WHO៖ បុគ្គលិកសុខាភិបាលប្រឈមនឹងការឆ្លង Covid-19 ខ្លាំងជាងគេ ពិសេសស្ត្រី
ខណៈកូវីដ ១៩ កំពុងវាយលុកខ្លាំងទូទាំងពិភពលោក អ៊ីតាលីជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេដោយសារកូវីដ ១៩ នៅពេលនេះបាននិយាយថា៖ “ការការពារសុវត្ថិភាពបុគ្គលិកសុខាភិបាលរបស់យើង ជាកត្តាអាទិភាពបំផុតនៅពេលនេះ” នេះបើតាមការចេញផ្សាយពីគេហទំព័រ Médecins Sans Frontières។
ប្រភពរូប៖ whyy.org
អ៊ីតាលីជាប្រទេសមួយដែលមានកំណើនអ្នកស្លាប់ដោយសារកូវីដ ១៩ ច្រើនជាងគេបំផុតគិតមកត្រឹមថ្ងៃទី ២៣ ខែមីនា ២០២០នេះ។ រយៈពេលត្រឹមតែមួយថ្ងៃ អ្នកស្លាប់នៅអ៊ីតាលីមានចំនួនរហូតដល់ ៦៥១នាក់ ខណៈអ្នកឆ្លងកើនឡើងជិត ៥ ៥០០នាក់ ពោលគឺច្រើនជាប្រទេសចិនដែលជាប្រទេសដើមកំណើតផ្ទុះវីរុសនេះទៅទៀត។
លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានផ្នែក Health Emergencies Program ប្រចាំអង្គការសុខភាពពិភពលោក (WHO) បានមានប្រសាសន៍ថា៖ “អ្នករងគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់បេសកកម្មប្រឆាំងកូវីដនៅពេលនេះគឺ បុគ្គលិកផ្នែកសុខាភិបាលជួរមុខរបស់យើងគ្រប់ផ្នែកទាំងអស់។” អ្វីដែលកាន់តែជាបញ្ហាជាងនេះទៀតគឺ ប្រព័ន្ធសុខាភិបាលពិភពលោកបច្ចុប្បន្នកំពុងជួបការខ្វះខាតឧបករណ៍សុវត្ថិភាព ជាហេតុនាំឲ្យបុគ្គលិកសុខាភិបាល (អ្នកថែទាំព្យាបាលអ្នកជំងឺ) ងាយទទួលរងហានិភ័យពីការឆ្លងរោគខ្ពស់។ ក្នុងនោះផងដែរ បុគ្គលិកសុខាភិបាលជាស្រ្តីងាយរងគ្រោះជាងគេ ហើយមូលហេតុសំខាន់ដែលនាំឲ្យស្រ្តីងាយរងគ្រោះថ្នាក់ ពិសេសងាយឆ្លងគឺ ស្រ្តីជាអ្នកផ្តល់ការមើលថែព្យាបាលបឋមដល់អ្នកជំងឺ។
ប្រភព៖ deccanherald.com
ការចម្លងវីរុសទៅកាន់ក្រុមគ្រូពេទ្យជារឿងមួយគ្រោះថ្នាក់បំផុត។ កាលពីប៉ុន្មានសប្ដាហ៍មុន មន្ត្រីក្រសួងសុខាភិបាលអាមេរិក បានណែនាំឲ្យវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាព្យាបាលអ្នកជំងឺ ពាក់ម៉ាស់ N95 និងឧបករណ៍សម្រាប់ដកដង្ហើម ដែលរចនាឡើងការពារចុណ្ណភាគទឹក (ដំណក់ទឹកតូច) និងច្រោះខ្យល់ និងភាគល្អិតផ្សេងទៀតបាន ៩៥% ប៉ុន្តែឥឡូវនេះមន្រ្តីកំពុងដាក់កម្រិតលើការប្រើប្រាស់របស់ពួកគេ ដើម្បីសន្សំខ្លះព្រោះស្តុកដែលនៅសល់អាចបំពេញតម្រូវការត្រឹម ១% ប៉ុណ្ណោះ បើតាមអ្នកជំនាញធ្វើការព្យាករណ៍ នេះបើតាមការចេញផ្សាយពី latimes.com។
យោងតាមការចេញផ្សាយពីគេហទំព័រ Médecins Sans Frontières ដដែលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ បុគ្គលិកសុខាភិបាលជាង ៣ ៥០០ នាក់នៅក្នុងអ៊ីតាលីបានធ្វើតេស្ត៍វិជ្ជមានលើករណីកូវីដ ១៩ នេះ ហើយវាជាកត្តាប្រឈមខ្លាំងបំផុតរបស់ប្រទេសមួយនេះក្នុងការបាត់បង់ធនធានមនុស្ស បាត់បង់អ្នកព្យាបាលជំងឺចំពោះមុខ និងអត្រានៃអ្នកស្លាប់កានតែច្រើនជាងនេះទៀត។ អ្វីដែលកាន់តែអាក្រក់ជាងនេះគឺ ក្នុងករណីដែលអត្រាបុគ្គលិកសុខាភិបាលឆ្លងវីរុសនេះកាន់តែច្រើន អត្រានៃការចម្លងទៅប្រជាជន (អ្នកដែលមិនទាន់ឆ្លង) ក៏កាន់តែខ្ពស់ដូចគ្នា។
