ្យអ្នកបាត់បង់ចក្ខុវិស័យដ៏វែងឆ្ងាយរបស់អ្នកនៅពេលអនាគត។ សម្រាប់មនុស្សឆា្លតវៃ ពួកគេរៀនពីរបៀបរក្សាធ្វើកិច្ចការទាំងនោះដោយថ្លឹងថ្លែងយ៉ាងល្អិតល្អន់ និងដាក់អាទិភាពការងារប្រចាំថ្ងៃធៀបទៅនឹងគោលដៅខាងមុខដោយការគណនាយ៉ាងប្រុងប្រយ័ត្នបំផុត។ នេះមិនមែនមានន័យថា ពួកគេមិនខា្វយខ្វល់ការងារតូចតាចទាំងនោះទេ។ ពួកគេគ្រាន់តែមានវិន័យ និងទស្សនវិស័យវែងឆ្ងាយធ្វើកិច្ចការសំខាន់ៗដែលចាំបាច់សម្រាប់ភាពជោគជ័យនៅពេលអនាគតតែប៉ុណ្ណោះ។

៥.មិនគោរពវិន័យរបស់ខ្លួន
មនុស្សភាគច្រើនមិនមានវិន័យចំពោះខ្លួនឯងឡើយ។ ពេលខ្លះចង់ទៅធ្វើអ្វីក៏ធ្វើភ្លាម ចង់ទៅក៏ទៅភ្លាម ចិត្តមិននឹងធឹង មិនខ្វល់ថា សកម្មភាពទាំងនោះបានរៀបចំទុកជាមុនឬអត់។ ក៏ប៉ុន្តែសម្រាប់មនុស្សវ័យឆ្លាត គឺមានវិន័យ តឹងរឹង និងមានគោលការណ៍ជាក់លាក់ចំពោះខ្លួនឯង។ ពួកគេឲ្យអាទិភាពលើការងាររបស់ខ្លួនជាងការងារអ្នកដទៃ និងស្គាល់តួនាទីរបស់ខ្លួនដែលចាំបាច់ត្រូវធ្វើការងារទាំងនោះ។ ពួកគេប្រើប្រាស់ពេលវេលាយ៉ាងប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាព ហើយមិនក្បត់ពាក្យសន្យាចំពោះខ្លួនឯង។

៦.ព្យាយាមផ្គាប់ចិត្តអ្នកដទៃ
នេះជាកំហុសធំមួយទៀតដែលមនុស្សឆ្លាតមិនយកចិត្តទុកដាក់។ ពួកគេយល់ថា រាល់សកម្មភាព ទង្វើ និងពាក្យសម្តីរបស់ពួកគេមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ស្រប ឬស្រលាញ់ពេញចិត្តនោះឡើយ។ អ្វីដែលមនុស្សឆ្លាតត្រូវធ្វើ គឺធ្វើអ្វីដែលជារបស់ខ្លួនមិនប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ។ ទន្ទឹមនឹងគ្នានេះ ពួកគេក៏មិនចំណាយពេលទៅឈឺក្បាលនឹងការរិះគន់បន្ទោសបង្អាប់មកវិញពីមនុស្សទាំងនោះដែរ។ អ្វីដែលជាការរិះគន់ក្នុងន័យស្ថាបនា ពួកគេនឹងទទួលយក ក្រៅពីនោះគ្រាន់តែជាសិទ្ធិរបស់អ្នកទាំងនោះតែប៉ុណ្ណោះ។

៧.ដើរតួធ្វើជាអ្នករងគ្រោះ
ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលបច្ចុប្បន្នពោរពេញទៅដោយរឿងរ៉ាវរបស់មនុស្សដែលដើរតួធ្វើជា ជនរងគ្រោះ។ មនុស្សឆ្លាតអាចសាកល្បងលើរឿងនេះយ៉ាងហោចណាស់ម្តងដែរ។ ប៉ុន្តែពួកគេនឹងដកខ្លួនវិញភ្លាមពីព្រោះពួកគេដឹងច្បាស់ថា វាគ្រាន់តែជាទម្រង់បោកបញ្ឆោតមួយតែប៉ុណ្ណោះ។ ការដើរតួនាទីជាជនរងគ្រោះវាបានត្រឹមតែជំរុញឲ្យពួកគេបាត់បង់ភាពវិជ្ជាជីវៈ និងសីលធម៌គុណតម្លៃរស់របស់ពួកគេតែប៉ុណ្ណោះ។

៨.ព្យាយាមផ្លាស់ប្តូរនរណាម្នាក់
អ្នកត្រូវដឹងថា នុស្សផ្លាស់ប្តូរគឺនៅពេលដែលពួកគេចង់ផ្លាស់ប្តូរដោយខ្លួនឯង។ ទោះយ៉ាងណាក៏ដោយ ការ ព្យាយាមផ្លាស់ប្តូរនរណាម្នាក់ដែលមិនចង់ផ្លាស់ប្តូរ ប្រៀបដូចជាអ្នកយកទឹកមកចាក់លើស្លឹកឈូកដូច្នេះដែរ។  

មនុស្សឆ្លាតអាចនឹងបង្កើតកំហុសលើរឿងនេះ ប៉ុន្តែក្រោយមកពួកគេដឹងថា ពួកគេនឹងមិនអាចផ្លាស់ប្តូរនរណាម្នាក់បានទេក្រៅពីខ្លួនឯង។ ផ្ទុយទៅវិញ ពួកគេយកចិត្តទុកដាក់ក្នុងការកសាងជីវិតរបស់ពួកគេនៅជុំវិញមនុស្សដែលស្មោះត្រង់ វិជ្ជមាន និងជៀសវាងទំនាក់ទំនងទៅលើមនុស្សដែលទាញទម្លាក់ឲ្យពួកគេបរាជ័យ៕

អត្ថបទដែលទាក់ទង៖ សញ្ញាណ ៩ បញ្ជាក់ថា អ្នកជាមនុស្សឆ្លាតហួសពីការគិតរបស់អ្នកទៅទៀត!​

ប្រភព៖ Entrepreneur  

 

 

 

 

 

X
5s