ជឿនលឿនខាងផ្នែកសុខាភិបាលខ្លាំង តែបារាំងកំពុងដុនដាបដោយសារកូវីដ១៩ តាមក្រោយអ៊ីតាលី​



បារាំងកំពុងលោតសញ្ញាប្រកាសអាសន្នខ្លាំងលើករណីឆ្លងរាលដាលយ៉ាងពេញបន្ទុកនៃវីរុសកូវីដ ១៩ ហើយបារាំងពេលនេះកំពុងឈរនៅពីក្រោយប្រទេសអ៊ីតាលី ជាប្រទេសមួយដែលមានអត្រាអ្នកឆ្លងនិងស្លាប់ខ្លាំងបំផុតនៅពេលនេះដោយសារកូវីដ ១៩។ 

ដោយសារស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ ពេលនេះអង្គការសុខភាពពិភពលោក (WHO) កំពុងកំណត់លក្ខណៈនៃការរាលដាលថាជាជំងឺរាតត្បាតខ្លាំងបំផុត។ ដូចដែលអ្នកបានដឹងហើយថាបារាំងបានសម្រេចធ្វើការបិទប្រទេស (Lockdown) និងបិទទាំងអស់រាល់កន្លែងកំសាន្ត ភោជនីយដ្ឋាន កន្លែងដែលអាចជួបជុំគ្នាទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ ១៩នេះ ដោយគ្មានការធ្វើដំណើរកំសាន្តណាមួយមិនថាក្នុង ឬក្រៅប្រទេសឡើយ។ 

បន្ទាប់ពីលោកប្រធានាធិបតី Emmanuel Macron សម្រេចក្នុងការបិទប្រទេសកាលពីថ្ងៃច័ន្ទ ប្រជាជនបារាំងមិនត្រូវបានអនុញ្ញាតឲ្យចេញទៅណាឡើយក្នុងករណីមិនចាំបាច់ លើកលែងអ្នកដែលត្រូវទៅធ្វើការដោយខានមិនបាន ឬមិនអាចធ្វើការនៅកន្លែងផ្សេងក្រៅពីកន្លែងធ្វើការរបស់ខ្លួន ការទៅហាងទិញទំនិញគ្រឿងទេសម្ហូបអាហារ ឬទៅពេទ្យដើម្បីពិនិត្យសុខភាពដែលចាំបាច់ (មិនទាក់ទងនឹងកូវីដ១៩)ជាដើម។ 

ដូចគ្នានេះដែរ បារាំងបានប្រកាសថាប្រទេសខ្លួនកំពុងស្ថិតក្នុងដំណាក់កាលទី៣ នៃការឆ្លងរាលដាលកូវីដ ១៩ នេះហើយ។ គិតមកទល់ពេលនេះចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងប្រទេសបារាំងមានចំនួន ៧,៧៣២នាក់ និងអ្នកស្លាប់ចំនួន ១៧៥នាក់ ចំណែកចំនួនអ្នកឆ្លងទូទាំងពិភពលោកមានជាង ១៨០,១៦០ករណី ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ថាមានចំនួន ៧,១០៣ នាក់៕

អត្ថបទទាក់ទង៖ ចំណុច ៦ នេះការពារអ្នកពីកូរ៉ូណាខ្លាំងជាងម៉ាស់ និងអាល់កុលលាងដៃទៀត​

អត្ថបទទាក់ទង៖ តើការផ្ទុះឡើងនៃវីរុសថ្មីនេះអាចត្រូវបញ្ចប់នៅអាកាសធាតុក្តៅដែរឬយ៉ាងណា?​

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s