អាល្លឺម៉ង់សម្រេច​បិទ​ប្រទេស​​ទាំងមូល ​​ដូចនៅ អ៊ីតាលី អេស៉្បាញ និងបារាំង​ឬយ៉ាងណា?​



នាចុងសប្តាហ៍មុន អាល្លឺម៉ង់នឹងធ្វើសេចក្តីសម្រេចបិទព្រំដែនអាល្លឺម៉ង់ទាំងមូល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ដូចអ្វីដែលប្រទេសក្នុងតំបន់អ៊ឺរ៉ុបមួយចំនួនបានធ្វើកន្លងមក។

អាល្លឺម៉ង់ បានចាត់វិធានការរឹតត្បឹតមួយចំនួនរួចទៅហើយដូចជា ការបិទសាលា និង​ហាមឃាត់ការជួបជុំគ្នានៅតាមទីសាធារណៈជាដើម។ យ៉ាងណាក៏ដោយគិតត្រឹមពេលនេះ អាល្លឺម៉ង់នៅមិនទាន់រឹតត្បឹតប្រទេសទាំងមូលដូចជា អ៊ីតាលី អេស្ប៉ាញ ឬ បារាំងនៅឡើយទេ។

«យើងកំពុងតែតាមដានមើលឥរិយាបទរបស់ប្រជាពលរដ្ឋនាចុងសប្តាហ៍នេះ មុននឹងសម្រេចដាក់ចេញវិធានការរឹតត្បឹតណាមួយ» ​នេះបើតាមការដកស្រង់សម្តីរបស់លោកHelge Braun ក្នុងការសែត Der Spiegel។

លោក Helge Braun មានប្រសាសន៍ថា៖ «ការបិទប្រទេសមួយទាំងមូល គឺជាវិធានការដ៏ធ្ងន់ធ្ងរ យើងមិនចង់ឲ្យវាកើតឡើងឡើយ។»

លោកស្រី Angela Merkel និងបណ្តាប្រមុខរដ្ឋប្រចាំតំបន់នីមួយៗរបស់អាល្លឺម៉ង់នឹងជួបពិភាក្សាគ្នានា ថ្ងៃអាទិត្យនេះ ដើម្បីសម្រេចថាតើនឹងអនុម័តវិធានការរឹតត្បឹតប្រទេសអាល្លឺម៉ង់មួយទាំងមូលដែរឬទេ?

លោក Steve Alter អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញសង្គម Twitter របស់លោកថា មន្រ្តូីនៅតាមព្រំដែនកំពុងតាមវិធានការទៅលើផ្លូវអាការក្នុងតំបន់អ៊ឺរ៉ុប និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ការរឹតបន្ដឹងនេះធ្វើឡើងទៅលើការចូលមកក្នុងប្រទេសអាល្លឺម៉ង់ជើងហោះហើរពីអ៊ីតាលី អេស្ប៉ាញ បារាំង លុចសំបួរ ជាដើម។ 

គួររំលឹកផងដែរថា​ ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាក្នុងមួយរយៈចុងក្រោយនេះ ធ្វើឲ្យបណ្តាប្រទេសជាច្រើន រួមទាំងកម្ពុជាផង ត្រូវបង្ខំចិត្តបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩នេះ៕

អត្ថបទទាក់ទង៖ ជំងឺកូវីដ១៩​​ឆក់យកជីវិត​មនុស្សជាង ៦០០នាក់ទៀតនៅអ៊ីតាលីត្រឹមមួយថ្ងៃ ដោយសារមូលហេតុមួយនេះ​

ដោយ៖  ជា ឧត្តម្ភ

 

 

 

X
5s