អនុវត្តក្បួន ៧ ចំណុចនេះក្នុងរយៈពេល ៧ថ្ងៃ ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង​



មធ្យោបាយតែមួយគត់ដើម្បីជួយកែលម្អជីវិតរបស់អ្នក គឺត្រូវបង្កើតជម្រើសជាប់លាប់ដែលនឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង។ វាជាការប៉ុនប៉ងដើម្បីធ្វើឲ្យជីវិតមានការប្តូរផ្លាស់ប្តូតាមរយៈការព្យាយាមខិតខំប្រឹងប្រែងជាច្រើនដែលពោរពេញដោយឧបសគ្គ ការប្តេជ្ញាចិត្ត និងអ្វីផ្សេងៗជាច្រើនទៀត។ ក៏ប៉ុន្តែដោយសារតែអ្នកផ្តោតលើរឿងទាំងនោះខ្លាំងពេក បានធ្វើឲ្យអ្នកភ្លេចគិតដល់រឿងតូចតាចមួយចំនួនដែលជះឥទ្ធិពលដល់ជីវិតរបស់អ្នក។

សាកល្បងពិនិត្យមើល ៧ ចំណុចខាងក្រោមនេះ ថាតើអ្នកកំពុងអនុវត្តវាហើយឬយ៉ាងណា?  ប្រសិនបើអ្នកមិនបានធ្វើវានោះទេនោះមានន័យថាអ្វីដែលលើកឡើងខាងលើគឺជារឿងត្រឹមត្រូវ។

១.ចាប់ផ្តើមរៀនជំនាញថ្មីមួយ
តើជំនាញថ្មីណាមួយដែលអ្នកចង់រៀន ប៉ុន្តែអ្នកគ្មានពេលដើម្បីរៀនជំនាញនោះ? អ្នកប្រហែលជាចង់រៀនភាសាបន្ថែមដូចជាភាសាថៃ ចិន ឬ អង់គ្លេស រៀនកាត់តរូបភាព និងរៀនឌីសាញជាដើម។ បើជំនាញណាមួយទាំងនេះអ្នកគិតថា អ្នកកំពុងចង់រៀនបន្ថែម អ្នកគួរលៃលកពេលវេលា ឬឆ្លៀតរៀនតែម្តង កុំទុកពេលវេលាឲ្យកន្លងផុតទៅទាំងសោកស្តាយ។ សម័យនេះចង់រៀនជំនាញទាំងនេះស្រួលណាស់ដូចជានៅតាម Youtube និង Google។  

២.ផ្តល់រង្វាន់មួយឲ្យខ្លួនឯងរៀងរាល់ថ្ងៃ
ជារៀងរាល់ថ្ងៃ អ្នកគួរផ្តល់រង្វាន់ ឬកាដូណាមួយឲ្យខ្លួនឯង។ អ្នកមិនចាំបាច់មានគម្រោងធំដំ និងរង់ចាំវាយូរនោះទេ ពោលគឺត្រូវធ្វើឲ្យវាកើតឡើងភ្លាមៗនៅចំពោះមុខអ្នកតែម្តង។ កាដូរង្វាន់ទាំងនោះដូចជា ទិញសម្ភារដូចជាអាវយឺតស្រស់ស្អាតណាមួយដែលអ្នកស្រលាញ់នៅហាងសាមញ្ញៗ ឬហាងទំនើប ញាំកាហ្វេ ឬអាហារដែលអ្នកចូលចិត្ត អានសៀវភៅដែលអ្នកស្រលាញ់  និងដើរកម្សាន្តរំសាយខួរក្បាលជាដើម។

៣.ដាក់កម្មវិធីហាត់ប្រាណ
ការហាត់ប្រាណមិនត្រឹមតែជាផ្នែកមួយយ៉ាងសំខាន់ធ្វើឲ្យសុខភាពរបស់អ្នកល្អប៉ុណ្ណោះទេ។ វាក៏ជាវិធីល្អបំផុតមួយដែលជួយធ្វើឲ្យអារម្មណ៍របស់អ្នកល្អប្រសើរឡើង ជួយគ្រប់គ្រងទម្ងន់ បំបាត់ចំណង់អាហារ និងកាត់បន្ថយជំងឺស្ត្រេសផងដែរ។ ទន្ទឹមនឹងនេះដោយសារតែការលំហាត់ប្រាណធ្វើឲ្យអ្នកមានអាយុវែង និងមានសុខភាពល្អ ហេតុដូច្នេះហើយ អ្នកត្រូវមានកម្មវិធីហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ។ បើអ្នកមិនទាន់បានអនុវត្តវាទេ អ្នកគួរតែចាប់ផ្តើមវាពីថ្ងៃនេះតទៅ។