នៅពេលមេរោគឆ្លងនេះបន្តរីករាលដាលពាសពេញពិភពលោក អ្នកជំនាញថែទាំសុខភាពនិងអ្នកជំនាញមួយចំនួនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិធីដែលវីរុសអាចប៉ះពាល់ដល់ស្ត្រី ព្រោះអត្រាគ្រោះថ្នាក់ចំពោះស្រ្តីគឺមានខ្ពស់។ សារព័ត៌មាន CNBC បានឲ្យដឹងថា ផ្អែកតាមការស្រង់មតិនៃការរិយាល័យជំរឿនអាមេរិក ស្ត្រីដែលជាបុគ្គលិកសុខាភិបាលកំពុងបំរើការងារព្យាបាល និងថែទាំអ្នកជំងឺកូវីដ ១៩ ពេលនេះមានប្រមាណ ៧៦% ខណៈអ្នកជំងឺជាស្រ្តីមានចំនួន ៨៥% ច្រើនជាងបុគ្គលិកសុខាភិបាល។
ប្រភពរូប៖ xinhuanet.com
ប្រភពដដែលបានធ្វើការសាកសួរទៅគិលានុបដ្ឋាយិកាសុំមិនបញ្ចេញឈ្មោះម្នាក់ពីការបំពេញបេសកកម្មរបស់នាង ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដនៅវ៉ាស៊ីនតោន ឌី.ស៊ី គិលានុបដ្ឋាយិកានេះបាននិយាយថា៖ “វាគួរឲ្យព្រួយបារម្ភ និងគួរឲ្យខ្លាចបន្តិចដែរ ព្រោះពួកយើងជាអ្នកប្រយុទ្ធជួរមុខ ជាអ្នកប្រឈមខ្លាំងជាមួយវីរុសមួយនេះ។ កាលពីមុននាងធ្វើការមើលថែអ្នកជំងឺផ្តាសាយ របេង និងជំងឺឆ្លងដទៃទៀត តែមិនមែនកូវីដទេ ព្រោះពេលនេះកូវីដខុសពីអ្វីដែលនាង និងក្រុមគ្រូពេទ្យធ្លាប់បានជួបកាលពីមុន"។
នាងបន្ថែមទៀតថា៖ “សំខាន់ មកទល់ពេលនេះកូវីដ ១៩ មិនទាន់មានវ៉ាក់សាំងការពារ ឬព្យាបាលបាននៅឡើយទេ ហើយការឆ្លងយ៉ាងឆាប់រហ័សពីមនុស្សម្នាក់ទៅមនុស្សម្នាក់នេះ ធ្វើឲ្យបុគ្គលិកសុខាភិបាលទាំងអស់ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត”។
ការសិក្សាមួយធ្វើឡើងដោយអ្នកជំនាញចិនបានបង្ហាញថា បុរសងាយនឹងស្លាប់ដោយសារជម្ងឺ COVID-19។ តែទោះជាការសិក្សាបញ្ជាក់ថាបែបនេះក្តី អ្នកជំនាញនៅតែអះអាងថាស្ត្រីមានហានិភ័យខ្ពស់ក្នុងការទទួលរង និងឆ្លងវីរុសនេះដោយសារតែតួនាទីរបស់ពួកគេក្នុងការថែទាំសុខភាពអ្នកជំងឺ។ តាមការឲ្យដឹងពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា បុគ្គលិកសុខាភិបាលថែទាំព្យាបាលអ្នកជំងឺទូទាំងពិភពលោកក្នុង ១០៤ប្រទេស មានស្រី្តប្រមាណជាង ៧០% បើនិយាយពីនៅខេត្តហ៊ូបៃមួយមានស្រ្តីជាង ៩០% ឯណោះ។
Nancy Nielsen អតីតប្រធានសមាគមវេជ្ជសាស្ត្រអាមេរិកនិយាយថា៖ “វាសំខាន់ណាស់ដែលត្រូវយល់ថា បុគ្គលិកថែទាំសុខភាពងាយទទួលរងគ្រោះថ្នាក់ ហើយពួកគេត្រូវការការពារដោយឧបករណ៍ការពារសុវត្ថិភាពដើម្បីការពារការឆ្លង។ លោកស្រីមានប្រសាសន៍ថាទៀត “យើងបានឃើញការស្លាប់គួរឱ្យសោកសៅក្នុងចំណោមអ្នកជំនាញថែទាំសុខភាពទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅក្រៅប្រទេស។” បើគិតពីនៅប្រទេសចិន យ៉ាងហោចណាស់មានបុគ្គលិកសុខាភិបាលថែទាំសុខភាពចំនួន ៣,៣០០ នាក់បានឆ្លងវីរុសនេះហើយមនុស្ស ១៣ នាក់បានស្លាប់ នេះបើតាមការឲ្យដឹងពីអាជ្ញាធរសុខាភិបាលចិន៕
អត្ថបទទាក់ទង៖ Covid19៖ ៣ថ្ងៃចុងក្រោយនេះ ថៃរកឃើញ ៣៩៩ករណីថ្មី មួយចំនួនតូចឆ្លងមកកម្ពុជា
ដោយ៖ យ៉ាយ៉ា