ការស្រាវជ្រាវ៖ កូវីដ១៩ លើកុមារជាសះស្បើយ តែងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរក្នុងករណីនេះ​



យោងតាមការសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តចេញផ្សាយកាលពីដើមសប្ដាហ៍នេះបានឲ្យដឹងថា កុមារដែលបានឆ្លងវីរុសកូវីដ ១៩ ភាគច្រើនមានសញ្ញាអាការៈស្រាល ឬមធ្យមខណៈដែលមានភាគរយតិចដែលឈានទៅដំណាក់កាលធ្ងន់ធ្ងរ។

ការសិក្សាដដែលនោះបានធ្វើការពិនិត្យទៅលើកុមារចំនួន ២ ១៤៣ នាក់ក្នុងប្រទេសចិន ដែលអះអាងថាមានផ្ទុកវីរុស Covid 19 វេជ្ជបណ្ឌិតបានឱ្យដឹងថា ភាគច្រើនសញ្ញាដែលបង្ហាញមកគឺមានភាពធូរស្រាលនិងងាយទទួលការជាសះស្បើយ ដែលមានតែប៉ុន្មានករណីប៉ុណ្ណោះបានវិវត្តទៅជាលក្ខណៈធ្ងន់ធ្ងរ។ ក្នុងចំណោមកុមារមួយចំនួនដែលបានវិវត្តទៅជាករណីធ្ងន់ធ្ងរ កុមារដែលមានអាយុក្រោម ៥ ឆ្នាំគឺមានហានិភ័យខ្ពស់ រីឯទារកអាយុក្រោម ១ ខួបគឺស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់ខ្លាំងបំផុត នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយ Pediatrics ។

ក្នុងការតារមដានស្ថានភាពជំងឺ ដែលកើតមានលើកុមារក្នុងប្រទេសចិនកុមារសរុបប្រមាណ ៩៤.១ភាគរយ មានតែ ៥.៩ភាគរយប៉ុណ្ណោះដែលឈានទៅជាករណីធ្ងន់ធ្ងរ ។ ក្នុងចំណោមកុមារ ១២៥ នាក់ដែឡមានអាករៈធ្ងន់ធ្ងរ ហើយគេបានតាមដានក្នុងការសិក្សានៅប្រទេសចិនក្នុងនោះមាន ៧៦ នាក់មានអាយុ ៥ ឆ្នាំឬក្មេងជាងនេះ និង ៤០នាក់ទៀតជាទារកអាយុក្រោម ១ ឆ្នាំ។ ការសិក្សាមិនបានរកឃើញភាពខុសគ្នាខាងយេនឌ័រ មានន័យថាបែងចែកភេទថា ក្មេងស្រីឬក្មេងប្រុសមួយណាងាយឆ្លងវីរុស ឬភេទមួយណាងាយរងគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរនោះ។

អ្នកជំនាញបានចាត់ទុកថា ការសិក្សាស្រាវជ្រាវមួយនេះពិតជាមានសារៈសំខាន់ ព្រោះសារពាង្គកាយកុមារមានប្រព័ន្ធភាពស៊ាំទាប ដូច្នេះប្រសិនបើកុមារបានឆ្លងវីរុសមួយនេះ គឺពិតជាអាចធ្វើការប្រៀបធៀបបានពីលទ្ធភាពនៃការប៉ះពាល់រវាងកុមារមនុស្សពេញវ័យនិងមនុស្សចាស់ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Dr. Buddy Creech សាស្ត្រាចារ្យរងផ្នែកជំងឺឆ្លងកុមារនៅមន្ទីរពេទ្យកុមារ Vanderbilt ។

លើសពីនេះទៀត ចំណុចមួយដែលធ្វើឲ្យអ្នកជំនាញក៏ដូចជាផ្នែកវេជ្ជសាស្ត្រនៅមានមន្ទិលសង្ស័យនៅឡើយ ក្នុងការប្រៀបធៀបប្រព័ន្ធភាពស៊ាំរបស់កុមារទៅនឹងមនុស្សដែលមានវ័យចំណាស់ ព្រោះពួកគេសុទ្ធតែមានប្រព័ន្ធភាពស៊ាំខ្សោយដោយគ្នា។ តែអ្វីដែលជាការកត់សម្គាល់ធំបំផុតនិងជាអំណោយផលមួយរបស់កុមារក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូវីដ ១៩ នេះ គឺសុខភាពសួតរបស់កុមារនៅមានភាពល្អប្រសើរ ប្រឈមនឹងការបំពុលតិចជាមនុស្សដែលមានវ័យចំណាស់។ ទោះបីជាមានសញ្ញាល្អបង្ហាញថាកុមារកំពុងប្រឈមនឹងវីរុសនេះ មានភាគរយទាបដែលងាយរកផលប៉ះពាល់ជាងមនុស្សចាស់ក៏ពិតមែន ប៉ុន្តែហានិភ័យអាចកើតមានគ្រប់ពេល ចំពោះទារកដែលកើតមិនគ្រប់ខែ កុមារដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃគឺស្ថិតនៅក្នុងមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកផលលំបាកដូចគ្នា។

តាមការសិក្សាដែររបស់ Pediatrics បានបន្ថែមទៀតថាកុមារដែលមានប្រព័ន្ធភាពស៊ាំខ្សោយមានជំងឺប្រចាំកាយទោះបីជាគេមានអាយុលើស ៥ ឆ្នាំក៏ពិតមែនក៏ងាយនឹងប្រឈមជាមួយនឹងផលប៉ះពាល់ដូចគ្នាហើយក៏ងាយវិវត្តន៍ទៅរកបញ្ហាធ្ងន់ធ្ងរ។ ប្រហែលពាក់កណ្តាលនៃកុមារមានរោគសញ្ញាស្រាលដូចជាគ្រុនក្ដៅ អស់កម្លាំង ក្អក (ស្ទះ) និងអាចមានចង្អោរឬរាគ ច្រើនជាងមួយភាគបី (ប្រហែល ៣៩ ភាគរយ) បានធ្លាក់ខ្លួនឈឺក្នុងកម្រិតមធ្យមដោយមានរោគសញ្ញាបន្ថែមរួមមាន ជំងឺរលាកសួត ឬឺឈឺសួតដែលបានបង្ហាញដោយការធ្វើ CT ស្កេន ប៉ុន្តែមិនមានដង្ហើមខ្លីទេ និងប្រហែលជា ៤ ភាគរយមិនមានរោគសញ្ញាអ្វីទាំងអស់។

គិតមកទល់ពេលនេះ វីរុសកូវីដ ១៩ បានឆ្លងទៅកាន់មនុស្សច្រើនជាង ២០០,០០០នាក់ ទូទាំងសកលលោក ខណៈអ្នកស្លាប់កើនឡើងច្រើនជាង ៨,០០០នាក់ ក្នុងនោះអ៊ីតាលី បានក្លាយជាប្រទេសដែលាមានអត្រាអ្នកឆ្លង និងស្លាប់ច្រើនជាងគេ ពោលគឺច្រើនជាងនៅប្រទេសចិនដែលជាប្រទេសដើមកំណើតនៃការផ្ទុះវីរុសមួយនេះទៅទៀត៕

អត្ថបទទាក់ទង៖ កម្ពុជារកឃើញអ្នកឆ្លង ១០ករណីថ្មី​ មានម៉ាឡេស៊ី ៦នាក់ ក្នុង​នោះ​មាន ២ករណីដំបូង​ឆ្លងពីស្វាមី​

ដោយ៖ យ៉ាយ៉ា

 

X
5s