៤.រៀបចំបរិស្ថានរស់នៅឲ្យបានស្អាត
អ្នកត្រូវតែទទួលស្គាល់ថា ការរស់នៅប្រកបដោយអនាម័យ ស្អាតបាត និងរៀបចំបរិស្ថានរស់នៅជុំវិញខ្លួនឲ្យមានសណ្តាប់ធ្នាប់ល្អ  គឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរឡើង។ វាអាចកាត់បន្ថយអារម្មណ៍ស្ត្រេស ធុញថប់ និងជួយឲ្យជីវិតរបស់អ្នកប្រព្រឹត្តិទៅយ៉ាងរលូន។ ការរស់នៅជាមួយបរិស្ថានល្អ ធ្វើឲ្យសុខភាពផ្លូវចិត្ត និងសុខភាពរបស់អ្នកមានភាពរស់រវើក ព្រមទាំងមានគុណភាពជីវិត។

៥.ដាក់ផែនការការងារសម្រាប់គោលដៅក្នុងជីវិត
ការដាក់ផែនការការងារ គឺជាវិធីដ៏ល្អបំផុតដើម្បីផ្តល់ភាពជាក់លាក់មួយសម្រាប់អ្វីដែលសំខាន់ក្នុងជីវិតរបស់អ្នក។ ផែនការការងារនោះមានការងារជាច្រើនដែលអ្នកចាំបាច់ត្រូវធ្វើស្របតាមគោលដៅដែលអ្នកចង់បាន ហើយគោលដៅនោះគួរមានគោលដៅរយៈពេលខ្លី និងរយៈពេលវែង។ ការរៀបចំផែនការការងារទាំងនោះ គឺជាជំហានសំខាន់មួយដើម្បីកែលម្អជីវិតរបស់អ្នក ពីព្រោះវាអាចជួយអ្នកឲ្យមើលឃើញនូវអ្វីដែលសំខាន់បំផុតសម្រាប់អ្នក។

៦.ការប្រឈមមុខទៅនឹងភាពភ័យខ្លាច
មនុស្សគ្រប់គ្នាសុទ្ធតែមានភាពភ័យខ្លាចទៅនឹងអ្វីមួយ។ ក៏ប៉ុន្តែរាល់ភាពភ័យខ្លាចមិនមែនសុទ្ធតែរឿងអាក្រក់នោះទេ។ វាអាចជួយឲ្យអ្នកចេះស្វែងរកជីវិតដែលមានសុវត្តិភាព និងបង្រៀនអ្នកឲ្យចេះរស់នៅក្នុងនាមជាមនុស្ស។ យ៉ាងណាមិញ ពេលខ្លះភាពភ័យខ្លាចក៏អាចរារាំងអ្នកដែរជាពិសេសប្រសិនបើអ្នកអនុញ្ញាត្តឲ្យពួកវាមកគ្រប់គ្រងជីវិតរបស់អ្នក។ ម្ល៉ោះហើយ អ្នកគួរចំណាយពេលខ្លះដើម្បីកំណត់ឲ្យឃើញថា ភាពភ័យខ្លាចរបស់អ្នកគឺជាអ្វី។ នៅពេលអ្នកប្រឈមមុខនឹងភាពភ័យខ្លាច អ្នកនឹងអាចបង្កើតភាពក្លាហាន ហើយរៀនយកឈ្នះភាពខ្មៅងងឹតទាំងនោះ។ 

៧.គួរព្យាយាមទាក់ទងមិត្តភក្តិចាស់ៗរបស់អ្នក
នៅពេលអ្នកព្យាយាមវិលទៅទំនាក់ទំនងមិត្តភក្តិចាស់ៗវិញ វាក៏ជាពេលវេលាដ៏ល្អមួយដែលជួយឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍ចាស់ៗដែលកន្លងផុតទៅ។ ពេលខ្លះអ្នកទុកពេលឲ្យនៅទំនេរ មិនយកចិត្តទុកដាក់ទៅដល់មិត្តភក្តិដែលគោរពស្រលាញ់អ្នក។ ក៏ប៉ុន្តែនៅពេលអ្នកធ្វើឲ្យមិត្តភាពចាស់ៗរបស់អ្នករស់ឡើងវិញ វាប្រៀបបាននឹងអ្នកធ្វើឲ្យជីវិតអតីតកាលរស់ឡើងវិញដែរ។ មិត្តភាពទាំងនោះជួយឲ្យអ្នកចែករំលែកក្តីស្រលាញ់ និងការនឹករលឹកដែលជួយឲ្យជីវិតរបស់អ្នកពោរពេញទៅដោយបទពិសោធន៍គ្រប់រស់ជាតិ៕

អត្ថបទដែលទាក់ទង៖ ផ្នត់គំនិត ៤យ៉ាង ដឹកនាំជីវិតអ្នកទៅរកភាពរីកចម្រើន​

ប្រភព៖ Entrepreneur 

 

X
5s